សព្វថ្ងៃនេះកញ្ញា សោម ម៉ាល័ក្ខ កំពុងទទួលបានការពេញនិយម និងគាំទ្រពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសមិត្ដយុវវ័យតែម្ដង។ ទោះបីជាមានភាពមមាញឹកនឹងការងារសិល្បៈយ៉ាងណា ក៏កញ្ញាមិនដែលធ្វេសប្រហែសនូវការថែរក្សាសម្រស់ និងសុខភាពរបស់កញ្ញាឡើយ។ កញ្ញា សោម ម៉ាល័ក្ខ បានចូលខ្លួនមកបកស្រាយអំពីការថែរក្សាសម្រស់ជាមួយនឹងទស្សនាវដ្ដី សុខភាពយើង ដើម្បីប្រាប់ពីវិធីសាស្ដ្រនៃការថែរក្សាសម្រស់ និងការថែរក្សាសុខភាពរាងកាយរបស់ខ្លួនជូនប្រិយមិត្ដអ្នកអានទាំងអស់ ជាពិសេសគឺមិត្ដនារីទាំងឡាយឱ្យបានជ្រាបផងដែរ។
ប្រវត្ដិមុនឈានចូលវិស័យសិល្បៈ មុននឹងឈានជើងចូលវិស័យសិល្បៈ កញ្ញា ម៉ាល័ក្ខ ជាសិស្សម្នាក់ដែលរៀននៅវិទ្យាល័យសន្ធរម៉ុក។ ក្រោយមកកញ្ញា ម៉ាល័ក្ខ បានប្រឡូកចូលក្នុងវិស័យសិល្បៈនេះតាមរយៈពូ និងបងៗ ដែលពួកគាត់ជាសិល្បករជើងចាស់បានណែនាំឱ្យកញ្ញាចូលក្នុងវិស័យសិល្បៈនេះ។ កាលពីដំបូងកញ្ញា ម៉ាល័ក្ខ គ្រាន់តែជាតារាបង្ហាញម៉ូត និងថតស្ពតតែប៉ុណ្ណោះ។
ពេលបច្ចុប្បន្ននេះ កញ្ញាបានក្លាយខ្លួនទៅជាតារាសម្ដែងកាយវិការខារ៉ាអូខេ និងខ្សែភាពយន្ដទៀតផង។ ចំពោះបទចម្រៀងដំបូងគេបង្អស់ដែលកញ្ញាបានសម្ដែង នោះគឺបទ ប្រុសមិនសង្ហា ជូតទឹកភ្នែកស្រីស្អាត រីឯខ្សែភាពយន្ដដំបូងវិញ គឺរឿងកែវភ្នែករបស់ស្ថានីយទូរទស្សន៍ ទទក និងខ្សែភាពយន្ដទី២ គឺរឿងភ័ព្វសំណាងរបស់ទូរទស្សន៍9ជទណប។
ការថែរក្សាសម្រស់ ខណៈពេលដែលកញ្ញា សោម ម៉ាល័ក្ខ មានភាពមមាញឹកនឹងការងារសម្ដែង និងថតខ្សែភាពយន្ដយ៉ាងណាក៏ដោយ ក៏កញ្ញាមិនដែលធ្វេសប្រហែសក្នុងការថែរក្សាសម្រស់ និងសុខភាពនោះទេ។ ព្រោះកញ្ញាយល់ថា វាជាការចាំបាច់ណាស់ដែលត្រូវតែយកចិត្ដទុកដាក់បំផុត សុខភាពល្អនាំមកនូវភាពជោគជ័យ។ ខាងក្រោមនេះគឺជាវិធីថែរក្សាសម្រស់របស់កញ្ញា សោម ម៉ាល័ក្ខ ដែលបានធ្វើការអនុវត្ដន៍ជាប្រចាំ។ ការថែរក្សាសក់ ៖ សក់ជាផ្នែកមួយដ៏សំខាន់សម្រាប់មិត្ដនារីគ្រប់រូប។
