ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយមន្ត្រីជំនាញជលផល បង្ក្រាបឧបករណ៍បទល្មើស
នេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ នៅពីរគោលដៅ ស្ថិតនៅតំបន់បឹងរាល ប្រទះជាល និងតំបន់កក់វាល នៅក្នុងស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដោយបានបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ប្រវែងប្រមាណជាង ២៥០ម៉ែត្រ ឡុកចំនួន ៣ឡុក ព្រមទាំងបំផ្លាញចោលបង្គោលរបាំងប្រមាណជាង ២៥០ដើម និងបានចាក់លែងកូនត្រីចម្រុះដែលកំពុងកូនមួយចំនួនផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ នៅក្នុងរដូវបិទនេសាទអស់រយៈពេលជិតបីខែកន្លងទៅនេះ ក្រុមជនប្រព្រឹត្តបទល្មើសមួយចំនួននៅតែបន្តលួចដាក់ឧបករណ៍នេសាទខុសច្បាប់នៅតំបន់ជ្រៅ ក្នុងព្រៃរនាម ដែលលាក់កំបាំង និងភ្នែកកម្លាំងចម្រុះរបស់យើង ហើយត្រូវបានកងកម្លាំងយើងបង្ក្រាបបានប្រវែងរាប់ម៉ឺនម៉ែត្រ ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរថា ចំពោះរបាំងស្បៃមុង និងរបាំងសាច់អួនខុសច្បាប់ដែលមានក្រឡាញឹក ក្រុមជនល្មើសតែងតែលួចដាក់បង្កប់ក្រោមទឹក ដែលកងកម្លាំងចម្រុះរបស់យើង លំបាកក្នុងការស្រាវជ្រាវរក និងបង្ក្រាប លុះត្រាតែព្យាយាមទើបបង្ក្រាបទទួលបានជោគជ័យ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចម្រុះ ពិសេសកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការបន្តបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ឃុំពាមបាង និងឃុំចំណាយក្រោម ស្រុកស្ទោង ព្រមទាំងឃុំផាត់សណ្ដាយ និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឱ្យបានជាប្រចាំ ដើម្បីឲ្យផលត្រីរបស់យើងសម្បូរឡើងវិញសម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា និងទូទាំងប្រទេស ។
នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងភេសជ្ជៈមួយចំនួន ឧបត្ថម្ភជូនដល់កងកម្លាំងចម្រុះ រួមជាមួយកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដេីម្បីសកម្មភាពការងារឲ្យដូចភ្លៀងរលឹម ដេីម្បីសង្គមជាតិ និងប្រជាជនកម្ពុជា ។





































