អាជ្ញាធ​សមត្ថកិច្ច​បិទ​ភ្នែក​ឲ្យ​មាន​ល្បែង​កន្ទុយលេខ​នៅ​សៀមរាប ក្លាយជា​ទីផ្សារសេរី ធ្លាយ​រឿង​បោក​បន្ត​គ្នា​ក្នុង​ទឹកប្រាក់​ជាង ៤១​លាន​រៀល​

0

សៀមរាប៖ (​ដោយ​ប៊ុត​វិចិត្រ​)​ល្បែង​កន្ទុយលេខ​(​ឆ្នោត​)​នៅ​ខេត្តសៀមរាប​បាន​កំពុង​ក្លាយជា​ទីផ្សារសេរី​ទាំង​កូន​ទាំង​មេ​លក់​ទិញ​មិនចាំបាច់​លាក់លាម​ដោយ​គ្រាន់តែ​ដាក់តាំង​ទូរ​ធ្វើ​ដូច​ប្តូរប្រាក់ គឺ​លក់​ឆ្នោត​បាន​ដោយ​សេរី​។ ជាមួយគ្នា​នោះ​ក៏ ធ្លាយ​រឿង​មេ​ឆ្នោត​បោក​បន្ត​គ្នា ចំនួន​ទឹកប្រាក់​ជាង​៤១​លាន​រៀល ទើ​ត្រឹម​អធិការ​។​

ទីផ្សារ​ល្បែង​កន្ទុយលេខ​ដែល​កំពុង​ហក់​ឡើង​ខ្លាំងជាងគេ គឺ​គេ​សង្កេតឃើញ​នៅ​ផ្សារ​ដើម​ក្រឡាញ់ និង នៅ​ផ្សារលើ​ធំថ្មី​។ ចំណែកឯ​ផ្សារ​ផ្សេងៗ​ទៀត លក់​ទិញ​ក្នុង​សភាព​លាក់លាម ។ នៅ​ផ្សារ​ដើម​ក្រឡាញ់​គេ​លក់ ទិញ​នៅតាម​ផ្ទះល្វែង ដែលមាន​បើក​លក់​ទូរ​សព្ទ័​ដៃ​និង​ប្តូរប្រាក់​។ ដោយនៅ​ទីនោះ​មានការ​អះអាងថា មេ​ធំ ជាងគេ​ឈ្មោះ​សុខ ខេង មាន​ស្លាក​យីហោ សុខ ខេង ប្តូរប្រាក់​។​

ចំណែក​នៅឯ​ផ្សារលើ​ធំថ្មី​វិញ ផ្នែក​ខាងលិច​និង​ខាងត្បូង លក់​នៅតាម​ផ្ទះល្វែង រីឯ​ខាងកើត​និង​ក្នុង​ផ្សារ គឺ​ដាក់​តំរៀប​ទូរ​លក់​ជា​របៀប​ប្តូរប្រាក់​។ ករណីនេះ​កើតមាន​ជិត​១​ឆ្នាំ​មកហើយ ចាប់តាំងពី​អធិការ​ប៉ូលិស​ថ្មី ឡើង មកកាន់​តំណែង​។ រហូត​មាន​មេ​ឆ្នោត​ខ្លះ ហ៊ាន​និយាយថា ស្រុក​គេ​ចាយលុយ មិនមែន​ពិបាក​ស្ពាយ​អង្ករ​ទៅ ដោះដូរ  ដូច​កាល​ឆ្នាំ​១៩៧៩​ឯណា​។​