ពេលមានកម្មវិធីម្ដងៗ កញ្ញាតែងតែធ្វើសក់ ជាប្រចាំ ហើយពេលខ្លះក៏មានលាបពណ៌ដែរ។ ក្រោយចប់ពីការសម្ដែង ឬកម្មវិធីណាមួយ ពេលត្រឡប់មកវិញកញ្ញាត្រូវតែសម្អាតសក់ជាមួយសាប៊ូជាប្រចាំរួចបន្ទន់តាមក្រោយ នេះជាវិធីសាស្ដ្ររបស់ម៉ាល័ក្ខ។ ការថែរក្សាស្បែកមុខ ៖ ចំពោះស្បែកមុខ កញ្ញា ម៉ាល័ក្ខ តែងតែប្រឈមមុខនឹងការផាត់់មុខច្រើនដង ដូច្នេះក្រោយពេល សម្រាកពីការងារ ពេលត្រឡប់មកដល់ផ្ទះវិញ កញ្ញា ម៉ាល័ក្ខ ត្រូវតែជូតមុខរួចលាងសម្អាតមុខជាមួយហ្វមលាងមុខជាប្រចាំ ព្រោះការធ្វើបែបនេះ ដើម្បីកុំឱ្យមុខមានបញ្ហាដោយសារធូលី ឬជាតិម្សៅ។
កញ្ញា ម៉ាល័ក្ខ តែងតែឧស្សាហ៍បិទម៉ាស និងបិទផ្លែបឺរផងដែរ ការធ្វើបែបនេះដើម្បីឱ្យផ្ទៃមុខមានសភាពម៉ដ្ឋរលោង និងម៉ដ្ឋខៃ។ ការថែរក្សាស្បែកដងខ្លួន ៖ ស្បែកជាផ្នែកមួយដ៏សំខាន់របស់មនុស្សដោយអត់ពុំបាន ដូចនេះហើយបានជាកញ្ញា ម៉ាល័ក្ខ លាបឡេថែរក្សាជាប្រចាំ។ ចំពោះស្បែកដងខ្លួនវិញភាគច្រើនគឺលាបឡូសិនការពារកម្ដៅថ្ងៃ ក្នុងមួយសប្ដាហ៍កញ្ញា ម៉ាល័ក្ខ ខាត់ស្បែក មួយដង ដោយខាត់ជាលក្ខណៈធម្មជាតិ ដូចជាក្រូចពោធិ៍សាត់ និងអម្ពិលទុំជាដើម។
ការថែរក្សាធ្មេញ ៖ សុខភាពមាត់ធ្មេញគឺជារឿងមួយដ៏សំខាន់សម្រាប់មនុស្សម្នាក់ៗ ហេតុនេះហើយបានជាកញ្ញាត្រូវតែ សម្អាតមាត់ធ្មេញជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃយ៉ាងតិច៣ដង។ ហើយការទៅពិនិត្យសុខភាពមាត់វិញកញ្ញា ម៉ាល័ក្ខ ទៅពិនិត្យរៀងរាល់៦ខែម្ដង និយាយរួម១ឆ្នាំ២ដងដែរ។
ការថែរក្សាភ្នែក ៖ ទាក់ទងនឹងការថែរក្សាភ្នែកកញ្ញាមានការលំបាកបន្ដិច ដោយកញ្ញាជាតារាសម្ដែង និងតារាភាពយន្ដ ដូចនេះការតុបតែងនៅត្រង់បរិវេណភ្នែកច្រើនជាងគេ ជាហេតុធ្វើឱ្យកញ្ញាមានការលំបាកក្នុងការថែរក្សា។ នៅពេលទំនេរពីការងារសិល្បៈ កញ្ញាតែងតែយកត្រសក់មកបិទនៅត្រង់បរិវេណភ្នែក ឬជាម៉ាសបិទភ្នែក ព្រោះការធ្វើបែបនេះដើម្បីឱ្យភ្នែកមានសភាពស្រស់ស្អាត។ ការថែរក្សារោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ទាក់ទងនឹងរោមចិញ្ចើមម៉ាល័ក្ខឧស្សាហ៍កោរ ជាពិសេសនៅពេលដែល ផាត់មុខ គេតែងតែកោរចិញ្ចើមជានិច្ច ដើម្បីឱ្យចេញរាងមកឃើញស្អាត។
