កាកបាទក្រហមកម្ពុជា ផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋរងគ្រោះទឹកជំនន់ជិត ១ពាន់គ្រួសារ នៅក្នុងខេត្តមណ្ឌលគិរី

0

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋគ្រោះដោយទឹកជំនន់ ៩៥០គ្រួសារ នៅស្រុកកោះញែក និងស្រុកកែវសីមា នៃខេត្តមណ្ឌលគិរី ទទួលបានអំណោយសង្គ្រោះបន្ទាន់ពី កាកបាទក្រហមកម្ពុជា  ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា។

ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវគេមើលឃើញថា តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ពលរដ្ឋងាយរងគ្រោះ និងពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយគ្មានការរើងអើងអ្វីឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»ជានិច្ច។

ដើម្បីឆ្លើយតបតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សចំនួន ៩៥០គ្រួសារ នៅស្រុកកោះញែក និងស្រុកកែវសីមា នៃខេត្តមណ្ឌលគិរី។

ពិធីជួបសំណេះសំណាល និងចែកអំណោយរយៈពេល ២ថ្ងៃ(២៧-២៨កញ្ញា២០២៥)នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា , អ្នកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខា និងលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដែលបានធ្វើឡើងនៅទីតាំង ៣ផ្សេងៗគ្នា នៃប្រជាជនរងគ្រោះ ៩៥០គ្រួសារ គឺ៖ ១-ក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន កោះញែក ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក សម្រាប់ប្រជាជនរងគ្រោះ ៥០១គ្រួសារ មកពីឃុំស្រែសង្គម ឃុំស្រែហ៊ុយ និងឃុំរយ៉ ,២-អនុវិទ្យាល័យសុខសាន្ត ស្ថិតក្នុងភូមិទួល ឃុំអបួនលើ ស្រុកកោះញែក សម្រាប់ប្រជាជនរងគ្រោះ ២៩០គ្រួសារ មកពី ឃុំអបួនលើ និងឃុំសុខសាន្ត និង៣-វិទ្យាល័យមេម៉ង់ សម្រាប់ប្រជាជនរងគ្រោះ ១៥៩គ្រួសារ មកពីឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ដោយគ្រួសាររងគ្រោះនីមួយៗ ទទួលបាន អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។

បន្ទាប់មក អ្នកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខា និងលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យស្ថានភាពទូទៅ នៃហេដ្ឋារចនាសម្ព័ន្ធនានា និងដំណាំរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ។

អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី លោក ថង សាវុន បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងកន្លងមក នៅខេត្តមណ្ឌលគិរី បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ១ពាន់គ្រួសារ សត្វពាហនៈមួយចំនួន ត្រូវបានងាប់ ខូចខាតដំណាំ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅស្រុកកោះញែក និងស្រុកកែវសីមា តែមិនបណ្តាលឱ្យមានប្រជាពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា ​លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេស្រែពក សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង និងស្វែងរកទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន ហើយអាជ្ញាធរមូលដ្ឋាន នៅតែបន្តចាំជួយជម្លៀសប្រជាពលរដ្ឋ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗដែលបណ្ដាលមកពីទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ៕ដោយ៖ឡុង សំបូរ