កាលពី​ថ្ងៃទី​១​ខែកុម្ភៈ ត្រូវ​នឹង​ថ្ងៃ​ចេញ​ឆ្នោត​សៀម នៅ​ផ្សារ​ដើម​ក្រឡាញ់ និង​នៅ​ផ្សារលើ​ធំថ្មី គេ​ឃើញ មនុស្ស​ច្រើន​កកកុញ សម្រុះ​ទៅ​ចាក់​កន្ទុយលេខ មើលទៅ​ហាក់បីដូចជា​រោម​ទិញ​ត្រី​អីចឹង តែ​សមត្ថកិច្ច ស្ងាត់​ឲ្យ ឈឹង​។ ជា​រៀងរាល់ថ្ងៃ ពីថ្ងៃ​ទី​១​ដល់​ថ្ងៃទី​៣១ បើទោះបី​មិនមែន​ថ្ងៃ​ចេញ​ឆ្នោត​សៀម ក៏​នៅ​សៀមរាប អូរ​អ​ទៅ ដោយ​ល្បែង​កន្ទុយលេខ​យ៉ាងខ្លាំង ដោយ​ពួកគេ​លេង​ចាញ់ឈ្នះ រហូតដល់​ម៉ឺន​ដុល្លារ​។​
​    ​ថ្មីៗ​នេះ​ធ្លាយ​រឿង​មេ​កន្ទុយលេខ នៅក្នុង​ផ្សា​រេ​លើ​ធំថ្មី​បោក​លុយ​គ្នា​បន្ត រហូត​ចំនួន​ទឹកប្រាក់ ជាង​៤១ លាន​រៀល ហើយ​រឿងនេះ បាន​កំពុង​ប្តឹងផ្តល់​ទៅដល់​អធិការនគរបាល​ក្រុង​សៀមរាប​។​

បុរស​ម្នាក់​ឈ្មោះ​សេង បាន​បង្ហើប​ថា ប្រពន្ធ​គាត់​ជា​មេ​លក់​កន្ទុយលេខ​ក្នុង​ផ្សារលើ​ធំថ្មី ឡើង​ឲ្យ​មេ​ធំ យក​កម្រៃ​ទឹកតែ​។ កាល​ទី​២៤​មករា ក្រុម​កូន​ឆ្នោត​៤​ទៅ​៥​នាក់ បាន​ចាក់​ជាមួយ​ប្រពន្ធ​គាត់​ត្រូវ គិត​ជា​ទឹកប្រាក់ ជាង​៤១​លាន​រៀល ដោយ​ប្រពន្ធ​គាត់​បាន​យក​លេខ​ទាំងនោះ ឡើង​បន្ត​ឲ្យ​មេ​ធំ​ឈ្មោះ ត្រា  ស្រី​អាយុ​ប្រហែល ជាង​៣០​ឆ្នាំ លក់​ក្នុង​ផ្សារលើ ម្តុំ​ក្បែរ​លក់​ត្រី​។  លុះ​ពេល​ឆ្នោត​ចេញ​ដឹងថា​ត្រូវ ជាង​៤១​លាន​រៀល ក៏​ឆ្លើយថា​ភ្លេច ឡើង លេខ​ទាំងនោះ​បន្ត​ឲ្យ​មេ​ធំ​នៅឯ​ភ្នំពេញ ដូច្នេះ​អត់​មាន​លុយ​សង​ភ្លាម​ទេ ចាំ​២​ឬ​៣​ថ្ងៃ​ទៀត​ចាំ​សង ។

៣​ថ្ងៃ ក្រោយ ពេល​ទារ​ម្តងទៀត មេ​ឈ្មោះ​ត្រា ឆ្លើយថា​អត់​សង​ចង់​ប្តឹង​ក៏​ប្តឹង​ចុះ​។ លោក​សេង​បន្តថា ពេលនេះ​អ្នក ចាក់​ត្រូវ​ទាមទារ​ពី​ប្រពន្ធ​គាត់ ហើយ​ប្រពន្ធ​គាត់​កំពុង​ប្តឹងទៅ​អធិការ ដោយមាន​សាក្សី​៥​ទៅ​៦​នាក់​ទៅ​ផ្តិតមេដៃ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​ទៅ​ដោះស្រាយ​គ្នា ពេលចេញ​មកដល់​មាត់ទ្វារ​បន្ទប់​អធិការ មេ​ឆ្នោត​ឈ្មោះ​ត្រា ឆ្លើយថា គាត់​មិនបាន លក់​ឆ្នោត​ទេ ហើយក៏​មិនបាន​ធ្វើ​មេ​ឆ្នោត​អី​ដែរ​។  លោក​សេង​និយាយថា មកទល់ពេលនេះ​នៅ មិនទាន់មាន​ដំណោះស្រាយ​ទេ តែ​ខាង​ប៉ូលិស​ប្រាប់ថា នៅ​ឲ្យ​ស្ងៀម​សិន ចូលឆ្នាំ​ចិន​ហើយ នឹង​ដោះស្រាយ​។​


