ខេត្តសសៀមរាប៖ ព្រឹកថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០១៦ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យក្រុមហ៊ុន Gold Dragon Group Investment ដឹកនាំដោយលោក អ៊ិនឌ្រូ យ៉ាង់ ប្រធាន ក្រុមហ៊ុន និងសហការីចូលជួបពិភាក្សាការងារ គម្រោងស្តីពីការបង្កើតឧទ្យានកម្សាន្ត វប្បធម៌ និងប្រវត្តិសាស្ត្រអង្គរ ( ដែលមានលក្ខណៈជាទេវកថា ) នៅរដ្ឋបាលសាលាខេត្តសៀមរាប ។
តាមការបញ្ជាក់របស់លោកគឹម ឆៃហៀងអភិបាលរងខេត្ត បានឲ្យដឹងថាគម្រោងរបស់ក្រុមហ៊ុននេះ បាន ធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរខេត្ត ព្រមទាំងបានចុះធ្វើការសិក្សាស្វែងយល់នូវទីតាំងក្នុងការបង្កើតឧទ្យាន កម្សាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបចាប់ពីឆ្នាំ២០១០មក ហើយបានចងក្រងជាឯកសារ ដោយបានកំណត់ លើកាលៈទេសៈ , វិភាកទីផ្សារ , គម្រោងអភិវឌ្ឍន៍មូលដ្ឋាន និង សម្រាប់តំបន់និមួយៗ និង ការវិភាគលើពាណិជ្ជ -ភាវូបនីយកម្មជាដើម ។មានប្រសាសន៍ក្នុងកិច្ចពិភាក្សានោះលោកឃឹមប៊ុនសុង ក៏បានគូសបញ្ជាក់ដល់ក្រុមហ៊ុនឲ្យបានដឹងផងដែរថាគម្រោងស្តីពីការបង្កើតឧទ្យានកម្សាន្តវប្បធម៌និង ប្រវត្តិសាស្ត្រអង្គរដែលមានលក្ខណៈជាទេវកថានៅលើទឹកដីប្រវត្តិសាស្ត្រ ដែលប្រមូលផ្តុំទៅដោយភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍និងជាគោលដៅទេសចរណ៍ដ៏សំខាន់ របស់ភ្ញៀវនៅលើសកលលោក ចូលមកទស្សនាកម្សាន្ត។ លោកបណ្ឌិតក៏បានលើផងដែរថា ពិតមែនខេត្តសៀមរាប ជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ក៏ប៉ុន្តែនៅមិនទាន់បានបំពេញនូវតម្រូវការរបស់ភ្ញៀវនៅ ឡើយ ក្រៅពីការទស្សនាកម្សាន្តនៅតាមប្រាង្គប្រាសាទបុរាណនិងរមនីយដ្ឋានធម្មជាតិ ត្រូវការបន្តទស្សនាកម្សាន្តនៅក្នុងពេលរាត្រីទៀតផង ។ លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា រាល់គម្រោងរបស់ក្រុមហ៊ុនដែលបានលើកឡើងគឺស្ថិតនៅក្នុងតំបន់អភិរក្សរបស់អាជ្ញាធរជាតិអប្សរា និងក្រសួងបរិស្ថាន ។ ក្នុងនោះលោក បណ្ឌិតអភិបាលខេត្ត ក៏បានសំណូមពរដល់ក្រុមហ៊ុនសុំឲ្យរកទីកន្លែងថ្មីផ្សេងវិញ សម្រាប់ការងាយស្រួលដល់ក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍របស់ខ្លួនហើយការរកទីតាំងថ្មីនេះ ក៏ដើម្បីជាផលប្រយោជន៍ចំពោះក្រុមហ៊ុនដើម្បីមានលទ្ធភាពក្នុងការអភិវឌ្ឍន៍តំបន់កម្សាន្តរបស់ខ្លួន។ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានគាំទ្រគម្រោងរបស់ក្រុមហ៊ុនដែលបានលើកឡើង ក្នុងការជួយបង្កើនការងារដល់ប្រជាពលរដ្ឋកម្ពុជា សំខាន់យុវជនកម្ពុជាយើង ពិសេសប្រជាពលរដ្ឋនៅខេត្ត សៀមរាប ។ ឯកឧត្តមបណ្ឌិតក៏បានសុំឲ្យក្រុមហ៊ុន ធ្វើកិច្ចសហការជាមួយរដ្ឋបាលសាលាខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីរកនូវទីតាំងមួយ ដែលមិនមានផលប៉ះពាល់តំបន់អភិរក្សរបស់អាជ្ញាធរអប្សរា និង បរិស្ថានទៀតផង ។
ក្នុងនោះដែរលោកបណ្ឌិត អ៊ិនឌ្រូ យ៉ាង់ប្រធានក្រុមហ៊ុនក៏បានលើកឡើងផងដែរ អំពីបញ្ហាដីធ្លី ដែលជា កត្តាសំខាន់ ដែលក្រុមហ៊ុនត្រូវធ្វើកិច្ចសហការជាមួយរដ្ឋបាលសាលាខេត្តសៀមរាប ក្នុងការសិក្សានូវទីតាំងថ្មី ឲ្យ បានសមស្រប ក្នុងការបម្រើដល់ភ្ញៀវទេសចរណ៍ ដែលបានចូលមកខេត្តសៀមរាប ទស្សនាកម្សាន្ត នៅទីកន្លែង ឧទ្យានកម្សាន្តវប្បធម៌និងប្រវត្តិសាស្ត្រអង្គរដែលមានលក្ខណៈជាទេវកថា។ ក្នុងនោះដែរលោកក៏បានធ្វើការបង្ហាញនូវគម្រោងរបស់ខ្លួន តាមការបញ្ចាំងស្លាយ អំពីសកម្មភាពក្នុងការអភិវឌ្ឍន៍ នៃគម្រោងរបស់ក្រុមហ៊ុន ដោយ បានលម្អិតទៅតាមតំបន់និមួយៗ អំពីអារ្យធម៌បុរាណដ៏មានតំលៃ តាមរយៈការស្តារ និងកសាងឡើងវិញនូវបណ្តាគេហដ្ឋានទាំងឡាយនិងស្ថាបត្យករសម័យបុរាណ ព្រមទាំងការតាំងបង្ហាញអំពីវប្បធម៌ជនជាតិដើម របស់របរប្រើ ប្រាស់សម័យបុរាណ ។ លោកក៏បានបញ្ជាក់ផងដែរថា ការបង្កើតឧទ្យានកម្សាន្តសាធារណៈ ដែលមានលក្ខណៈជា ទេវកថា និង ប្រវត្តិសាស្ត្រ ដោយផ្អែកលើភាពចម្រុះគ្នា នៃទេវកថាជាមួយវប្បធម៌អង្គរព្រមទាំងពង្រឹងការប្រមូលផ្តុំនៃភ្ញៀវទេសចរណ៍និង បានទទួលនូវចំណេះដឹងដោយផ្ទាល់ និង បានធាននូវគុណប្រយោជន៍នៃការដើរមើលកម្សាន្ត គុណប្រយោជន៍ចំពោះបរិស្ថាន និង សេដ្ឋកិច្ចជាតិ ។ កត្តាទាំងនេះ ក៏ជាការពង្រឹងទីផ្សារឧស្សាហកម្ម ទេសចរណ៍ និង ធ្វើឲ្យការប្រើប្រាស់ដីធ្លីមានភាពរស់រវើក និង បង្កើនធនធានហិរញ្ញវត្ថុដំបូង និង ចំណូលពិតពីធនធានបន្ថែម និង ជម្រុញឲ្យមានការវិនិយោគបន្ថែម និង មានការជឿនលឿនរហ័ស នៃ ឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ៕