កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ មាតាបិតា អាណាព្យាបាលគ្រប់រូប សូមនាំកូន ចៅ មកចុះឈ្មោះចូលរៀន និងផ្តល់ការគាំទ្រ លើកទឹកចិត្ត បង្រៀនបន្ថែមតាមគ្រប់រូបភាព ហើយត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនឱ្យ ពួកគាត់ខិតខំរៀនសូត្រឱ្យបានគ្រប់ពេលវេលាផងដែរ។ ការថ្លែងបែបនេះក្នុងពិធីបើក
បវេសនកាលថ្មីឆ្នាំសិក្សា២០២៥-២០២៦ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តដល់ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រធ្វើខ្លួនឱ្យក្លាយជា “កូនល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អ” ត្រូវចៀសវាងការប្រព្រឹត្ត អំពើមិនគប្បីទាំងឡាយ ដែលជាកង្វល់ក្នុងគ្រួសារ និង សង្គមជាតិទាំងមូល ពោលគឺត្រូវចងចាំថា ក្មួយៗគឺជាអ្នកកាន់កូនសោសម្រាប់បើក ជោគវាសនា របស់ខ្លួននាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ ដែលអាច បើកផ្លូវឱ្យ ក្មួយៗទាំងអស់ទទួលបានអនាគតដ៏រុងរឿងនោះ ។
ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់លោកគ្រូអ្នកគ្រូទាំងអស់ ត្រូវដើរតួជាបុគ្គលនាំមុខ ជា ឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៏ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំ ប្រឹងប្រែងអភិវឌ្ឍ សមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំង ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានស្នើដល់មន្ទីរអប់រំ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវ ខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អរូបវ័ន្ត ដើម្បីឱ្យ សាលារៀនរបស់យើងក្លាយទៅជា សាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព និងបន្តលើកកម្ពស់សុខភាពសិក្សា និងសុខុមាលភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ ៕






































