អភិបាលខេត្តព្រះវិហារ នាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួនពីរ ក្នុងស្រុកត្បែងមានជ័យ

0

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានអញ្ជើញដឹកនាំក្រុមការងារ នាំយកទេយ្យទាន ទេយ្យវត្ថុ (គ្រឿងឧបភោគបរិភោគ) និងបច្ច័យ ទៅប្រគេនព្រះសង្ឃចំនួន ២វត្ត គឺ វត្តពោធិ៍កែវមានជ័យ និងវត្តទួលឧត្តម ហៅវត្តប្រមេរ ស្ថិតក្នុងស្រុកត្បែងមានជ័យ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ។

ការប្រគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃទាំងពីរវត្ត ក្រោយបញ្ចប់បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនាពេលនោះ ដើម្បីជាបច្ច័យដល់ការសិក្សាធម៌វិន័យ ការចំណាយផ្សេងៗ និងឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មាន៖ មាតា បិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងវីរយុទ្ធជនពលីជីវិត ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ មាតុភូមិ និងបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានទឹកដីពីសំណាក់ទាហានសៀម សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតទ្បើយ។

ស្របពេលជាមួយគ្នានោះ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរកងទ័ព និងកងនគរបាលជួរមុខ ដែលបម្រើជាតិដោយអង់អាចក្លាហាន សូមជូនពរឱ្យមានសុវត្ថិភាព និងជ័យជម្នះគ្រប់ភារកិច្ចចំពោះមុខជានិច្ច។

លោកអភិបាលខេត្ត បានលើកហត្ថប្រណមប្រសិទ្ធពរជ័យ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ជនរួមជាតិខ្មែរទាំងអស់ និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព សូមឱ្យជួបតែសេចក្តីសុខ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ឡុង សំបូរ