ភ្នំពេញ៖ យុវជនម្នាក់ឈ្មោះ វិសាល អាយុ២៤ឆ្នាំ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានមកដើរលេងក្នុងរាជធានីភ្នំពេញ ហើយចូលធ្វើទិញបារី រួចបន្លំលួចលុយអ្នកលក់១០ដុល្លារ ត្រូវម្ចាស់ផ្ទះឃើញទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។ ហេតុការណ៍នេះបានកើតមានឡើងនៅចំណុចផ្ទះលេខ៥GD ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី ១០ កុម្ភះ ឆ្នាំ២០១៤។ តាមប្រភពព័ត៌មានជុំវិញការឃាត់ខ្លួនយុវជនខាងលើនេះបានឲ្យដឹងថា ដំបូងឡើយរូបគេ បានចូលទៅកាន់ផ្ទះកើតហេតុដែលជា
ផ្ទះលក់ដូររួចធ្វើលេសទិញបារីជក់ ខណៈពេលនោះម្ចាស់ផ្ទះ កំពុងរកចោរចាក់យកបារីលក់ឲ្យ ដោយដាក់លុយ១០ដុល្លារនៅក្នុងទូរ មួយភ្លេតមិនទាន់យកទុកដាក់ដោយសារជាលុយដែលភ្ញៀវទើបទិញរបស់របរហើយ ជាហេតុធ្វើឲ្យឈ្មោះវិសាល បន្លំយកលុយ១០ដុល្លារ ដាក់ហោប៉ាវ ធ្វើ
ព្រងើយតែត្រូវម្ចាស់ផ្ទះឃើញទាន់ក៏ចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់ចាត់ការតាមផ្លូវច្បាប់។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះវិសាល បានសារភាពថា ខ្លួនពិតជាបានលួចលុយគេ១០ដុល្លរប្រាកដមែន។ យោងតាមចម្លើយសារភាពនិង ពាក្យបណ្តឹងរបស់ម្ចាស់លុយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានកសាងសំណុំរឿង បញ្ជូនខ្លួនឈ្មោះវិសាលទៅតុលាការផ្តន្ទាទោសតាមច្បាប់៕