ត្ថុ​ប្រើប្រាស់​ដែល​ធ្វើ​ពី​ដីឥដ្ឋ កំពុង​ប្រែ​ក្លាយទៅជា វត្ថុ​ប្រើប្រាស់​អំពី​ ​សេ​រ៉ា​មិច​ដែលមាន​គុណភាព​និង​តម្លៃ​ខ្ពស់​

0

កំពង់ឆ្នាំងៈ​បច្ចុប្បន្ន​អ្នក​ស្មូន​កំពុងតែ​កែឆ្នៃ​វត្ថុ​ប្រើប្រាស់​ដែល​ធ្វើ​ពី​ដីឥដ្ឋ អោយ​ប្រែក្លាយ​ទៅ ជា​វត្ថុ​ប្រើប្រាស់​សេ​រ៉ា​មិច​វិញ ដោយមាន​ការបង្ហាត់បង្រៀន​ពី​អង្គការ នី​ប​ផុន ហ្វោ​ន​ដេ​សិន របស់​ប្រទេស ជប៉ុន ដើម្បីអោយ​អ្នក​ស្មូន​វត្ថុ​ប្រើប្រាស់​មាន​បច្ចេកទេស​និង​សមត្ថភាព​ច្បាស់លាស់​ក្នុង​ការផលិត​។​ ​ ​លោក សួង សម្បត្តិ ជំនួយការ​បច្ចេកទេស​របស់​អង្គការ​និង​ជា​អ្នកគ្រប់គ្រង​សិប្បកម្ម កូ​លាប​ភា​ជ​កំពង់ឆ្នាំង​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ​នេះ​ថា​៖​សិប្បកម្ម​កូ​លាប​ភា​ជ​ផលិត​វត្ថុ​ប្រើប្រាស់​អំពី​សេ​រ៉ា​មិច​មាន​ទីតាំងនៅ​ក្នុងភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមាន​កម្មករ​កម្ម​ការ​នី​ចំនួន​១០​នាក់​បំរើ​ការងារ​។​អង្គការ​នី​ប​ផុន ហ្វោ​ន​ដេ​សិន នៅ​ខេត្ត​ម៉ា​ស៊ី​កុ​ប្រទេស​ជប៉ុន​បានធ្វើ​កិច្ចសហការ​ជាមួយ​ខេត្តកំពង់ឆ្នាំង ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុង​ការផលិត​វត្ថុ​ប្រើប្រាស់​គ្រប់​ប្រភេទ​អំពី​សេ​រ៉ា​មិច​។​ ​

គំរោង​ទី​១ ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១១ អង្គការ​បាន​បើក​សិប្បកម្ម​កូ​លាប​ភា​ជ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ដោយបាន​ផ្តល់​អ្នកបច្ចេកទេស​មក​បង្រៀន​ជាក់ស្តែង​ដល់ក​ម្មករក​ម្មការ​នី​ក្នុង​សិប្បកម្ម និង​បាន​យក​កម្មករ​កម្ម​ការ​នី​ចំនួន​១០​នាក់​ទៅ​រៀនសូត្រ​ជាក់ស្តែង​ពី​ការផលិត​វត្ថុ​សេ​រ៉ា​មិច​ពី​ប្រជាពលរដ្ឋ​ជប៉ុន​នៅ​ខេត្ត​ម៉ា​ស៊ី​កុ​។​គំរោង​ទី​២ ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៥​នេះ​អង្គ​ការជួយ​រក​ទីផ្សារ​ក្នុង​ការលក់​ផលិតផល​សេ​រ៉ា​មិច​ដែលមាន​ទីតាំង​២​កន្លែង​នៅ​ក្រុងភ្នំពេញ​។​ ​

​លោក សួង សម្បត្តិ បាន​និយាយ​អោយដឹងទៀតថា​៖​កម្មករ​កម្ម​ការ​នី​ដែល​ធ្វើ​ការងារ​ក្នុង​សិប្បកម្ម នេះ​បាន​ប្រាក់​ឈ្នួល​ក្នុង​១​ថ្ងៃ​ចំនួន​៦​ដុល្លា​នឹងត្រូវ​ធ្វើការ​១​ថ្ងៃ​៦​ម៉ោង​។​វត្ថុធាតុដើម​នៃ​ការផលិត​វត្ថុ​ប្រើប្រាស់​ទាំងអស់នេះ​គឺមាន​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ទាំងអស់ ដូចជា​លាយ​ពណ៌​សេ​រ៉ា​មិច ត្រូវយក​ពី​ដី ថ្ម សំបក​លៀស ផេះ​អង្កាម​។​

