ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍

0

ខេត្តកំពង់ធំ៖  ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ ​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាង​ឲ្យ​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បាន​ដឹកនាំ​សហការី​ នៃ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ និងស្រុកសណ្ដាន់ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​អតីត​យុទ្ធជនសោធននិវត្តន៍ ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​​ នៅ​គេហដ្ឋាន​របស់​សព​ ស្ថិតនៅភូមិជរ ឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្ត​កំពង់ធំ​ នៅរសៀល​ថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​។

លោក​អនុ​សេនី​យ៍ទោ​ យិន ដាលីន​ នាយ​រង​ការិយាល័យ​ទី១​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាង​ឲ្យ​ក្រុម​លេខាធិការដ្ឋាន​ សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បានបញ្ជាក់ថា៖ លោក ​ស្រី មឿន ជាអតីតយុទ្ធជនចូលសោធននិវត្តន៍ អាយុ ៧១ឆ្នាំ មានឋានន្តរសក្ដិ អនុសេនីយ៍ត្រី បានចូលរួមបម្រើក្នុងជួរកងទ័ព ​នៅអង្គភាពយោធាស្រុកសណ្តាន់ ខេត្តកំពង់ធំ​ នៅ​ឆ្នាំ​១៩៨៥​ ហើយត្រូវបានក្រសួងការពារជាតិដាក់​ចូលនិវត្តន៍នៅក្នុងឆ្នាំ២០០៣ ​លោកត្រូវបាន​ទទួល​មរណភាព​ដោយ​រោគាពាធ​នៅ​ថៃ្ង​ទី​១៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​​ ដោយបានបន្សល់ទុកនូវភរិយា និងកូន រស់នៅក្នុងបន្ទុកចំនួន ៦​ នាក់ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ទី​បំផុត​ចំពោះ​ការ​បាត់បង់​លោក​ អនុសេនីយ៍​ត្រីស្រី មឿន ​ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះ​​ជាតិ​ និង​មាតុ​ភូមិ​ ដោយធ្លាប់បានរួមចំណែកក្នុងការប្រយុទ្ធ ការ​ពារ ទប់​ស្កាត់​ មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត វិល​ត្រឡប់​មក​វិញ​ និង​បាន​ចូល​រួម​ចំណែក​អនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។

ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ជម្រាប​ជូន​ក្រុម​គ្រួសារ​សព​ និង​ប្រជាពលរដ្ឋ​អំពី​ប្រសាសន៍​សំខាន់​ៗរបស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ​ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ ចំពោះ​ជីវភាព​រស់នៅ​របស់​បងប្អូន​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ គិត​ទាំង​ការ​យក​ចិត្ត​ទុកដាក់​ ការ​សិក្សា​រៀន​សូត្រ​ ការ​ផ្តល់​ការ​ងារ​សមស្រប​សម្រាប់​កូន​ចៅ​អតីត​យុទ្ធ​ជន​ និងនិវត្តជន​យេីង​ រួម​ទាំង​ការ​ដោះ​ស្រាយ​ដីធ្លី​ និង​ផ្ទះ​សម្បែង​ ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ដែល​គ្មាន​ដី​គ្មាន​ផ្ទះ​ ពិត​ប្រាកដ​ផងដែរ​ ។

នៅ​ក្នុង​ឱកាស​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ និង​គោរព​វិញ្ញាណក្ខន្ធ​សព​ អតីតយុទ្ធជនសោធននិវត្តន៍​ ឈ្មោះ​ ស្រី មឿន នេះដែរ ។ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ប្រគល់​ជូន​នូវ​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន​ ៤,០០០,០០០​ រៀល​  និង​គ្រឿង​ឧបភោគ​បរិភោគ​ អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត ​ពេជ​ ចន្ទ​មុន្នី​ ជូន​ដល់​ក្រុម​គ្រួសារ​សព​ផងដែរ​  និង​បាន​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​លោក​ អនុសេនីយ៍​ត្រី​ ស្រី មឿន បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​ ៕