ស្ទឹងត្រែង៖សាលាបឋមសិក្សា វាលព្រីងមានស្ថានភាពចាស់ទ្រុឌទ្រោម មានបញ្ហាប្រឈមដល់ការ សិក្សា ដោយសារពេលថ្ងៃក្តៅ ពេលភ្លៀងសាចទឹកចូល រំខានដល់ការបង្រៀន របស់លោកគ្រូអ្នកគ្រូ និងការសិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋ។
លោកស្រី នង សុខា គ្រូបង្រៀនតំណាងឲ្យលោកគ្រូអ្នកគ្រូ និងមាតាបីតាសិស្ស នៅសាលាបឋមសិក្សា ភូមិវាលព្រីងសង្កាត់សាមគ្គី ក្រុង ស្ទឹងត្រែងបានបញ្ជាក់ថាៈ ភាពលំបាកនេះ អាជ្ញាធរមូលដ្ឋានក៏ដូចជាស្ថាប័នពាក់ព័ន្ធ មិនទាន់ដោះស្រាយបាន ទៅតាមសំណូមពរនៅឡើយទេ ពីព្រោះសាលារៀននេះ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស បានស្នើសុំឲ្យសាងសង់ថ្មី ជាយូរឆ្នាំមកហើយ។ លោកស្រីបានត្អូញត្អែរថាៈគ្រូនិងសិស្សបានស៊ូទ្រាំភាពលំបាកនេះ ហេតុតែចង់រៀននិងបង្រៀន ឲ្យកូនចៅប្រជាពលរដ្ឋ មានចំណេះវិជ្ជាស្របទៅតាមសង្គម ដែលកំពុងមានការអភិវឌ្ឍន៏ សំណូមពរឲ្យធ្វើសាលាថ្មី សាលាថ្ម អីអញ្ចឹងទៅអានេះចង្អៀតហើយក្តៅទៀត ពេលថ្ងៃទៅក្តៅក្មេងៗពិបាករៀន ពេលថ្ងៃឡើងបែកញើសក្តៅណាស់ ក្តៅសង្កី អញ្ចឹងចង់បានសាលាថ្មត្រជាក់កូនៗទាំងអស់គ្នាចង់បានសាលារៀនថ្មី។
លោក ប៉ាល សុវណ្ណារ៉ានាយកសាលានេះបានទទួលស្គាល់ថាៈភាពលំបាកទាំងនេះ ពិតជាបានរំខានមកដល់ការសិក្សា និងធ្វើឲ្យកូនចៅប្រជាពលរដ្ឋមួយចំនួន ត្រូវបោះបង់ចោលសាលា ខ្លះមានលទ្ធភាពចេញទៅរៀនសាលាផ្សេងក្រៅពីនេះ ។
លោកនាយកសាលាអះអាងថា៖ ចំពោះការស្នើសុំសាលាថ្មីនេះ មន្ទីរអប់រំយុវជននិងកីឡា បានប្រឹងប្រែងជួយធ្វើអន្តរាគមន៍ ទៅលើសំណើរនោះរួចមកហើយ បច្ចុប្បន្នទទួលបានដំណឹងថា ក្រសួងអប់រំផ្តល់ គម្រោងសាងសង់សាលាថ្មី និងចាប់អនុវត្តក្នុងពេលដ៏ឆាប់ខាងមុខ ជាការពិតហើយគាត់មកសិក្សាផ្ទាល់ ចំណុចប្លង់ត្រៀមហើយ រៀបចំសាងសង់នៅដើមខែ៨ខែ៩នេះហើយ គម្រោងធ្លាក់មកទាំងពីរ សំរាប់ជួយសាលា ចំណុចពាក់កណ្តាលវាលព្រីង និងព្រៃចាស់នេះ ដោយមានការគ្រប់គ្រងគាំទ្រ ពីក្រសួងអប់រំយុវជននិងកីឡារបស់យើង ដើម្បីកុមារនៅទីនេះ បានសិក្សាមាននិរត្តរភាពមកដល់សព្វថ្ងៃ និងមានសិស្សកាន់តែច្រើនឡើង។
លោកអាន់ តូនីសូ ប្រធានសមាគមន៏ខ្មែរជួយខ្មែរ សហរដ្ឋអាមេរិក បានសំដែងការគាំទ្រដល់ការរៀបចំសាងសង់ឲ្យមានសាលាថ្មី ពីព្រោះវាធ្វើឲ្យវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជារីកចំរើន ពីទីក្រុងដល់ទីជនបទ កូនចៅប្រជាពលរដ្ឋមានចំណេះដឹងល្អ ។
លោកប្រធានសមាគន៍បញ្ចាក់ថាៈ កន្លងមកសមាគន៍ខ្មែរជួយខ្មែរ បានជួយឧបត្ថម្ភសម្ភារៈសិក្សា យានជំនិះផ្សេងៗ និងជួយរៀបចំបរិស្ថាន នៅទីនេះបានល្អប្រសើរផងដែរ ។
សូមបញ្ជាក់ថា៖ សាលារៀបវាលព្រីងក្នុងសង្កាត់សាមគ្គីនេះ បច្ចុប្បន្នសាងសង់ពីឈើ ប្រក់ដែកសង្កសី មានស្ថានភាពចាស់ទ្រុឌទ្រោម មានសិស្សរៀនចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ និងសាលាមត្តេយ្យមួយផងមានចំនួនសិស្ស ១៨៥នាក់ ហើយថ្នាក់រៀនមានតែ ៣បន្ទប់ប៉ុណ្ណោះ៕