កំពង់ធំ÷ដោយមានការយកចិត្តទុកដាក់ពីលោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាបញ្ញាសាទ ខេត្តកំពង់ធំ បានចាត់ឱ្យលោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ភ្នាក់ងារសុខភាពសត្វភូមិ មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និង
បរិស្ថានស្រុកបារាយណ៍ និងមន្ត្រីកសិកម្មឃុំ ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ/ឃុំ បានចុះពិនិត្យ ព្យាបាលសត្វគោ ដែលមានជំងឺអ៊ុចក្តាម បានចំនួន២៥ក្បាក នៅភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។
លោក ចាន់ បញ្ញាវ័ន្ដ បានលើកឡើងថា ការចុះពិនិត្យនិងព្យាបាលជំងឺអ៊ុចក្តាមដល់សត្វគោជូនប្រជាពលរដ្ឋជាលទ្ធផលសម្រេចចាក់បានសត្វគោសរុប២៥ក្បាល និងបានផ្តល់ជូនថ្នាំព្យាបាលមួយចំនួន ដល់មន្ត្រីបសុព្យាបាលស្រុក ភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ចុះចាក់ និងព្យាបាលសត្វក្នុងមូលដ្ឋានរបស់គាត់។
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានអំពាវនាវដល់ប្រជាកសិករ ដែលជាម្ចាស់សត្វឱ្យនាំយកសត្វគោមកចាក់ការពារជំងឺឆ្លងផ្សេងៗ បន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំ និងបានណែនាំពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ម្យ៉ាងវិញទៀតត្រូវត្រៀមចំណីបំរុងទុកសម្រាប់សត្វ និងនាំសត្វទៅរកទីទួលសុវត្ថិភាពនារដូវទឹកជំនន់នេះ ប្រសិនបើមានសត្វឈឺក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីក្រុមការងារជំនាញចុះធ្វើការទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។ អត្ថបទ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ
សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យនិងព្យាបាលសត្វគោដែលមានជំងឺអ៊ុចក្តាមបាន២៥ក្បាល ជាក់ស្ដែងបានចាក់ការពារជំងឺចំនួន១៥ក្បាល ចំណែកឯ១០ក្បាលទៀត ទុកឱ្យភ្នាក់ងារសុខភាពសត្វភូមិ និងមន្ត្រីទទួលបន្ទុកផ្នែកសុខភាពសត្វ និងផលិតសត្វស្រុក ចាក់បន្តដោយសារម្ចាស់ផ្ទះចិញ្ចឹមគោគាត់អត់នៅ។ បើសង្ស័យថាគោមានជំងឺ សូមបងប្អូនដែលមានសត្វគោ ឱ្យរស់នៅឆ្ងាយពីគ្នា ដើម្បីកុំឱ្យឆ្លងទៅសត្វដទៃទៀត។





































