​មន្ទីរពេទ្យ​កុមារ​នៃ​ទីក្រុង Westmead​ប្រទេស​អូស្ត្រាលី ទទួលស្គាល់ថា មន្ទីរពេទ្យ​កុមារ​អង្គរ

0

(ខេត្តសៀមរាប) ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏ល្អនៅកម្ពុជា !
ខេត្តសៀមរាប: តាមរយៈនៃការនាំមកនូវ វគ្គសិក្សាជំនាញសុខភាពកុមារ ( IPPC / DCH ) អស់រយៈពេល១០ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យកុមារនៃទីក្រុង Westmead ប្រទេសអូស្តាលី បានវាយតម្លៃថា មន្ទីរពេទ្យកុមារអង្គរ(ខេត្តសៀមរាប) គឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសុខាភិបាល យ៉ាងល្អ នៅប្រទេសកម្ពុជា ។
នៅមន្ទីរពេទ្យកុមារអង្គរ(ខេត្តសៀមរាប) នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ គេឃើញមានវត្តមាន លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាគណគ្រូពេទ្យជាតិនៃកម្ពុជា វត្តមានរបស់លោក Simon Fellows ភារធារីរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោកស្រី សាស្ត្រាចារ្យ Kathryn Currowនាយិកាប្រតិបត្តិនៃវគ្គសិក្សាជំនាញសុខភាពកុមារ (DCH / IPPC ) និងមានវត្តមានផងដែរ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ។
វត្តមាននេះ គឺជាផ្តល់កិត្តិយស ក្នុងពិធីបញ្ចប់វគ្គសិក្សាឆ្នាំទី១០ និងបើកវគ្គសិក្សាថ្មីបន្តទៀត ស្តីអំពីជំនាញសុខភាពកុមារ ដែលឧបត្ថម្ភដោយមន្ទីរពេទ្យកុមារទីក្រុង Westmeadប្រទេសអូស្ត្រាលី ដែលជាពិសេសនោះ គឺស្ថិតក្រោមការផ្តួចផ្តើមដោយ លោកស្រី សាស្ត្រាចារ្យ Kathryn Currow។
លោក ងួន ច័ន្ទភត្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានរំលឹកឲ្យដឹងថា មន្ទីរពេទ្យមួយនេះ បើកដំណើរការនៅក្នុងឆ្នាំ១៩៩៩ ។ បេសកម្មរបស់មន្ទីរពេទ្យកុមារអង្គរ គឺផ្តល់សេវាសុខភាពប្រកបដោយគុណភាពខ្ពស់ជូនដល់កុមារកម្ពុជាដោយឥតគិតប្រាក់កម្រៃ ធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈនៃការបណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុប្បដ្ឋាក និងបុគ្គិលិកសុខាភិបាល ។
លោក ងួន ច័ន្ទសុភត្ត្រា បានបញ្ជាក់ថា ៖ ការប្រារព្ធពិធីបញ្ចប់វគ្គសិក្សា និងបើកវគ្គសិក្សាថ្មីបន្ត ស្តីអំពីជំនាញសុខភាពកុមារលើកនេះ គឺគម្រប់ខួបទី១០ផងដែរ ។ លោកបន្តឲ្យដឹងថា ៖ វគ្គសិក្សាជំនាញសុខភាពកុមារ ត្រូវបានបើកឡើងជាលើកដំបូងនៅមន្ទីរពេទ្យកុមារអង្គរនៅក្នុងឆ្នាំ២០០៦ និងក្រោយមក វគ្គសិក្សានេះ ត្រូវបានរៀបចំឡើងនៅកន្លែងផ្សេងៗទៀតជាបន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជា ដែលរួមមានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យកុមារជាតិ(រាជធានីភ្នំពេញ) ។ AA377701.Still002 AA377701.Still001
លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល វាយតម្លៃថា ៖ បើមិនដូច្នោះទេ ! មន្ទីរពេទ្យកុមារទីក្រុងWestmeadតាមរយៈលោកស្រីសាស្ត្រាចារ្យ Kathryn Currowក៏មិនអាចផ្តល់កម្មវិធីសិក្សាដ៏មានសារសំខាន់នេះ មកដល់មន្ទីរពេទ្យកុមារអង្គរ ឬ មកដល់ប្រទេសកម្ពុជានោះឡើយ ដែលទាំងនោះគឺអាស្រ័យដោយការពិនិត្យឃើញថា មន្ទីរពេទ្យកុមារអង្គរ មានលក្ខណៈពិសេសដែលកន្លែងដទៃទៀតមិនទាន់មាន ជាមួយនឹងការជឿជាក់ ផងដែរថា មន្ទីរពេទ្យកុមារអង្គរ មិនត្រឹមតែជាមន្ទីរពេទ្យ ដែលបានផ្តល់ការថែទាំព្យាបាលជម្ងឺកុមារដ៏ត្រឹមត្រូវនោះទេ តែមន្ទីរពេទ្យមួយនេះ គឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏មានប្រសិទ្ធភាព ។
លោកបានលើកបង្ហាញថា កិច្ចសហការរវាងមន្ទីរពេទ្យកុមារអង្គរ ជាមួយមន្ទីរពេទ្យកុមារទីក្រុង Westmeadបានជួយយ៉ាងច្រើន ដល់ការធ្វើឲ្យប្រសើរឡើងនូវជំនាញសុខភាពកុមារដល់វេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាក ហើយជាលទ្ធផល ពួកគេមានសមត្ថភាពរឹងមាំផ្នែកវេជ្ជសាស្ត្រ និងបានទទួលចំណេះដឹងបន្ថែម ដែលជួយឲ្យពួកគេអាចធ្វើរោគវិនិច្ឆ័យ និងផ្តល់ការព្យាបាល បានល្អប្រសើរ ដែលជាកត្តារួមចំណែក ធ្វើឲ្យសេវាសុខភាពនៅមន្ទីរពេទ្យកុមារអង្គរ កាន់តែមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ។ លោកថា ៖ សូមឲ្យលោកពេទ្យទាំងអស់ យកគុណភាពនៃការចេះដឹងទាំងអស់នេះ ទៅផ្សព្វផ្សាយ ចែករំលែក បញ្ជូនទៅឲ្យសហភាតរៈរបស់ខ្លួន ដែលមិនបានមកទទួលការសិក្សារនៃវគ្គដ៏មានសារសំខាន់នេះ ។ លោកបញ្ជាក់់់់់់់់់បន្ថែមថា ការចែករំលែកចំណេះដឹង គឺជាកាតព្វកិច្ច ក្នុងក្រមសីលធម៌ របស់គ្រូពេទ្យ ៕
ដោយគឿនវេត