ខេត្តកណ្តាល ៖ បុរសម្នាក់ឈ្មោះ ចាន់ កក្កដា អាយុ ៣៦ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ ដែលគេស្គាល់ថា ជាកូនប្រុសលោក ចាន់ វាសនា មានតួនាទីជា អនុប្រធានអង្គភាព អន្តរាគមន៍ នៃក្រសួងមហាផ្ទៃ បានក្របួច.ក អាវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលទឹកវិល និងប្រើពាក្យសំដីមិនសមរម្យ ខណៈដែលសមត្ថកិច្ច ធ្វើការឃាត់រថយន្ត ក្នុងករណីបង្ក គ្រោះថ្នាក់ចរាចរណ៍ ហើយបានព្យាយាម បើករថយន្តគេចខ្លួន កាលពីវេលាម៉ោង៥ ល្ងាច ថ្ងៃទី៨ ខែកុម្ភៈ នៅលើផ្លូវជាតិលេខ២១B ចំណុចមុខវត្តកណ្តាល ស្ថិតក្នុងឃុំទឹកវិល ស្រុកស្អាង ។
ឈ្មោះ ចាន់ កក្កដា បានបើករថយន្តមួយគ្រឿង ម៉ាកហាយឡិនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ ២Y-៥៥៤៥ បុកម៉ូតូម៉ាកគុប របស់និស្សិតស្រី ២នាក់ បណ្តាលឱ្យដួល រងរបួសស្រាល ហើយឈ្មោះ ចាន់ កក្កដា បានព្យាយាមបើកគេច ពេលនគរបាលឃាត់ឱ្យឈប់ បែរជាជេរប្រមាថ និងក្របួចក.អាវ នគរបាលទៀតផង ដោយអាងខ្លួន ជាកូនឧត្តមសេនីយ៍ ក្រោយពេលឃាត់ខ្លួនជនបង្ក មិនបានប៉ុន្មានផង ស្រាប់តែលេចមុខ លោក ចាន់ វាសនា មកអន្តរាគមន៍ សុំទោសសមត្ថកិច្ច និងសុំធ្វើការសម្របសម្រួល ជាមួយជនរងគ្រោះ សងថ្លៃខូចខាត និងព្យាបាលរបួស ចំនួន ២០០ដុល្លារ ដើម្បីបញ្ចប់រឿង ។
មុនពេលកើតហេតុ រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ បានបើកបរក្នុងទិសដៅ ពីត្បូងទៅជើង ហើយក៍បានបុកជាមួយ ម៉ូតូមួយគ្រឿង ម៉ាកហុងដា គុបជ្រុង សេ៩០ ពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ ឈួន ឈូករ័ត្ន ភេទស្រី អាយុ ២១ឆ្នាំ បច្ចុប្បន្នស្នាក់នៅ រាជធានីភ្នំពេញ ជានិស្សិតពេទ្យ និងអ្នករួមដំណើរជាមួយ ឈ្មោះ ចាន់ សុភ័ក្រ ភេទស្រី អាយុ ២០ឆ្នាំ មានស្រុកកំណើត នៅខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរងរបួស ហើយបើករត់គេច និងបង្ករឿងតែម្តង។ នគរបាលបានវាស់ ជាតិអាល់កុល លើបុរសទំនើងរូបនេះ ឃើញថា មានជាតិអាល់ កុលកម្រិត៤០ បើតាមច្បាប់ គឺអាចឃុំខ្លួនបាន៕