ការផលិត​វត្ថុ​ទាំងនោះ​គឺ​ប្រើ​ដោយ​ដៃ​ទាំងអស់​ដោយ​ត្រូវយក​វត្ថុធាតុដើម​ទាំង​នោះមក​បុក រែង ច្រោះ​អោយក្លាយ​ទៅ​ម្សៅ​ដើម្បី​ទុក​លាយ​ធ្វើជា​ពណ៌​តាម​តំរូវការ និង​ភាគច្រើន​ធ្វើតាម​រចនាបទ ដែលជា​ក្បាច់ចម្លាក់​បូរាណ​របស់​ខ្មែរ ប៉ុន្តែ​វត្ថុ​ប្រើប្រាស់​មួយចំនួន​ក៍​ធ្វើតាម​ចំណូលចិត្ត​ដែល​ភ្ញៀវ​ត្រូវការ​ផងដែរ​។​ ​ ​

លោក​បាន​បន្តថា​៖​ក្រោយពី​ស្មូន​ដីឥដ្ឋ​ក្លាយជា​របស់​ប្រើប្រាស់​ហើយ​នោះ គេ​ត្រូវយក​វា​ទៅ​ដុត​អោយ​ឆ្អិន​មួយ​លើក​សិន បន្ទាប់មក​ទើប​យកមក​ជ្រលក់​ពណ៌​តាម​តំរូវការ ក្រោយមក​ទើប​យកទៅ​ដុត​ក្នុង តាម​បច្ចេកទេស​ដែលមាន​រយៈពេល​ពី​២០​ទៅ​២៤​ម៉ោង ដោយ​ប្រើ​កំដៅ​រហូតដល់​១២០០​អង្សារ ទើប​ពណ៌​ដែល​គេ​លាប​ពី​ក្រៅ​ក្លាយជា​សេ​រ៉ា​មិច​។​វត្ថុ​ប្រើប្រាស់​ដែល​សិប្បកម្ម​ផលិត​បាន​មាន​ប្រមាណ​ជាង​៣០​ប្រភេទ មាន​តូច មាន​ធំ​។​

ដោយឡែក​តម្លៃ​វិញ ថ្លៃ​ចាប់ពី​២​ដុល្លា​ដល់​៨​ដុល្លា និង​វត្ថុ​ធំៗ​អាចមាន​តម្លៃ​រាប់សិប​ឬ​រាប់រយ​ដុល្លា បើ​ប្រៀបធៀប​នឹង​វត្ថុ​ប្រើប្រាស់​អំពី​ដីឥដ្ឋ​ធម្មតា​ដែលមាន​តម្លៃ​ខុសគ្នា​ជាច្រើន​ដង​។​ ​លោក សួង សម្បត្តិ បានបញ្ជាក់​ជា​ចុងក្រោយ​ថា​៖​សិប្បកម្ម​កូ​លាប​ភា​ជ​កំពង់ឆ្នាំង​អាចនឹងទទួល​យក​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ដែលមាន​បំណង​ចាប់យក​អាជីព​នេះ​មក​បណ្តុះបណ្តាល​អោយមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការផលិត​វត្ថុ​ប្រើប្រាស់​អំពី​សេ​រ៉ា​មិច ប៉ុន្តែ​អង្គការ​មិន​ផ្តល់ប្រាក់​ឈ្នួល និង​ក៍​មិន​យក​កំ រៃ​ពី​ការបណ្តុះបណ្តាល​នេះដែរ​។

នេះ​គឺជា​ឳ​កាស​មួយ​សំរាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​ដែល​កំពុង​ប្រ​ ​កប​មុខរបរ​ស្មូន​ដី​ធ្វើ​ក្អមឆ្នាំង ចង្ក្រាន វត្ថុ​អនុស្សាវរីយ៍ និង​របស់​ប្រើប្រាស់​ផ្សេងៗ ពី​ដីឥដ្ឋ អោយក្លាយ ទៅ ជា​សេ​រ៉ា​មិច​ដែលមាន​តម្លៃ​ខ្ពស់ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​កាត់បន្ថយ​ភាពក្រីក្រ​៕ ​Image10 Image11 Image12