ធ្នឹមតភ្ជាប់សំណង់អគារដ៏ធំ ទម្ងន់ ១៨០០តោន របស់ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អ៊ិនវេសម៉ិន ឯ.កនៃគម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ នៅក្រុងព្រះសីហនុត្រូវបានដំឡើង

0

ខេត្តព្រះសីហនុ៖ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធី ដំឡើងធ្នឹមតភ្ជាប់សំណង់អគារដ៏ធំ ទម្ងន់ ១៨០០តោន របស់ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អ៊ិនវេសម៉ិន ឯ.ក (Peninsula Bay Investment Co., Ltd.)ដែលជាគម្រោងអភិវឌ្ឍសណ្ឋាគារលំដាប់ ផ្កាយប្រាំ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅជិតទីលានតេជោ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

គម្រោងរបស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd. នេះ កំពុងដំណើរការសាងសង់ លើផ្ទៃដី សរុប ប្រមាណ ១៦ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងប្រមាណ ៥៧៤ លានដុល្លារអាមេរិក។ តាម ការវាយតម្លៃ របស់ក្រុមហ៊ុន នៅពេលបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៨ ទុនវិនិយោគនឹងកើនឡើងដល់ប្រមាណ ១ ពាន់លានដុល្លារអាមេរិក ដែលនឹងក្លាយជាគម្រោងដ៏សំខាន់មួយនៅក្នុងខេត្តព្រះសីហនុ។ គិតមកដល់បច្ចុប្បន្ន គម្រោងទាំងមូលបានសាងសង់រួចរាល់ប្រមាណ ៤៥ភាគរយ ហើយក្នុងនោះ អគារសណ្ឋាគារលំដាប់ផ្កាយប្រាំ (កម្ពស់ ៣៧ ជាន់ ចំនួន ២,៨៧០ បន្ទប់) បានសង់ដល់កម្ពស់ ៣០ ជាន់។ ដោយឡែកអគារការិយាល័យ និងខុន ដូរ បានប្រមាណ ៨០ភាគរយ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខ នេះ។

ការដំឡើងធ្នឹម ត្រូវបានដំឡើងតភ្ជាប់សំណង់អគារសណ្ឋាគារនាពេលនេះ មានទម្ងន់សរុបប្រមាណ ១,៨០០ តោន ដែលមានបណ្តោយប្រវែង ៥០ម៉ែត្រ និងទទឹង ២៥ ម៉ែត្រ។ ការងារស្ទូចដែកតំណរជាឆ្អឹង អាគារនេះ ត្រូវបានលើកឡើងកម្ពស់ ១៣ ជាន់ស្មើនឹង ៥៩ ម៉ែត្រ ដោយភ្ជាប់ពីជាន់ទី១៣ ដល់ជាន់ទី១៦ ក្នុងល្បឿន ៥ ម៉ែត្រក្នុងមួយម៉ោង និងប្រើប្រាស់ពេល ២ថ្ងៃ។ ភាពជោគជ័យនៃការដំឡើងធ្នឹមដ៏ធ្ងន់នេះ បានបង្ហាញពីសមត្ថភាពបច្ចេកទេស និងវឌ្ឍនភាពដ៏លឿនរបស់គម្រោង។សំណង់នៃអគារបានចាប់ផ្តើមសាងសង់តាំងពី ដើមឆ្នាំ២០២៤ ដោយគម្រោងនេះបាន ផ្តល់ឱកាស ការងារសរុបប្រមាណ ៣,០០០ នាក់ និងប៉ាន់ស្មានថានឹងផ្តល់ ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៥,០០០ នាក់ នៅពេលបញ្ចប់។

គម្រោងនេះត្រូវបានបែងចែកជា ២ តំបន់៖ * តំបន់ B: អគារខុនដូរ និងអគារពាណិជ្ជកម្ម គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៦។* តំបន់ A: សណ្ឋាគារលំដាប់ផ្កាយ៥, ផ្សារទំនើប និងសួនកម្សាន្តផ្សេងៗ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។ការអភិវឌ្ឍដ៏ធំនេះ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់ពាណិជ្ជកម្ម និងទេសចរណ៍លំដាប់អន្តរជាតិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជា ដៃគូសហការ ដ៏សំខាន់ជាមួយសណ្ឋាគារអន្តរជាតិ Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG) ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត។ កិច្ចសហការនេះមានគោលបំណងជំរុញទំនាក់ទំនងជាមួយក្រុម ហ៊ុន បរទេសដើម្បីនាំយកផលិតផលគុណភាពខ្ពស់និងទុនវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា៕

នាគសមុទ្រ