កំពង់ធំ÷ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ និងគណៈកម្មការសហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ សហការជាមួយកម្លាំងទីបញ្ជាការស្រាល ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចទួលអង្កាញ់ ក្នុងភូមិសាស្ត្រភូមិក្រសាំងខ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។
ជាមួយគ្នានេះផងដែរលោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប កម្លាំងយោធភូមិភាគទី៤ បានដឹងនាំកម្លាំងសង្កាត់ជលផលពាមបាង មន្រី្តខណ្ឌ និងមន្រ្តីកិច្ចសន្យា កម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចតាអួសទល់ចំណុចជ្រោយធំ រហូតដល់ចំណុចដំរីកូន ក្នុងភូមិសាស្រ្តភូមិឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក កែវ សុឃឿន មន្រ្តីសង្កាត់ជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) ចូលរួមជាមួយទីបញ្ជាការស្រាលកោះរះបានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចទឹកស ស្នោទទឹងអាងទឹកទន្លេជុំស្ថិតនៅក្នុងភូមិសាស្រ្តឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាល បានចុះល្បាតនៅតំបន់អន្លង់ព្រីង,បឹងព្រោះ ប្រជាពលរដ្ឋមិនទាន់បានចុះទៅបង្កបង្កើលផលស្រូវទេ។ លោក យ៉េង យ៉ាន នាយរងសង្កាត់រដ្ឋបាលជលផលស្ទឹងសែន សហការជាមួយកម្លាំងសឹករងក្រុងស្ទឹងសែន ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅតំបន់វាលក្រោម ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
កម្លាំងចម្រុះជំនាញ នៅតែបន្តចុះបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០១ករណីបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៤៣របាំង ប្រវែង២.១៧៤ម៉ែត្រ ឡុកចំនួន៤៩គ្រឿង លូស្បៃមុងចំនួន៦៤មាត់ បង្គោលចំនួន១.៣៩៩ដេីម និងចាក់លែងត្រីចំនួន១០៥គីឡូក្រាមចូលទន្លេវិញ។ ចំពោះការប្រើប្រាស់មធ្យោបាយកាណូតចំនួន៥គ្រឿង បានប្រើប្រាស់ប្រេងសាំងអស់ចំនួន១៩០លីត្រ។
សូមបញ្ជាក់ផងដែរថា ប្រជានេសាទដោយប្រើឧបករណ៍ហាមឃាត់(ឆក់ត្រជាក់) វត្ថុតាងរួមមាន÷ ទូកចំនួន០១គ្រឿង ប្រវែង៥.៤ម៉ែត្រ ភ្ជាប់ម៉ាស៊ីនហ៊ីយូតា២០សេះពណ៌ក្រហម០១គ្រឿង ដុំភ្លើងឆក់០១គ្រឿងអាគុយចំនួន០១គ្រឿង កន្ត្រកដួសត្រី១ ខ្សែររួស២ខ្សែរខ្សែភ្លើងប្រវែង៧ម៉ែត្រ ត្រីចំនួន៦គីឡូក្រាម ជនសង្ស័យរត់គេចខ្លួន។ ចំពោះឈ្នក់បានចំនួន១គ្រឿង សាច់ឈ្នក់ទំហំ(១៣ម៉ែត្រx១៣ម៉ែត្រ x៨ម៉ត្រ) អាគុយចំនួន១គ្រឿងអំពូលបំភ្លឺចំនួន១គ្រឿង ខ្សែចងចំនួន៣០ម៉ែត្រ និងបង្គោល៤ដើមផងដែរ៕






































