ខេត្តកំពង់ឆ្នាំង៖ អាជីករកាប់ជ្រូកចាស់ចំនួន៨នាក់ក្នុងចំណោម១២នាក់ធ្វើអាជីវកម្មនៅក្នុងទីសត្តឃាតនៅក្នុងក្រុងកំពង់ឆ្នាំង បានដាក់ពាក្យបណ្តឹងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១០១៦ ទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម សុំបញ្ឈប់ការបញ្ចូលអាជីវករកាប់ជ្រូកថ្មីបន្ថែមទៀតនៅក្នុងទីសត្តឃាដក្រុងកំពង់ឆ្នាំង ព្រោះថាអាជីវករចាស់មានរហូតទៅដល់១២នាក់សមស្របនឹងការលក់ចែកចាយជូនប្រជាពលរដ្ឋទៅហើយ និងមានថ្ងៃខ្លះពួកគាត់លក់សាច់ជ្រូកមិនអស់ទៀតផង បើបញ្ចូលអ្នកថ្មីមកអោយកាប់ជ្រូកលក់បន្ថែមទៀតនោះ គឺពិតជាធ្វើអោយជីវភាពពួកគាត់ធ្លាក់ចុះខ្លាំងមិនខានឡើយ។
បងប្អូនជាជីវករចាស់ទាំង៨នាក់ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅក្នុតទីសត្តឃាតក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ កាលពីដើមខែធ្នូ ឆ្នាំ២០១៥ ប្រធានការិយាល័យបសុពេទ្យខេត្ត បានហៅអាជីវករចាស់មកប្រជុំប្រាប់ថា ក្នុងឆ្នាំថ្មី២០១៦នេះ ទីសត្តឃាតក្រុកកំពង់ឆ្នាំងនឹងបញ្ចូលអាជីវករកាប់ជ្រូកថ្មីចំនួន៦នាក់ថែមទៀត នៅក្នុងពេលនោះអាជីវករចា ស់ទាំង១២នាក់មិនឯកភាពឡើយ។ បន្ទាប់មកនៅរសៀសថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ក៏បានហៅអាជីវករចាស់មកប្រជុំម្តងទៀត តែមិនបានប្រជុំដោះស្រាយគ្នាស្រួលបួលផង ក៏បានប្រកាសអោយអាជីវករថ្មីចំនួន៦នាក់ចូលមកធ្វើអាជីវកម្មកាប់តែម្តង។ ហេតុនេះហើយទើបពួកគាត់ ដាក់ពាក្យបណ្តឹងទៅ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើសុំបញ្ឈប់ការបញ្ចូលអាជី វករកាប់ជ្រូកថ្មីបន្ថែមទៀតនៅក្នុងទីសត្តឃាតក្រុងកំពង់ឆ្នាំង ។
អាជីវករចាស់ឈ្មោះ មុំ ធីតា ឈ្មោះ សាយ សុឃីម និងឈ្មោះ សោម ចន្ទ័ដារា បាននិយាយថា៖ កន្លងមកការធ្វើអាជីវកម្មកាប់ជ្រូកក្នុងទីសត្តឃាតនេះ ពួកគាត់បានបង់ថ្លៃអាជីវកម្មក្នុង១ឆ្នាំ២៥ម៉ឺនរៀល , បង់ថ្លៃពិឃាតជ្រូក១ក្បាល ៤ពាន់រៀល , បង់ថ្ងៃភាស៊ី១ក្បាល៥ពាន់រៀល , បង់ថ្លៃពន្ធដារ១ក្បាល១៥០០រៀល និងអាជីវករ១នាក់ពេលធ្វើជ្រូកក្នុង១ថ្ងៃត្រូវមន្ត្រីពេទ្យសត្វយកសាច់ចម្លកជ្រូក១គីឡូថែមទៀត ហើយក្នុង១ថ្ងៃៗអាជីវករចាស់កាប់ជ្រូកលក់ជាមធ្យម ពី២០ទៅ៣០ក្បាលតែប៉ុណ្ណោះ។ចំណែកម៉ូយអ្នកយកសាច់ជ្រូកទៅលក់ប្រចាំថ្ងៃលក់មិនដាច់អស់ទេ ខ្លះជំពាក់លុយពួកគាត់ដល់១០លានរៀលក៏មាន នឹងបើគេបន្ថែមអ្នកកាប់ជ្រូកថ្មីមកច្រើនទៀត