ខេត្តមណ្ឌលគិរី៖ ជំនន់ទឹកភ្លៀងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី នាច្រើនថ្ងៃកន្លងមកនេះ ខណៈនេះបានស្រកចុះជាបណ្តើរៗវិញហើយ បន្ទាប់ពីបានជន់លិចក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។ នៅព្រឹកថ្ងៃទី២៤កញ្ញា២០២៥នេះ ប្រជាពលរដ្ឋមួយចំនួនបានវិលត្រឡប់ទៅកាន់លំនៅឋានវិញហើយដែរ ។
អភិបាលស្រុកកោះញែក លោក សី ទូច បានប្រាប់ឲ្យដឹងថា ទឹកជំនន់នេះកើតឡើងដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ នៅលើដែនដីរដ្ឋបាលខេត្តមណ្ឌលគិរី ដែលធ្វើឱ្យកម្ពស់ទឹកទន្លេស្រែពកឡើងខ្ពស់ ហើយស្រុកកោះញែក ដែលនៅជាប់នឹងទន្លេក៏រងផលប៉ះពាល់យ៉ាងខ្លាំងពីរបបទឹកជំនន់នេះផងដែរ ។
លោកអភិបាលស្រុកកោះញែក បានបន្តថា តែទោះជាបែបនេះក្តី មិនមានប្រជាពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយសារអាជ្ញាធរបានជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ។ ហើយរហូតមកទល់ពេលនេះ ក៏នៅមិនទាន់អាចវាយតម្លៃពីទំហំ នៃការខូចខាតសរុបបាននៅឡើយទេ ព្រោះទឹកមិនទាន់ស្រកអស់ទាំងស្រុង ដែលធ្វើឱ្យការពិនិត្យមិនទាន់អាចធ្វើទៅបានគ្រប់ជ្រុងជ្រោយ។
លោក សី ទូច បានបញ្ជាក់ថា ផលប៉ះពាល់បឋមដោយសារជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួន ៦ឃុំ ដែលរងផលប៉ះពាល់ រួមមាន៖ ឃុំណងឃីលិកមានផ្លូវ ៤កន្លែង ត្រូវបានលិចទឹក មានប្រវែងប្រហែល ១,០៨០ម៉ែត្រ ,ឃុំអរបួនលើ មានផ្លូវទូទាំងឃុំត្រូវបានលិចទឹក និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ១៥៥ខ្នង ស្មើនឹង ១៨០គ្រួសារ ,ឃុំរយ៉មានផ្លូវ ២ខ្សែ ប្រវែង ៨០០ម៉ែត្រ និងប៉ះពាល់ផ្ទះ ១០០ខ្នង ,ឃុំសុខសាន្ត មានផ្លូវសរុបទូទាំងឃុំ ប្រវែង ៣,៥០០ម៉ែត្រត្រូវបានលិច សាលាបឋមសិក្សាសុខសាន្តក៏រងផលប៉ះពាល់ ,ទំនប់អូរវល់ក្នុងភូមិស្រែធំ ត្រូវបានខូចខាតទាំងស្រុង រីឯទំនប់អូរណំក្នុងភូមិក្តង់ឡែវិញ ទឹកបានហូរច្រោះលើខ្នងទំនប់ទាំងស្រុង ១,៤០០ម៉ែត្រ ,ឃុំស្រែហ៊ុយមានផ្លូវសរុបប្រវែង ៥,៥០០ម៉ែត្រត្រូវបានលិចទឹក ។ ចំណែកឯឃុំស្រែសង្គមវិញ វត្តចំនួន ២ គឺវត្តគិរីរម្យ និងវត្តរតនមណ្ឌលរង្សី រងផលប៉ះពាល់ សាលាបឋមសិក្សាហ៊ុន សែនកោះញែក ក៏ត្រូវបានលិចទឹកផ្លូវលំឃុំជាប់មាត់ច្បារ និងផ្លូវគម្រោងមន្ទីរអភិវឌ្ឍន៍ក៏ត្រូវបានជន់លិច និងផ្ទះប្រជាពលរដ្ឋ ១៥ខ្នង ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។
នៅថ្ងៃទី២៣កញ្ញាម្សិលមិញ កម្លាំងនគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៅភូមិឃុំចំនួន ៤ ក្នុងស្រុកកោះញែក រួមមាន៖ ភូមិអន្ទ្រេះ ភូមិអរបួនលើ ភូមិឈូល ភូមិស្រែសង្គម និងឃុំស្រែហ៊ុយ ។
នៅក្នុងដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនោះ លោកស្នងការនគរបាលខេត្ត បានជំរុញអធិការនគរបាលស្រុកកោះញែក និងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តយកចិត្តទុកដាក់លើសុវត្ថិភាពប្រជាពលរដ្ឋ និងត្រៀមជួយសង្គ្រោះពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងដោះស្រាយបញ្ហាចាំបាច់មួយចំនួន ឱ្យបានទាន់ពេលវេលា៕ដោយ៖ឡុង សំបូរ





































