ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានដាក់គោលការណ៍ ០៤ ចំនុចដល់កងកម្លាំងនគរបាល គោរពអនុវត្ត ឱ្យទទួលបានជោគជ័យ

0

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីនីតិវិធី ស៊ើបអង្កេត ករណីជួញដូរមនុស្សគ្រប់ទម្រង់ និងកំណត់អត្តសញ្ញាណជនរងគ្រោះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រសៀលថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ដ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង ដែលបានដឹកនាំក្រុម ការងារបើកវគ្គបណ្តុះបណ្តាលជំនាញ នេះឡើង គឺដើម្បីពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព ដល់មន្ត្រីជំនាញ ឱ្យទទួលបានបទពិសោធន៍ថ្មីៗ កាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង បានថ្លែងអំណរអរគុណ ដល់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងសហការី ព្រមទាំងសិក្ខាកាម ដែលបានយកចិត្តទុកដាក់ បង្ករបរិយាកាស ដល់វគ្គបណ្តុះបណ្តាលដំណើរការទៅដោយមានភាពរលូន ស្របតាមការរំពឹងរបស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

បន្ថែមពីនេះ ឯកឧត្តម បានផ្ដាំផ្ញើ ដល់កងកម្លាំងទាំងអស់ត្រូវអនុវត្ត ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់÷ ទី១.បង្កើននសមត្ថភាពខ្លួនឯងស្របតាមសម័យ ឌីជីថល តាមរយៈការទាញយកចំណេះដឹង បទពិសោធន៍ ពីការស្រាវជ្រាវតាមបណ្ដាញសង្គម រកបានយកមកសិក្សា បន្ថែមចំណេះដឹង ពិសេសច្បាប់។ ទី២.បង្កើនពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពតាមឋានានុក្រម។ ទី៣.ចៀសឆ្ងាយឱ្យពីបទល្មើស (មិនចូលរួម មិនការពារ មិនពាក់ព័ន្ធ)។ ទី៤.បង្កើនការយកចិត្តទុកដាក់ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស គ្រប់ប្រភេទ។

បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងកោតសរសើរចំពោះសិក្ខាកាម ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ សិក្សារៀនសូត្ររយៈពេលកន្លងមក រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ លោកសង្ឃឹមជឿជាក់ថា អស់លោក លោកស្រី នៅពេលវិលត្រលប់ទៅបម្រើការងារ តាមអង្គភាពសាម៉ីខ្លួនវិញ នឹងនាំយកចំណេះដឹង បានមកពីវគ្គបណ្តុះបណ្តាល ទៅអនុវត្ត សម្រេចបានជោគជ័យ ជូនថ្នាក់ដឹកនាំ និងសង្គមជាតិ៕