ចំពោះរោមភ្នែកវិញកញ្ញា ម៉ាល័ក្ខ តែងតែប្រើម៉ាស្ការ៉ាជាប់ ព្រោះជំនួយដល់រោមភ្នែក។ ចំពោះបបូរមាត់វិញភាគច្រើនកញ្ញា ម៉ាល័ក្ខ ឧស្សាហ៍លាបក្រែមរលោងដើម្បីកុំឱ្យបបូរមាត់មានសភាពស្ងួត និងប្រេះ។ ការថែរក្សាក្រចកដៃ និងក្រចកជើង ៖ ទាក់ទងនឹងការថែរក្សាក្រចកដៃ និងក្រចកជើងវិញ កញ្ញាម៉ាល័ក្ខនិយមចូលចិត្ដ ធ្វើការកាត់ក្រចក និងលេងម៉ូតក្រចកជាប្រចាំមិនសូវជាខាននោះទេ ព្រោះនេះជាចំណង់ចំណូលចិត្ដតាំងពីក្មេងមក។
ការថែរក្សាសុខភាពរាងកាយ មួយសប្ដាហ៍កញ្ញាធ្វើលំហាត់ប្រាណបានពីមួយដងទៅពីរដងដែរ។ ប្រសិនជាមានពេលទំនេរពីការងារសិល្បៈវិញ កញ្ញា ម៉ាល័ក្ខ ធ្វើលំហាត់ប្រាណ១សប្ដាហ៍ម្ដង ដូចជានៅក្នុងក្លឹបហាត់ប្រាណជាដើម។
គោលបំណងទៅថ្ងៃអនាគត មនុស្សគ្រប់ៗរូបតែងតែត្រូវការអាជីពមួយដ៏ពិតប្រាកដទៅថ្ងៃអនាគត។ ក្រៅពីការងារសិល្បៈនាពេលបច្ចុប្បន្ននេះ កញ្ញា ម៉ាល័ក្ខមានគោលបំណងទៅថ្ងៃអនាគតចង់បើកជាហាងកែសម្ផស្សមួយ។ ចំពោះការងារសិល្បៈវិញប្រសិនបើទស្សនិកជននៅតែគាំទ្រ ម៉ាល័ក្ខនៅតែបន្ដអាជីពជាអ្នកសិល្បៈដដែល។
បណ្ដាំផ្ញើរបស់កញ្ញា សោម ម៉ាល័ក្ខ សូមបងប្អូនគ្រប់រូបចេះថែរក្សាសុខភាព ប្រសិនបើសុខភាពមិនល្អនាំឱ្យមានការប៉ះពាល់ដល់ការងាររបស់លោកអ្នក។ ដូច នេះទោះបីជាមានការមមាញឹកនឹងការងារយ៉ាងណាក្ដី គួរតែលៃលកពេលវេលាបន្ដិចបន្ដួចហាត់ប្រាណដើម្បីសុខភាពផង ព្រោះសុខភាពគឺជារឿងមួយសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗដែលទាមទារឱ្យយកចិត្ដទុកដាក់ថែទាំដោយប្រុងប្រយ័ត្ន ដោយមិនអាចធ្វេសប្រហែសបានឡើយ។
ខាងលើនេះគឺជាយល់ឃើញ និងជាការអនុវត្ដន៍ផ្ទាល់របស់កញ្ញា សោម ម៉ាល័ក្ខ តែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាងកញ្ញា ជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។