ខេត្តព្រះសីហនុ៖នៅវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាវាទេសចរណ៍ MS Westerdam បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ ដឹកនាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ជិត២ពាន់ នាក់មកដើរលេងកម្សាន្ត កម្ពុជារយៈពេលពេញមួយថ្ងៃ។

នេះជាលើកទី០៤ហើយដែលនាវាទេសចរណ៍ Westerdam បានចូលចតកំពង់ផែក្រុងព្រះសីហនុ ដោយលើកនេះបាន ដឹកនាំ ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍មកជាមួយចំនួន ១៨៥០ នាក់ ក្នុងនោះស្រី ៩៩២ នាក់ មកពី ៤៣សញ្ជាតិ និងនាវិកចំនួន ៨០៤ នាក់ មកពី ៣៩ សញ្ជាតិ។ តាមទិន្នន័យពីមន្ត្រីកំពង់ផែ បាន បង្ហាញថា ភ្ញៀវភាគច្រើនមានសញ្ជាតិសហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា ដែលមកស្វែងយល់ពីទេសភាព និងវប្បធម៌របស់កម្ពុជា។ នាវាទេសចរណ៍ខ្នាតយក្សមួយនេះនឹងបន្តចាកចេញទៅប្រទេសផ្សេងទៀតនៅម៉ោង ៨យប់ ថ្ងៃទី១៨ វិច្ឆិកា ថ្ងៃដ៏ដែលនេះ។

សូមបញ្ជាក់ផងដែរថា នាវាទេសចរណ៍ខ្នាតយក្ស MS Westerdam មួយគ្រឿងនេះធ្លាប់បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីអំឡុងពេលកើតមានកូវីដ-១៩ នៅឆ្នាំ ២០២០ ដោយពេលនោះមាន ភ្ញៀវទេសចរណ៏ ជាង ២,២០០ នាក់។ក្នុងអំឡុងពេលនោះនាវា MS Westerdam នេះមិនត្រូវបាន ប្រទេសមួយ ចំនួនអនុញ្ញាតិឲ្យចូលចតនោះទេព្រោះគេ (ខ្លាចឆ្លងជំងឺកូវីដ-១៩)។ដោយឡែក សម្រាប់ ប្រទេស កម្ពុជា ដោយ មើលឃើញពីទុកលំបាករបស់នាវាមួយនេះ ទើបប្រមុខថ្នាក់ដឹកនាំសម្តេចតេជោ ហ៊ុន សែន ស្វាមគមន៍យ៉ាង កក់ក្ដៅនិងបានអនុញ្ញាតឱ្យកប៉ាល់នេះចូលចតនៅកំពងផែក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះអ្នកដំណើរជាង ២,២០០ នាក់ ក្នុងន័យមនុស្សធម៌។ក្នុងពេលនោះ សម្តេចតេជោ បានថ្លែងថា ប្រទេសកម្ពុជា បានធ្វើនូវកិច្ចការ ទាក់ ទងនឹងដំណើរ នៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិ មនុស្ស ហើយក្រុមភ្ញៀវទេសចរប្រមាណ ២,២០០នាក់នៅលើកប៉ាល់នេះបានវិលត្រឡប់ទៅកាន់ប្រទេសខ្លួនវិញដោយសុវត្ថិភាព ។

ព្រឹត្តិការណ៍នោះ បានធ្វើឱ្យកម្ពុជាបានទទួលការសរសើរពីសហគមន៍អន្តរជាតិ ជាមួយ នឹង ពាក្យ ល្បីថា“កម្ពុជាតូច តែបេះដូងធំ ” ជាពិសេសលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្ដែងការអរ គុណ ចំពោះកម្ពុជាថែមទៀតផង៕

នាគសមុទ្រ

































