គម្រោង​សមភាពសម្រាប់ទាំងអស់គ្នា ដែលឆ្លុះបញ្ចាំង​ពីការដោះស្រាយកង្វល់​​របស់​កម្មករ​​ក្នុងវិស័យ​កសិកម្មត្រូវបានប្រកាសបិទបញ្ចប់

0

ភ្នំពេញ៖ អង្គការអុកស្វាម ក្រោមការ​សហការជាមួយបណ្ដា​អង្គការក្នុងស្រុក ក្រសួងរដ្ឋាភិបាល និងដៃគូក្នុង​វិស័យឯកជន រាជធានីភ្នំពេញ ​កាលពីព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ បាន​បិទបញ្ចប់​ដោយមោទនភាព នូវ​គម្រោង​ សមភាពសម្រាប់ទាំងអស់គ្នា (Fair for All) ដែល​បានអនុវត្តរយៈពេលប្រាំឆ្នាំ​កន្លងមក ។

គម្រោងនេះ​ បានចាប់ផ្ដើមអនុវត្ត​ក្នុងឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមក គម្រោងបានជួយ​ជំរុញការផ្លាស់ប្តូរដ៏មានអត្ថន័យនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា ដោយបាន​ជះឥទ្ធិពលលើគោលនយោបាយ ​បង្កើនសំឡេងសហគមន៍ និងលើកកម្ពស់អភិបាលកិច្ចប្រកបដោយបរិយាបន្ន។

លោកស្រី  ភាណ សោភ័ណ នាយិការ​អង្គការ​អុកស្វាម មានប្រសាសន៍ថា “គម្រោង សមភាពសម្រាប់ទាំងអស់គ្នា បាន​បង្ហាញថា ការ​ផ្លាស់ប្ដូរយូរអង្វែង​កើត​ចេញពីសកម្មភាពជាសមូហភាព និង​ការ​សន្ទនា​យ៉ាងមោះមុត ។ តាមរយៈការកៀរគរកម្មករ សហគមន៍ និងអ្នកធ្វើការសម្រេចចិត្តឱ្យ​មកជួបជុំគ្នា មានន័យថាយើងបានជួយរៀបចំគោលនយោបាយផ្សេងៗ ដែលការពារសិទ្ធិ និងលើកកម្ពស់សមធម៌នៅក្នុងវិស័យកសិកម្មរបស់កម្ពុជា”។

លោកស្រី សេង រាសី នាយកប្រតិបត្តិអង្គការ ស៊ីលីកា មានប្រសាសន៍ថា “គម្រោងនេះ​ផ្ដល់ភាពអង់អាចដល់សហគមន៍​ឲ្យ​ហ៊ាននិយាយស្ដីឱ្យគេបាន​ដឹង ។ រាប់តាំងពី​កសិករ​នៅមូលដ្ឋាន រហូតដល់វេទិកា​ថ្នាក់ជាតិ គឺយើង​បានឃើញថា ការ​ចូលរួមបែបបរិយាបន្ន​អាចជំរុញ​ឱ្យ​មានការ​កែប្រែគោលនយោបាយ​ពិត​ប្រាកដ​​ និងពង្រឹង​ដល់​អភិបាលកិច្ច​តាមបែបលទ្ធិប្រជាធិបតេយ្យ” ។

ជាមួយគ្នាផងដែរ គម្រោង​សមភាពសម្រាប់ទាំងអស់គ្នា បានប្រើយុទ្ធសាស្ត្រ​ប្រមូលផ្ដុំ​​ភាគី​ពាក់ព័ន្ធ​ចម្រុះ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​ប្រព័ន្ធ​ក្នុង​ខ្សែច្រវាក់​តម្លៃ​ដំណាំ​ចេក និង​កៅស៊ូ។ តាមរយៈ​កិច្ច​សន្ទនា​ថ្នាក់​ជាតិ និង​ការចូលរួម​ពី​មូលដ្ឋាន គម្រោង​នេះ​បានឆ្លុះបញ្ចាំង​ក្ដីកង្វល់​​របស់​កម្មករ​​ក្នុងវិស័យ​កសិកម្ម ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ចគាំពារ​ការងារ​​ និង​អនុវត្ត​ច្បាប់​របប​សន្តិសុខ​សង្គម។ កិច្ចខិតខំប្រឹងប្រែង​ទាំងនេះ​បាន​​នាំឱ្យមានការ​ចុះធ្វើអធិការកិច្ចជាថ្មី និង​ការត្រួតពិនិត្យឡើងវិញ ពីបេឡាជាតិ​​​សន្តិសុខ​សង្គម (ប.ស.ស.) ដែលនេះ​​ជា​សញ្ញា​នៃ​ការ​ឆ្ពោះទៅរក​គណនេយ្យភាព និង​សុខុមាលភាព​កម្មករប្រសើរ​ជាងមុន ។

