ភ្នំពេញ ៖ ម៉ូតូសេ ១២៥ មួយគ្រឿង ត្រូវរងការខូចខាត ដោយសារជនជាតិបរទេស បើកបររថយន្តឡិចស៊ីស RX 300 មួយគ្រឿងជ្រុលបុកពេញទំហឹងនៅចំណុចផ្លូវលេខ ៦៣ កែងផ្លូវលេខ ៣១០ សង្កាត់បឹងកេងកងទី 2 ខណ្ឌចំការមន កាលពីវេលាម៉ោង ១៦ នឹង ៤០ នាទីល្ងាចថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៤ ។
យោងតាមសេចក្តីរាយការណ៍ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តឡិចស៊ីស RX 300 ពណ៌ស្ករ ពាក់ស្លាកលេខ CD19-008 បើកបរដោយជនជាតិបរទេស៣ទៅ ៤នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៦៣ ទិសដៅពីត្បូងទៅជើងយ៉ាងលឿន ពេលដល់ចំណុចផ្លូវកែង មិនបន្ថយល្បឿនក៏ជ្រុលបុកម៉ូតូ សេ ១២៥ មួយគ្រឿងកំពុងបើកបរតាមផ្លូវលេខ ៣១០ ទិសដៅពីកើតទៅលិច ពេញទំហឹង
បណ្តាលឲ្យម៉ូតូដួលរងការខូច ខាត ហើយរថយន្តបង្កហេតុបានព្យាយាមបើករត់គេចខ្លួនតាំងពីចំណុចកើតហេតុរហូតដល់ ផ្លូវព្រះសីហនុ កែងផ្លូវ ៦៣ ត្រូវកម្លាំងនគរបាលមូលដ្ឋានជិះម៉ូតូល្បាតឃើញសង្ស័យក៏ចាប់ឃាត់រថយន្តដើម្បីសួរនាំ ទើបបែក ធ្លាយរឿងថា រថយន្តបង្កហេតុនេះបានបើកបរបុកម៉ូតូសេ ១២៥។
សមត្ថកិច្ចមូលដ្ឋានបានបង្ហើបថា ហេតុការណ៍នេះបង្កឡើងដោយសារភាគីទាំង ២ ពេលបើកបរដល់ ចំណុចផ្លូវ កែងពួកគេមិនបន្ថយល្បឿនដូចគ្នា ក៏បណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍តែម្តងទៅ។
ចំពោះហេតុការណ៍នេះមិនបណ្តាលឲ្យមនុស្សណាម្នាក់ត្រូវរងរបួសឡើយ ប៉ុន្តែចុងក្រោយជនជាតិបរទេស បានសម្រេចសងសំណងឲ្យភាគីម្ចាស់ម៉ូតូបញ្ចប់រឿងនៅកន្លែងកើតហេតុភ្លាមៗ៕