គឺកាន់តែលក់មិនដាច់ តើអ្នកទាំងនោះមានលុយឯណាសងពួកគាត់ទៅ។ ដោយឡែកការបញ្ចូលអាជីវករថ្មីទាំង៦នាក់ នេះអាចជាអំពើពុករលួយព្រោះពួកគាត់ឮព័ត៌មានក្រៅផ្លូវការថា អាជីវករថ្មីអោយលុយគេក្នុងម្នាក់ៗពី៤ទៅ៥ពាន់ដុល្លាក្រៅផ្លូវការ ទើបអាចចុះឈ្មោះចូលកាប់ជ្រូកក្នុងទីស ត្តឃាតនេះបាន រឿងនេះក៏ស្នើសុំអោយសមត្ថកិច្ចប្រឆាំងអំពើពុករលួយមេត្តាជួយស្រាវជ្រាវផង។
បងប្អូនអាជីវករថ្មីបានអោយដឹងទៀតថា៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ លោកអគ្គលេខាធិការរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជូនលិខិតមួយច្បាប់មកនាយកដ្ឋានផលិតកម្មនិងបសុព្យាលបាល និងមកលោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យនិងដោះស្រាយជាបន្ទាន់ នៅល្ងាចថ្ងៃទី២៩ ខែមករានេះ បើគ្មានការដោះស្រាយនូវសំណូមពររប ស់ពួកគាត់ទេ ពួកគាត់និងឡើងទៅប្តឹងនៅក្រសួងបន្តទៀត។
ចំណែកស្ត្រីឈ្មោះ ឆៃ សុវណ្ណា ជាអាជីវករថ្មីវិញ បានបកស្រាយថា ពួកគាត់ចុះឈ្មោះសុំចូលជាអាជីវករថ្មីនេះ បង់ថ្លៃច្បាប់អស់តែ៨ម៉ឺនរៀលតែប៉ុណ្ណោះព្រោះមុខរបរនេះជាទីផ្សារសេរីគេអាចករស៊ីបានពួកគាត់ពួកគាត់ក៏អាចរកស៊ីបានដែរ និងមិនបានសូកអ្នកណាឡើយ បើមានលុយ៤ទៅ៥ពាន់ដុល្លាពួកគាត់ទុកប្រកបមុខរបរផ្សេងប្រសើរជាង។
ទាក់ទងនិងរឿងខាងលើនេះ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលបានបញ្ជាក់អោយដឹងថា៖ ច្បាប់ធ្វើអាជីកម្មក្នុងទីសត្តឃាតមិនបានកំណត់ចំនួនអ្នកធ្វើប៉ុន្មាននាក់នោះទេដោយក្នុង១ឆ្នាំត្រូវសុំច្បាប់ម្តង បង់តែ៨ម៉ឺនរៀលតែប៉ុណ្ណោះព្រោះជាទីផ្សារសេរី គឺអ្នកស្មគ្រ័ចិត្តចូលធ្វើប៉ុន្មាននាក់ក៏បាន ព្រោះបើធ្វើបានច្រើននាក់តម្លៃសាច់ជ្រូកអាចនិងចុះថោកចំណេញអ្នកហូប ព្រោះសព្វថ្ងៃសាច់ជ្រូកលក់នៅតាមស្រុកថោកជាងសាច់ជ្រូកលក់នៅក្នុងទីក្រុងកំពង់ឆ្នាំង ចំពោះរឿងខាងលើនេះការិយាល័យជំនាញនិងធ្វើរបាយការណ៍បំភ្លឺជូនថ្នាក់លើដើម្បីជ្រាប។ មន្ត្រីពេទ្យសត្វម្នាក់បាននិយាយថា ការចំណាយប្រាក់រត់ការចុះឈ្មោះរបស់អាជីវករថ្មីពិតជាមានខ្លះៗហើយជៀសមិនរួចនោះទេ។
ដោយឡែកខាងមុខនេះ ការិយាល័យជំនាញដល់ពេលត្រូអនុវត្តច្បាប់លេខ១០៨ហើយ ដោយមុនពេលពិឃាតជ្រូកលក់ អ្នកធ្វើអាជីវកម្មត្រូវធ្វើលិខិតសុំពិឃាតជ្រូកជាមុន និងដោយមានការពិនិត្យសុខភាពសត្វអោយបានត្រឹមត្រូវពី មន្ត្រីជំនាញ ទើបអនុញ្ញាតអោយពិឃាតជ្រូកលក់៕