ដោយ វេហាស៍
កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីនីតិវិធី ស៊ើបអង្កេត ករណីជួញដូរមនុស្សគ្រប់ទម្រង់ និងកំណត់អត្តសញ្ញាណជនរងគ្រោះ ដល់សិក្ខាកាមជា
មន្ត្រីនគរបាលជាតិ ប្រមាណជិត ២០០នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានរាយការណ៍អំពីស្ថានភាព លក្ខណៈភូមិសាស្ត្រខេត្ត កិច្ចការងារ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ព្រមទាំងរចនាសម្ព័ន្ធ ស្ថានភាពកងកម្លាំងនគរបាលខេត្តកំពង់ធំ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមប្រធានគណៈអធិបតី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបើកវគ្គបណ្ដុះបណ្ដាល បំប៉នជំនាញ រយៈពេលខ្លី ស្ដីពី នីតិវិធីស៊ើបអង្កេត ករណីជួញដូរមនុស្សគ្រប់ទម្រង់ និងកំណត់អត្តសញ្ញាណជនរងគ្រោះ ដល់សិក្ខាកាម ជាមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាឱកាសនេះ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះបងប្អូនកងកម្លាំងដែលកំពង់អនុវត្ត តួនាទី ភារកិច្ច យ៉ាងសស្រាក់សស្រាំ តាមគោលដៅសំខាន់ៗ ទូទាំងខេត្ដ សំដៅ បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ធានា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ។
ឯកឧត្តម បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល មានរយៈពេល ០២ថ្ងៃ (២៥-២៦ ខែ កញ្ញា ឆ្នាំ២០២៥) សិក្ខាកាមចំនួន ១៥៤រូប ស្រី ២៣រូប មកពីការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូឧទ្ទេសនាម បានលើកយកមេរៀនចំនួន ០៤ សំខាន់ៗ រួមមាន : ១.ការស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់។ ២.ច្បាប់អន្តរជាតិ ស្តីពីការទប់ស្កាត់ ការបង្រា្កប និងផ្ដន្ទាទោសការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ។ ៣.ការកំណត់អត្ដសញ្ញាណជនរងគ្រោះ។ ៤.នីតិវិធីស៊ើបអង្កេតស្រាវជ្រាវប្រមូលភស្តុតាង ក្នុងរឿងក្តីជួញដូរមនុស្ស។
ឯកឧត្តម បានផ្ដាំផ្ញើ ដល់សិក្ខាកាម ត្រូវខិតខំយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ កត់ត្រា និងសាកសួរនូវចំនុច ទាំងឡាយដែលមិនទាន់បានយល់ច្បាស់ ចូលរួមឲ្យបានផុសផុល ដើម្បីទទួលយកចំណេះដឹងល្អៗ បទពិសោធន៍ថ្មី យកទៅលើអនុវត្ត ភារកិច្ច ជាប្រចាំថ្ងៃ សម្រេចបានជោគជ័យ ជូនថ្នាក់ដឹកនាំ អង្គភាព និងប្រទេសជាតិ ៕






































