ខេត្តកំពត៖ ឯកឧត្ដមអ៉ឹង ម៉េងហួរប្រធានក្រុមប្រឹក្សាខេត្តកំពត បានមានប្រសាសន៍ សំណូមពរផ្ដាំផ្ញើ ដល់សមាជិកសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែបទាំងអស់ ត្រូវបន្តការខិតខំរួមសាមគ្គីគ្នា រិះរកការដោះស្រាយបញ្ហាក្នុងកាលៈទេសៈ នៃវិបត្តិនានាពិសេសបញ្ហាទីផ្សារលក់ផលិតផលអំបិលបច្ចុប្បន្នដែលកំពង់ជួបប្រទះ ដើម្បីជាប្រយោជន៍រួមសម្រាប់សមាជិកសហគមន៍ទាំងអស់គ្នា។ ឯ.ឧអ៉ឹង-ម៉េងហួរបានមានប្រសាសន៍បែបនេះបន្ទាប់ពីសមាជិកសហគមន៍បានចូលរួមតមិលើកជាយោបល់ព្រួយបារម្ភពីបញ្ហាវិបត្តិទីផ្សារអំបិលដែលប្រឈមការលក់ចេញនិងនាំអោយខ្វះទុនផលិតបន្ថែមទៀតនៅឆ្នាំក្រោយៗ។ នៅក្នុងឱកាសដែលឯកឧត្ដមបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៦និងលើកទិសដៅសម្រាប់ឆ្នាំបន្ត របស់សហគមន៍ អ្នកផលិតអំបិលខេត្តកំពត-កែបដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០១៦។ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តកំពត បានមានប្រសាសន៍ថាបើទោះបីក្នុងកាលៈទេសៈនេះបញ្ហាផលិតផលអំបិលដូចសព្វថ្ងៃមានវិបត្តិការលក់ចេញលើទីផ្សារ ដែលនាំឲ្យមានការជួបប្រទះប្រឈមនិងការប្រមូលផលទុនក៏ពិតមែន ប៉ុន្តែគួរឲ្យបងប្អូនពិនិត្យពិចារណាររក្សាសាមគ្គីគ្នាពង្រឹងការគ្រប់គ្រងនិងការផលិតអោយបានកាន់តែមានគុណភាពល្អនិងរឹងមាំថែមទៀតយ៉ាងហោចណាស់ក៏គួរអោយចប់អាណត្តិ៥ឆ្នាំរបស់សហគមន៍ដែលនៅសល់តែ២ឆ្នាំទៀតប៉ុណ្ណោះ។ឯ.ឧ ប្រធានក្រុមប្រឹក្សាខេត្តបានបន្តទៀតថាក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះបន្ទាប់ពីសហគមន៍បង្កើតនិងបានដំណើរការឡើង សមាជិកសហគមន៍អ្នកផលិតអំបិលតែងតែទទួលបានផលប្រយោជន៍នៃសមិទ្ធិផលពីសហគម៍យ៉ាងគួរសម ប៉ុន្តែទើបតែ២ឆ្នាំចុងក្រោយនេះជួបការលំបាកដោយសារបរិមាណអំបិលមានការផលិតមានការកើនឡើងដែលនាំអោយមានការកកស្ទះនៅក្នុងឃ្លាំងច្រើន។ ប៉ុន្តែបើពិនិត្យតាមស្ថានភាពតួលេខជាក់ស្ដែងការលក់ចេញឃើញថាមានការប្រហាក់ប្រហែលនិងឆ្នាំកន្លងទៅគឺមិនក្រោមជាង១០ម៉ឺនតោនឡើយគ្រាន់តែធ្វើឲ្យអំបិលប្រភេទលេខ៣គ្មានទីផ្សារនិង តម្លៃធ្លាក់ចុះពី១០០០រៀលឬ២០០០រៀលប៉ុណ្ណោះ ។ហើយបើពិនិត្យបរិមាណអំបិលស្តុកក្នុងឃ្លាំងមាននៅសល់រហូតជាង៣០ម៉ឺនតោនគឺមិនមានបញ្ហាធ្ងន់ធ្ងរឡើយគ្រាន់តែកប់ទុនបំរុងសម្រាប់ការផលិតឆ្នាំក្រោយៗទៀតប៉ុណ្ណោះ។ ឯ.