ខេត្តសៀមរាប៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអេដបានរៀបចំបើកសន្និសីទស្តីពី ការវិភាគនិងការព្យាករណ៍ទីផ្សារការងារនិងវិភាគសំរាប់ប្រទេសកម្ពុជាឡាវនិងវៀតណាម រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១២ដល់១៤ខែមករាឆ្នាំ២០១៦នៅសណ្ឋាគារសោមមាទេវីខេត្តសៀមរាប ក្រោមការអញ្ជើញថ្លែងសុន្ទរកថាបើកពីសំណាក់លោក បណ្ឌិតពេជសោភ័ន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាលនិងបានការអញ្ជើញចូលរួមជាសមាជិកពី អ្នកជំនាញជាតិនិងអន្តរជាតិមួយចំនួន
ផងដែរ។សន្និសីទនេះធ្វើឡើងដើម្បីចែករំលែកបទពិសោធនិងពង្រឹងចំណេះដឹងខាងវិធីសាស្ត្រនៃការព្យាករណ៍ពីតម្រូវការខាងទីផ្សារការងារដែលជាមធ្យោបាយផ្សារភ្ជាប់ពីប្រពន្ឋ័អប់រំមកទីផ្សារការងារនិងបន្ថែមពីនេះគឺដើម្បីធ្វើការពិនិត្យតាមដានពិសេសមួយសម្រាប់អ្នកធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលអន្តរជាតិស្តីពី “តួនាទីនៃគោលនយោបាយទីផ្សារការងារក្នុងការកាត់បន្ថយភាពក្រីក្រ” នៅប្រទេសស៊ុយអែតក្នុងអំឡុងឆ្នាំ 2013 ដល់ឆ្នាំ 2014 ដែលមានប្រទេសឡាវ វៀតណាមនិងកម្ពុជាធ្លាប់
បានចូលរួម។មានប្រសាសន៍បើកអង្គសន្និសីទលោក បណ្ឌិតពេជសោភ័ន បានមានប្រសាសន៍ថា៖
សន្និសីទនេះគឺមានតម្លៃណាស់សម្រាប់ថ្នាក់ជាតិនិងថ្នាក់តំបន់ទាំងពីរ។ លើសពីនេះវាត្រូវបានរៀបចំបានទាន់ពេលវេលាតាមដែលរដ្ឋជាសមាជិកអាស៊ានទាំងអស់បានចាប់ផ្តើមការអនុវត្តន៍ នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ។សម្រាប់ព័ត៌មានទីផ្សារការងារទាំងនៅកម្ពុជាក៍ដូចជានៅកម្រិតតំបន់អាស៊ាន មិនទាន់មានបង្កើតបាននូវប្រព័ន្ធទីផ្សារការងារនោះទេ។ចំណុចនេះហើយដែលនាំឱ្យការបណ្តុះបណ្តាលក៍ដូចជាក្នុងការការស្វែងរកការងារធ្វើវាជួបបញ្ហាលំបាក ព្រោះក្តាប់ពុំបានអំពីទីផ្សារថាតើគេត្រូវការអ្វីនិងមុខជំនាញអ្វី។ល។បើប្រពន្ឋ័នេះរៀបចំបានគេនឹងអាចដឹងបានថាតើទីផ្សារការងារក្នុងពេលបច្ចុប្បន្នតើគេត្រូវការលើជំនាញអ្វីខ្លះដែលវាបង្កភាពងាយស្រួលដល់អ្នកក្រោយទទួលបានការបណ្តុះបណ្តាលការងារ គេនឹងអាចត្រៀមគួរសិក្សាលើមុខវិជ្ជាឬជំនាញអ្វីបន្ថែម។
ក្នុងកម្រិតប្រទេសទាំងបីដើម្បីជួយឱ្យប្រទេសនីមួយជំនះលើបញ្ហាប្រឈមទាំងនេះនិងទាញយកផលប្រយោជន៍ជាអតិបរមាពីសហគមន៍សេដ្ឋកិច្ចអាស៊ាន,ទទួលបានផលល្អ ទាមទារយកចិត្តទុកដាក់លើការប្រមូលការវាយតំលៃនិងការផ្តល់ទីផ្សារការងារដើម្បី ផ្គត់ផ្គង់ទៅនិងតម្រូវការនៃការ កាត់បន្ថយភាពក្រីក្រនិង ការប្រែប្រួលទីផ្សារការងារនៅក្នុងតំបន់។ រដ្ឋជាសមាជិកអាស៊ាននៅតែប្រឈមនឹងបញ្ហាស្មុគស្មាញមួយចំនួនដែលទាមទារឱ្យមានការពិចារណាដោយប្រុងប្រយ័ត្នគោលបំណងយ៉ាងពេញលេញក្នុងការចាប់យកឱកាសសក្តានុពលនៅក្នុងទម្រង់បែបបទនៃការចល័តកំលាំងពលកម្មនិងគុណភាពការងារ៕