រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣១ នាក់បានស្លាប់ និង ៦៤ នាក់បានរងរបួស ដោយសារបាតុភូតគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ក្នុងរយៈពេលបួនខែដើម ឆ្នាំ២០១៤។ នេះបើតាមលោក កែវ វី មន្ត្រីនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងកាលពីម្សិលមិញ។
លោក វី បានថ្លែងថា យោងតាមរបាយការណ៍បូកសរុបគ្រោះមហន្តរាយក្នុងរយៈពេលបួនខែដើមឆ្នាំនេះ បាតុភូតភ្លៀង និងខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ៤២ លើក និងបានបណ្ដាលឲ្យពលរដ្ឋចំនួនបីនាក់ស្លាប់ និង ៤៥ នាក់ទៀតរងរបួស និងបានបង្កការខូចខាតផ្ទះប្រជាពលរដ្ឋ សរុប ១៥៥៧ ខ្នងក្នុងនោះផ្ទះពលរដ្ឋ ៤៤៩ ខ្នង បានរងការខូចខាតទាំងស្រុង និង ១១០៨ ខ្នងរបើកដំបូល និងជញ្ជាំង ខណៈសាលារៀន ១៩ អគារបានរងការខូចខាតដូចជារបើកដំបូល និងជញ្ជាំង ហើយសាលារៀនមួយអគារ ដែលធ្វើពីឈើបានដួលរលំទាំងស្រុង។
លោកបន្តថា ចំណែកឯជនរងគ្រោះដែលបានស្លាប់និងរងរបួសដោយសារបាតុភូតរន្ទះបាញ់គិតត្រឹមថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០១៤ នេះ (របាយការណ៍បូកសរុបរយៈពេលប្រាំខែដើមឆ្នាំ) មានចំនួន ៤៧ នាក់ ក្នុងនោះ ២៨ នាក់បានស្លាប់និង ១៩ នាក់រងរបួសហើយសត្វពាហនៈ ដូចជាគោក្របីសរុបចំនួន ១២ ក្បាល ត្រូវបានរន្ទះបាញ់ងាប់ផងដែរ។ លោកបញ្ជាក់ថា៖ «ខេត្តដែលរងគ្រោះខ្លាំងជាងគេដោយសារបាតុភូតគ្រោះធម្មជាតិទាំងពីរខាងលើនេះ គឺ ខេត្តបាត់ដំបង បន្ទាប់មក ខេត្តបន្ទាយមានជ័យ»។
លោក យិន សាវ៉េន អភិបាល ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ៖ កាលពីព្រលប់ថ្ងៃសុក្រ ភ្លៀងនិងខ្យល់កន្ត្រាក់បានបោកបក់គ្របដណ្ដប់លើឃុំចំនួនបីដែលស្ថិតនៅក្នុងតំបន់វាលទំនាបជាប់បឹងទន្លេសាប ក្នុងនោះមានឃុំ កោះថ្កូវ ឃុំពាមឆ្កោក និងឃុំ ជលសារ។ លោកបន្តថា ក្រោយពេលស្ងប់ភ្លៀងនិងខ្សល់កន្ត្រាក់មានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ផ្ទះប្រមាណ ១៥០ ខ្នង ក្នុងឃុំទាំងនោះ បានរងការខូចខាតយ៉ាងដំណំក្នុងនោះផ្ទះ ២០ខ្នង ដែលធ្វើអំពីឈើប្រក់ស័ង្កសី ដួលរលំខូចខាតទាំងស្រុង ខណៈផ្ទះឈើប្រក់ក្បឿង ៩ ខ្នងបានទ្រេត និងផ្ទះឈើប្រក់សង្ក័សី ១២០ ខ្នង ផ្សេងទៀតរបើកជញ្ជាំង និងដំបូល។
ទោះជាបែបណាក្ដី ពុំមានពលរដ្ឋណាម្នាក់រងរបួសឬស្លាប់ទេ។ លោក កឹម ស៊ីថន នាយនគរបាលប៉ុស្តិ៍ ឃុំកោះថ្កូវ បានឲ្យដឹងថា៖ ផ្ទះប្រជាពលរដ្ឋចំនួន ១៤ ខ្នងក្នុង ភូមិកោះលត បានរងការខូចខាតទាំងស្រុង និងផ្ទះប្រជាពលរដ្ឋជាង ៣០ ខ្នងនៅ ភូមិគជ្រុំ ភូមិកោះថ្កូវ និង កោះត្រង់ បានប៉ើងរបើកដំបូលនិងជញ្ជាំង និងបានលិចលង់ស្រូវស្រែប្រាំង ដែលបានទុំហើយនោះប្រមាណជា ២០០ ហិកតា។
លោកបន្តថា៖ «យ៉ាងណាក៏ដោយ មកទល់ពេលនេះ អាជ្ញាធរយើងបានចុះជួយអន្តរាគមន៍ ជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះ ដើម្បីឲ្យពួកគាត់បានស្នាក់នៅដោយសុវត្ថិភាពឡើងវិញបានរួចរាល់មួយរយភាគរយហើយ។ ជាមួយគ្នានេះ អាជ្ញាធរយើងកំពុងអន្តរាគមន៍ជីកប្រឡាយរំដោះទឹកចេញពីដីស្រែរបស់គាត់ក៏បានរួចរាល់ហើយដែរ»៕