នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែ កុម្ភះ ឆ្នាំ២០១៤នេះ មានធ្វើពិធីប្រកាសមុខតំណែងប្រធាន មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត និង អគ្គនាយក និង ក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វ័យតសៀមរាប អាណត្តិទី៣ ក្រោមអធិបតីភាពរបស់ ឯ.ឧ ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម ដោយមានការអញ្ជើញចូលរួមពីឯ.ឧ ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តមជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអស់លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរក្រុង ស្រុក និង មន្ត្រីរាជការ ចូលរួមផងដែរ ។
បន្ទាប់ពីតំណាងមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្ត និងតំណាងរដ្ឋាករទឹកស្វ័យតសៀមរាប ធ្វើសេចក្តីរាយការណ៍អំពីជីវប្រវត្តិរបស់មន្ទីរឧស្សាហកម្មព្រមសកម្មភាព និង លទ្ធផលដែលបានអនុវត្តកន្លងមកក្នុងអាណត្តិរបស់ខ្លួនរួចមក ឯ.ឧ អ៊ុំ សុថា អគ្គនាយកកិច្ចទូទៅ និង ជា
នាយកខុទ្ទកាល័យឯកឧត្តមទេសរដ្ឋមន្ត្រី បានអាននូវអនុក្រិត្យ និង សេចក្តីប្រកាសតែងតាំងមន្ត្រីរាជការ រួមមានអនុក្រិត្យលេខ៧៦ អនក្រ.តត ស្តីពីការតែងតាំងលោក ឃុន វិត្យារិទ្ធអគ្គនាយករងរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ ឲ្យបំពេញមុខងារជាអគ្គនាយករដ្ឋាករទឹកស្វ័យតសៀមរាប អាណត្តិទី៣ និង អនុក្រឹត្យលេខ ៧៧អនក្រ.តត ស្តីពីការតែងតាំងលោក តាន់ សុវិទ្យា តំណាងក្រសួងឧស្សាហកម្មនិងសិប្បកម្ម ជាប្រធាន
ក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វ័យតសៀមរាប អាណត្តិទី៣ ព្រមទាំងមានសមាជិក០៦រូប និង សេចក្តីប្រកាសលេខ ០៤៦ MIH-2014 របស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ស្តីពីការតែងតាំងលោក ជា វុធឡុង ប្រធាន ស្តីទី មន្ទីឧស្សាហកម្មនិងសប្បកម្មខេត្តសៀមរាប ឲ្យបំពេញមុខងារជាប្រធានមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្ត សៀមរាប ក្នុងការសំដៅធានារ៉ាប់រងការងារ ភារកិច្ចស្នូលរបស់មន្ទីរ ។
បន្ទាប់ពីគណៈអធិបតីធ្វើការប្រគល់នូវអនុក្រិត្យ និង សេចក្តីប្រកាស និង ត្រាអង្គភាពជូនលោក ជា វុធឡុង និង លោក ឃុន វិត្យារិទ្ធនិង ការធ្វើចំណាប់អារម្មណ៍ និង ការប្តេជ្ញាចិត្តរបស់ប្រធានមន្ទីរថ្មីរួចមក មានប្រសាសន៍នោះដែរ ឯ.ឧ ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ក៏បានធ្វើការបញ្ជាក់ថា ការប្រកាសមុខតំណែងប្រធានមន្ទីរ ឧស្សាហកម្ម និង សិប្បកម្មខេត្តសៀមរាបអគ្គនាយក និង ក្រុមប្រឹក្សាភិបាលរដ្ឋាករ
ទឹកស្វយ័តសៀមរាប អាណត្តិទី៣គឺជាការប្រគល់ភារកិច្ចនិង ការទទួលខុសត្រូវមួយយ៉ាងធំធេងថែមទៀត ដែលតម្រូវឲ្យសាមីខ្លួន ត្រូវតែបញ្ចេញឲ្យអស់សមត្ថភាពលទ្ធភាព និង ទេពកោសល្យដើម្បីជំនះបានរាល់ភាពលំបាកនានា ដែលកើតមានឡើងកន្លងមកសហការ ជាមួយថ្នាក់ដឹកនាំ និង មន្ត្រីក្រោមឱវាទដើម្បីធ្វើឲ្យអង្គភាពមានការប្រែប្រួលមុខមាត់ថ្មីថែមទៀត សំដៅធានារ៉ាប់រងបាន នូវភារកិច្ចស្នូលទាំងឡាយ
