ខ្សែបម្រើអន្តរជាតិប្រេស៊ីលរបស់ក្លិបតោខៀវ Chelsea កីឡាករ Oscar បានបញ្ជាក់ថា ប្រទេសអាហ្សង់ទីននឹងមិនអាចឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup ដែលនឹងធ្វើឡើងនៅរដូវក្តៅនេះទេ ។ ការប្រកួតពានរង្វាន់នេះនឹងធ្វើឡើងនៅប្រទេសប្រេស៊ីលហើយប្រទេសម្ចាស់ផ្ទះមួយនេះត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសខ្លាំងៗដទៃទៀតដែលអាចនឹងឈ្នះពាន ។ Oscar ប្រាប់គេហទំព័រ Goal.com ថា “ឈប់គិតពីវា អាហ្សង់ទីននឹងមិនអាចឈ្នះពានបានទេ
ទោះបីជាពួកគេជាក្រុមមួយដ៏អស្ចារ្យក៏ដោយហើយប្រេស៊ីលក៏មិនបណ្តោយឲ្យរឿងនេះកើតឡើងដែរ” ។ Oscar អះអាងថា “ប្រេស៊ីលនឹងធ្វើគ្រប់យ៉ាងដើម្បីឈ្នះពាន World Cup ក្នុងនាមជាម្ចាស់ផ្ទះ” ។
គួរបញ្ជាក់ថា ប្រទេសប្រេស៊ីលបានឈ្នះពានរង្វាន់នេះចំនួន ៥ ដងរួចមកហើយគឺនៅឆ្នាំ ១៩៥៨ ដែលធ្វើឡើងនៅប្រទេសស៊ុយអែត, ១៩៦២ នៅឈីលី, ១៩៧០ នៅមិកស៊ិច, ១៩៩៤ នៅសហរដ្ឋអាមេរិក និងឆ្នាំ ២០០២ ដែលធ្វើឡើងនៅពីរប្រទេសគឺជប៉ុននិងកូរ៉េខាងត្បូង ៕