ទាក់ទង​និង​ល្បែង​កន្ទុយលេខ ដែល​កំពុង​ពេញនិយម សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ដោយ​សមត្ថ កិច្ច​មិន​បង្ក្រាប រហូត​មានការ​បោក​លុយ​បន្ត​គ្នា អធិការ​ក្រុង​សៀមរាប លោក​វរ​សេនី​យ៏​ទោ ទិ​ត ណា​រ៉ុង បាន និយាយប្រាប់​អ្នកកាសែត​តាម​ទូរ​សព្ទ័​ថា តើ​មាន​កន្លែង​ណា​លេខ​ធំ​ខ្លះ លោក​នឹង​ឲ្យ​កម្លាំង​ទៅ​ចាប់​។ ផ្សារ​ដើម​ក្រឡាញ់ ឈ្មោះ​សុខ ខេង នេះ​ឮ​ប៉ុន្មាន​ដង​ហើយ តែ​ឲ្យ​ប៉ូលិស​ទៅ​មើល វា​មិនដែល​ឃើញ​។ លោក​បន្តថា អា​ល្បែង​ឆ្នោត នេះ​ខ្ញុំ​ធ្លាប់​បង្ក្រាប​តើ មេច​ក៏មាន​ទៀត​។​

លោក​អធិការ បន្តថា ចំពោះ​ការបោក​លុយ​គ្នា​ដោយសា​ល្បែង​ឆ្នោត​នេះ ខ្ញុំ​មិនបាន​ដឹង​អ្នកណា មកប្តឹង អី​ទេ បើ​មកប្តឹង​មានតែ​ចាប់​ទាំងពីរ ។ តែបើ​មកប្តឹង​មែន មានតែ​កូនចៅ​អត់​រាយ​ការ​ណ៏​។​

សូមបញ្ជាក់ថា នៅ​ខេត្តសៀមរាប ក្រៅពី​ល្បែង​កន្ទុយលេខ នៅមាន​ល្បែង​ប្រជល់មាន់​ដ៏​ធំ ពីរ​កន្លែង ទៀត​១​កន្លែង​នៅ​ទំនប់​អ​ញ្ចា្ ក្នុង​សង្កាត់​នគរធំ និង​១​កន្លែង​ទៀត នៅក្នុង​អតីត​ភូមិភាគ​ទី​៤​។ ល្បែង​ប្រជល់មាន់ ដែលមាន បំពាក់​ផ្លែ​ខ្នាយ​ដែក នេះ គឺ​ប្រៀបបាន​លូក​ហោ​ប៉ាវ​យកលុយ​អីចឹង ត្រឹមតែ​៥​ទៅ​១០​នាទី​អ្នកឈ្នះ ប្រមូល​លុយ​បាន​រាប់ពាន់​ដុល្លារ ឯ​អ្នកចាញ់​ក៏​អស់​រាប់ពាន់​ដុល្លារ​ដូចគ្នា​។ អា​ល្បែង អា​រក​យកលុយ​ខាងលើនេះ វា​ពិតជា​បង្ខំ​ឲ្យ​មនុស្ស ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើអាក្រក់​គ្រប់បែបយ៉ាង​។​

មានការ​សំណូមពរ​ពី​ពលរដ្ឋ ជា​បន្តបន្ទាប់ សុំ​ឲ្យ​សមត្ថកិច្ច​ពាក់​ព​ន្ធ័ បង្ក្រាប​ល្បែងស៊ីសង​ទាំងនេះ​។​ព្រោះ ថា អំពើ​លួច ឆក់ ប្លន់ និង​អសន្តិសុខ​សង្គម គឺ​ពិតជា​កើតចេញ ពី​ល្បែងស៊ីសង់​ជា​ញឹកញាប់​។​

ប្រជាពលរដ្ឋ​បាន​និយាយថា​ចាប់តាំងពី​មានការ​ផ្លាស់ប្ដូរ​អធិការនគរបាល​ក្រុង​សៀមរាប​រួចមក​ឃើញថា​មាន​អំពើ​ចោ​លួច​ចោ​ប្លន់​និង​ល្បែងស៊ីសង់​យ៉ាង​គគ្រឹកគគ្រេង​ខុសពី​ពេលមុនៗ​។​

0cc