ដែលអង្គភាពត្រូវបំពេញនិង ទទួលខុសត្រូវចំពោះមុខស្ថាប័ន និងភារកិច្ចទាំងឡាយផ្សេងៗទៀតទៅតាមការចាំបាច់ដែលរដ្ឋបាលខេត្តប្រគល់ជូន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានធ្វើការកោតសរសើរ ពីការដឹកនាំរបស់អាជ្ញាធរខេត្ត បានធ្វើឲ្យខេត្តប្រវត្តិសាស្ត្រដ៏ចំណាស់មួយនេះ មានការអភិវឌ្ឍន៍ប្រែមុខមាត់ស្រស់ត្រកាលឡើងលើគ្រប់វិស័យ ទាំងកិច្ចសហ-ប្រតិបត្តិការជាតិ អន្តរជាតិទៀតផង ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ការប្រកាសតែងតាំង តួនាទីថ្នាក់ដឹកនាំមន្ទីរនេះ គឺជាប្រពៃណី ទំនៀមទំលាប របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល ក្នុងជួររាជរដ្ឋាភិបាល ដើម្បីក្នុងការពង្រឹងនូវសមត្ថភាពការងារក្នុងសង្គម លើការអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នីតិកាល ទី៥នៃរដ្ឋសភា ក្នុងគោលបំណងដើម្បីធានានូវសុវត្ថិភាពការងារ ការសហការល្អ និង ការប្តេជ្ញាចិត្តខ្ពស់ ស្របតាមគោលការណ៍ទាំងឡាយ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
ម្យ៉ាងទៀតការប្រកាសតែងតាំងប្រធានមន្ទីរថ្មី និង អគ្គនាយក និង ក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តសៀមរាប អាណត្តិទី៣ ក្រសួងតែងតែគិតគូចំពោះការងារដឹកនាំ ការគ្រប់គ្រងមន្ត្រីថ្នាក់ក្រោមគ្រប់ កាលៈទេសៈ ដើម្បីអនុវត្តតាមយុទ្ធសាស្ត្រ និង គោលការណ៍របស់រាជរដ្ឋាភិបាល សំដៅធ្វើឲ្យសេវាសាធារណៈកាន់ តែប្រសើរឡើងថែមទៀត ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានធ្វើការផ្តាំផ្ញើដល់ ប្រធានមន្ទីរទើបតែងតាំងថ្មី និង អគ្គនាយក និង ក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តសៀមរាប អាណត្តិទី៣ត្រូវខិតខំសិក្សាស្វែងយល់ ពីបទពិសោធន៍ និង បង្កើនសមត្ថភាព ក្នុងនាមជាថ្នាក់ដឹកនាំ ដើម្បីជាមូលដ្ឋានក្នុងការដឹកនាំ មន្ត្រីរាជការក្រោមឱវាទរបស់ខ្លួន ។
ជាសម្ខាន់ទៅទៀត លើបញ្ហាការគ្រប់គ្រងទឹកក្រោមដី និង ការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាប ដោយ ខេត្តសៀមរាបជាខេត្តប្រវត្តិសាស្ត្រ ជាមណ្ឌលសេដ្ឋកិច្ចទេសចរណ៍ ដែលប្រមូលផ្តុំដោយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាជាច្រើនកុះករ ។ បច្ចុប្បន្ននេះតម្រូវការទឹកស្អាតរបស់ប្រជាជន គឺជាកត្តាចំបង ក្នុងការកាត់បន្ថយ ការប្រើប្រាស់ទឹកក្រោមដី ក្នុងការបញ្ជៀសនូវការបាត់បង់ទឹកក្រោមដី និង ផលប៉ះពាល់ដល់ប្រាង្គប្រាសាទបុរាណ ដែលជាដូងព្រលឹងជាតិ និង ជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិផងដែរ ។
ក្នុងនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានចែករំលែកនូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួនដែលជាយន្តការ ក្នុងការដឹកនាំអង្គភាពឲ្យមានភាពរីកចម្រើន សមស្របតាមពាក្យស្លោក (បម្រើប្រជាជន ឲ្យកាន់តែល្អ គឺដើម្បីសុខមាលភាពរបស់ប្រជាជន និង វិបុលភាពប្រទេសជាតិយើង )ព្រមទាំងត្រូវមានការទំនាក់ទំនងល្អ តាមបណ្តាមន្ទីរ ស្ថាប័ន អង្គភាព សហគ្រាស សិប្បកម្ម និងវិនិយោគ វិនិយោគិនបរទេស និង ក្នុងស្រុក សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង គ្រួសារផងដែរ ៕