គម្រោងសមភាពសម្រាប់ទាំងអស់គ្នា ក៏បានជំរុញលទ្ធភាព​ទទួលបានយុត្តិធម៌ តាមរយៈការ​គាំទ្រនីតិវិធីថ្មីៗ ដែលអនុញ្ញាតឱ្យកម្មករម្នាក់ៗដាក់ពាក្យបណ្តឹង និងស្វែងរកដំណោះស្រាយតាមរយៈយន្តការ​សន្ធានកម្ម និង​មជ្ឈត្តកម្មជាផ្លូវការ។ ការជំរុញនេះធានាថា បណ្ដឹងសារទុក្ខ​នៅកន្លែងធ្វើការត្រូវបានដោះស្រាយដោយយុត្តិធម៌ និងមានតម្លាភាព ដោយជួយពង្រឹងសិទ្ធិរបស់កម្មករកសិកម្មនៅក្នុងខេត្តចំនួនប្រាំមួយ រួមមានខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងរតនគិរី។

គម្រោងនេះ​ក៏បានជះ​ឥទ្ធិពលដល់ការចូលរួមរបស់ពលរដ្ឋផងដែរ ដោយ​ក្នុងនោះ គម្រោងបានជួយលើក​កម្ពស់កិច្ចសន្ទនាបែបស្ថាបនារវាងសហគមន៍ និងអាជ្ញាធរ។ តាមរយៈការរំលេច​បញ្ហាក្នុងមូលដ្ឋាន​​ឱ្យបានដឹងដល់ថ្នាក់ជាតិ គម្រោងសមភាពសម្រាប់ទាំងអស់គ្នា បានជួយជំរុញឱ្យមានការ​ឆ្លើយតប​ជា​គោលនយោបាយ និងការប្តេជ្ញាចិត្តរបស់ស្ថាប័នក្នុងការ​អនុវត្តការងារ​អភិបាលកិច្ចឱ្យកាន់តែមានការឆ្លើយតបខ្លាំងជាងមុន។

ការងារ​របស់គម្រោងដែលផ្ដោតលើ​ការវិនិយោគប្រកបដោយទំនួលខុសត្រូវ និងសិទ្ធិដីធ្លីបានជួយធ្វើឲ្យភាគីពាក់ព័ន្ធកាន់តែយល់ដឹងស៊ីជម្រៅ​ ទាក់ទងនឹង​ការអនុវត្ត​ទម្លាប់​អនុវត្ត​បែបបរិយាបន្ន និង​គិតគូរពីវិវាទ ដែលទាំងនេះ​គឺជា​ការ​កសាង​មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ​ប្រកប​ដោយ​សមធម៌ជាងមុន ។

សូមបញ្ជាក់ថា បើទោះបីជាគម្រោង សមភាពសម្រាប់ទាំងអស់គ្នា បានបិទបញ្ចប់​ហើយក្ដី​ ប៉ុន្តែមរតករបស់អ្វីដែលគម្រោងបានធ្វើ គឺជាការ​ផ្លាស់ប្ដូរយូរអង្វែង​ ដែល​​បានជួយ​ជំរុញ​ឱ្យ​មាន​កិច្ចគាំពា​រ​កាន់តែប្រសើរជាងមុនដល់​កម្មករ សហគមន៍កាន់តែមានភាពអង់អាច ហើយ​វិស័យកសិកម្មរបស់កម្ពុជា​កាន់តែ​មាន​ភាពយុត្តិធម៌ និងចីរភាព​ នាពេលអនាគត៕