ខេត្តសៀមរាប៖ ក្រុមវេជ្ជបណ្ឌិតឯកទេសជម្ងឺសើស្បែក ប្រមាណជា២០០នាក់ នៃប្រទេសក្នុងឥណ្ឌូចិន ( កម្ពុជា ឡាវ និងប្រទេសវៀតណាម ) ក្នុងនេះក្រុមវេជ្ជបណ្ឌិតនៃប្រទេសវៀតណាម មានចំនួនច្រើនជាងគេ ប្រហែលជា១០០នាក់ និងក្រុមវេជ្ជបណ្ឌិតនៃប្រទេសកម្ពុជា មានប្រមាណជា ៧០នាក់ បានរួមប្រជុំគ្នានៅក្នុងអង្គសន្និសីទ លើកទី២របស់ខ្លួន នៅក្រុងសៀមរាប រយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និងថ្ងៃទី២៧ វិច្ឆិកានេះ បន្ទាប់ពីបានជួបប្រជុំគ្នា លើកទី១ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីឆ្នាំ២០១៤ កន្លងទៅ ។
គួរកត់សម្គាល់ថា អង្គសន្និសិទនេះ ត្រូវបានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងនេះក៏មានសំណើរអញ្ជើញ ប្រតិភូវេជ្ជបណ្ឌិតឯកទេសជម្ងឺសើស្បែកល្បីៗ មកពីសហរដ្ឋអាមេរិក ប្រទេសស្វីស ថៃ ជប៉ុន ម៉ាឡេស៊ី និងប្រទេសឥណ្ឌាជាដើម ដើម្បីធ្វើបទបង្ហាញ ស្តីអំពីការស្រាវជ្រាវ របកគំហើញថ្មីៗ បច្ចេកទេស វិធីសាស្ត្រការពារ ព្យាបាលនៃជម្ងឺសើស្បែកទាំងនោះ និងចែករំលែកបទពិសោធន៍ ពីគ្នាទៅវិញទៅមក ផងដែរ ។
ជាការកត់សម្គាល់ បទបង្ហា្ហញរបស់បណ្តាប្រទេសនៅឥណ្ឌូចិន ( កម្ពុជា ឡាវ វៀតណាម ) បានបង្ហាញនៅក្នុងអង្គសន្និសិទនោះ អំពីស្ថានភាព និងបញ្ហាប្រឈមនានា ដើម្បីស្វែងរកគន្លឺះដោះស្រាយ ក្នុងនោះដូចជាលទ្ធភាពនៃការផ្តល់សេវាការពារព្យាបាលជម្ងឺសើស្បែក និងលើកឡើង អំពីការយល់ដឹងនៅមានកម្រឹតរបស់ប្រជាពលរដ្ឋជនបទ ក្នុងការទទួលយកនូវសេវាទាំងនេះ ។ ចំណែកឯក្រុមវេជ្ជបណ្ឌិតឯកទេសជម្ងឺសើស្បែកល្បីៗ នៃបណ្តាប្រទេសជឿនលឿន ដែលបានចូលរួមក្នុងអង្គសន្និសិទនេះ បានលើកយកមកបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវ និងវិធីព្យាបាលនានា ដែលប្រទេសកំពុងអភិវឌ្ឍន៍ពុំធ្លាប់បានជួបប្រទះ ក៏ប៉ុន្តែអង្គសន្និសីទ បានវាយតម្លៃថា នេះគឺជាកម្រាលផ្លូវមួយ ធ្វើឲ្យបណ្តាប្រទេសនៅឥណ្ឌូចិន បង្កើតគម្រោងគោលដៅថ្មីរបស់ខ្លួន អភិវឌ្ឍន៍សិក្សាបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីជោគជ័យ នាពេលអនាគត លើបច្ចេកទេសវេជ្ជសាស្ត្រ ការពារព្យាបាលជម្ងឺសើស្បែក ។
លោកវេជ្ជបណ្ឌិត ច័ន្ទ វិចិត្រ ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា បានបង្ហាញនៅក្នុងបទសម្ភាសន៍ ក្រៅកិច្ចប្រជុំនោះថា ៖ ជាទូទៅ ជម្ងឺអ្វីក៏អាចព្យាបាលបានដែរ ក៏ប៉ន្តែយើងដើរក្រោយគេ ដោយសារតែមិនទាន់មានលទ្ធភាព ។ លោកបាននបញ្ជាក់ថា ៖ ពាក្យថា មិនទាន់មានលទ្ធភាពនៅពេលនេះ គឺនិយាយទាក់ទងទៅនឹងថវិកា ឱសថរកឃើញថ្មីៗ មានតម្លៃថ្លៃខ្ពស់ ក៏ប៉ុន្តែទោះជាយ៉ាងណា សន្និសីទនេះ បានផ្តល់នូវការដកស្រង់ពីសោធន៍ រៀនសូត្រអភិវឌ្ឍន៍ចំណេះដឹង ។
ដោយសារតែជម្ងឺឃ្លង់ ជាប្រភេទជម្ងឺសើស្បែកមួយ ក្នុងចំណោមជម្ងឺសើស្បែកជាច្រើនទៀត និងជាប្រភេទជម្ងឺរាំរ៉ៃ តំណរពូជ ធ្លាប់កើតមាននៅកម្ពុជា លោកវេជ្ជបណ្ឌិត បានបកស្រាយបញ្ជាក់ប្រាប់ឲ្យដឹងថា ៖ បច្ចុប្បន្ននេះ ជម្ងឺឃ្លង់មិនទាន់បាត់កង្វល់ ១០០% នោះទេ តែវាថយចុះគួរឲ្យកត់សម្គាល់ ! រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល មានគោលដៅព្យាបាល លុបបំបាត់ជម្ងឺឃ្លង់ ឲ្យអស់ទាំងស្រុងពីកម្ពុជា ៕