ឧ ប្រធានក្រុមប្រឹក្សាខេត្តក៏បានគូសបញ្ជាក់រំលឹកអោយដឹងផងដែរទៀតថា បញ្ហាការជួបប្រទះការលំបាកចំពោះអ្នកផលិតអំបិលខេត្តកំពតខេត្តកែបមិនមែនទើបតែជួបនៅក្នុងកាលៈទេសៈនេះទេ គឺយើងបានឆ្លងកាត់ច្រើនដំណាក់កាលពីមុនមករួចមកហើយក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។ ដូចជានៅចន្លោះឆ្នាំ៧៩ដល់ឆ្នាំ៩០ គឺរដ្ឋជាអ្នកគ្រប់គ្រង ក្នុងពេលនោះអំបិលមានតម្លៃត្រឹមតែ២រៀលប៉ុណ្ណោះហើយដឹកចែកចាយគ្រប់ខេត្ត រីឯចំពោះបរិមាណការផលិតបានតិចមិនឆ្លើយតបប្រើប្រាស់ទីផ្សារទេ។ដូច្នេះហើយ ដោយមើលឃើញពីបញ្ហាប្រឈម ទាំងការលក់ ការផលិត មានបញ្ហាការលំបាកជាច្រើនហើយក៏ត្រូវឈានដល់អោយមានការធ្វើកំណែទម្រង់ពីសំណាក់សម្ដេចតេជាហ៊ុន-សែនអោយមានការរំសាយជាលក្ខណៈឯកជនដូចសព្វថ្ងៃនេះ។ និង ជាបន្តបន្ទាប់ទៅតាមដំណាក់កាលនីមួយៗរហូតចងក្រងបង្កើតបានជាសហគមន៍ឡើងយើងពិនិត្យឃើញថា មានផលប្រយោជធ៍រីកចម្រើនសម្រាប់សមាជិកទាំងអស់គ្នាផងដែរ។ ដូច្នេះក្នុងកាលៈទេសៈបច្ចុប្បន្ននេះ គួរសមាជិកសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែបទាំងអស់ ត្រូវរួមគ្នាពិភាក្សារិះរកដំណោះស្រាយ ពិសេសការពង្រឹងប្រព័ន្ធគ្រប់គ្រង បច្ចេកទេសផលិតអោយមានគុណភាពប្រកួតប្រជែងទីផ្សារល្អគួបផ្សំការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលផងនោះ យើងសង្ឃឹមថាយើងនឹងមានការរីកចម្រើនបន្តទៀត ។ហើយបើមានការរំសាយសហគមន៍ មានតែការខាតប្រយោជន៍និងលំបាកជាងនេះទៅទៀត ពោលគឺការផ្ដល់ឱកាសដល់ឈ្មួញជាអ្នកទទួលផល ចំណែកអ្នកផលិតជាអ្នកខាតដោយសារការដំលាក់តម្លៃ និងការប្រកួតប្រជែងនៃការលក់របស់អ្នកផលិតទៅតាមឈ្មួញអោយថ្លៃតែបណ្ណោះ។ គួរជំរាបជូនថា បើយោងតាមរបាយការណ៍ក្នុងអង្គសន្និបាតនាឱកាសនេះបាន អោយដឹងថាបច្ចុប្បន្ននៅក្នុងឆ្នាំ២០១៦នេះ សហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប មានមណ្ឌលផលិតចំនួន៧ មានក្រុមអ្នកផលិតចំនួន២០០ មានផ្ទៃដីផលិតចំនួន ជាង៤.៥៧៨ហិចតា។ហើយបើប្រៀបធៀបបរិមាណការផលិតបានប្រហាក់ប្រហែល ឆ្នាំ២០១៥កន្លងទៅដែរនិងធ្វើអោយការប្រមូលផលលើសផែនការនិងលើសតំរូវការទីផ្សារដោយមានចំនួនសរុបជាង ១៤ម៉ឺនតោន ហើយបរិមាណ អំបិលនៅសល់ស្តុកក្នុងឃ្លាំង មានចំនួនសរុបជិត៣២ម៉ឺនតោន។ រីឯចំពោះការលក់ចេញ បានសរុបចំនួនជាង២លានបាវ ស្មើនឹងជាង១០ម៉ឺនតោន ៕