អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរភូមិ/ឃុំ ត្រូវមានទស្សនៈវែងឆ្ងាយក្នុងការតភ្ជាប់បណ្ដាញទឹកស្អាតជូនពលរដ្ឋក្រីក្របានប្រើប្រាស់គ្រប់ខ្នងផ្ទះ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧

0

កំពង់ធំ÷ អភិបាលស្រុកស្ទោងលើកទឹកចិត្តអាជ្ញាធរភូមិ/ឃុំ ត្រូវមានទស្សនៈវែងឆ្ងាយក្នុងការតភ្ជាប់បណ្ដាញទឹកស្អាតជូនពលរដ្ឋក្រីក្របានប្រើប្រាស់គ្រប់ខ្នងផ្ទះដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោកបានដឹកនាំប្រជុំស្ដីពីការតបណ្ដាញទឹកស្អាតនិងដំណើរការគ្រប់គ្រងស្ថានីយបន្សុទ្ធទឹកនិងស្ថានីយចែកចាយទឹកនៅក្នុងឃុំគោលដៅរបស់អង្គការ ទស្សនៈពិភពលោកនិង គម្រោងអភិវឌ្ឍន៍រដ្ឋាករទឹកស្វយ័តស្ទោង តាំងក្រសាំង កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ ២០២៥ នៅអគាររដ្ឋបាលស្រុកស្ទោង។

លោកបន្ថែមថាថ្វីដ្បិតនៅក្នុងស្រុស្ទោងមានទឹកស្អាតប្រើប្រាស់ហើយក្តី ប៉ុន្តែពុំទាន់បានតបបណ្ដាញឬរត់បណ្ដាញទុយោមេបានសព្វគ្រប់ទូទាំងស្រុកឡើយទេ ជាពិសេសនៅតាមបណ្ដាឃុំគោលដៅរបស់អង្គការទស្សន:ពិភពលោក ដែលកំពុងដុតដៃដុតជើងក្នុងការតភ្ជាប់បណ្ដាញថ្មីៗថែមទៀតរបស់រដ្ឋាករទឹកស្វយ័តស្ទោង តាំងក្រសាំង ដែលជាការឆ្លើយតបថែមទៀតនិងតាមដើម្បីធានានូវការសម្រេចយុទ្ធសាស្ត្រទឹករបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឱ្យខាងតែបាន។

លោកបានសង្កត់ធ្ងន់ថា ដោយសារប្រទេសជាតិយើងមានការអភិវឌ្ឍលឿន ដូច្នេះអាជ្ញាធរភូមិ ឃុំនិងអង្គភាពពាក់ព័ន្ធ ជាពិសេសរដ្ឋាករទឹកស្វយ័តស្ទោង តាំងក្រសាំង ត្រូវសហការគ្នាខ្ពស់ ប្រជុំពិភាក្សាសិក្សាលម្អិត ក្នុងការពង្រីកនិងតភ្ជាប់បណ្ដាញក៏ដូចជាធ្វើនៅផែនការយុទ្ធសាស្ត្រនិងផែនទីក្នុងការរត់ទុយោមេ និងជំរុញការតបបណ្ដាញរហូតដល់ គ្រប់ភូមិនិងគ្រប់ខ្នងផ្ទះជាពិសេសពលរដ្ឋដែលមានប័ណ្ណសមធម៌ និងប័ណ្ណក្រីក្រនៅក្នុងឆ្នាំ២០២៦នេះផងដែរ។

ឆ្លៀតក្នុងឱកាសនេះលោក សាយ គឹមឡម បានណែនាំបន្ថែមទៀតដល់អាជ្ញាធរភូមិ ឃុំ និងសហការី អង្គភាពពាក់ព័ន្ធ ត្រូវខិតខំបម្រើសេវាជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋរបស់ខ្លួនឧ្យអស់ពីលទ្ធភាពនិងដល់ជណ្ដើមផ្ទះថែមទៀត ជាពិសេសមិនត្រូវពាក់ព័ន្ធឬប្រកាន់និន្នាការនយោបាយឡើយ ព្រោះជាពលរដ្ឋខ្មែរតែមួយរបស់អាជ្ញាធរ។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំអង្គការទស្សនៈពិភពលោករដ្ឋាករទឹកស្វយ័តស្ទោង តាំងក្រសាំង និងរដ្ឋាករទឹកស្វយ័តផ្សេងទៀត ដែលតែងតែសហការខ្ពស់ក្នុងការតភ្ជាប់បណ្ដាញនិងផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបានប្រើប្រាស់កន្លងមក ហើយត្រូវបន្តវប្បធម៌ដ៏ល្អផូរផង់នេះនិងខិតខំតបណ្ដាញថ្មីៗថែមទៀត៕