ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋ និងអាជីវករក្នុងខេត្តប៉ៃលិន និងតាមបណ្តារខេត្តមួយចំនួន ដែលបានដាំដុះ និងរកស៊ីលើដំណាំស្វាយកែវល្មៀត មានការខកចិត្តយ៉ាងខ្លាំង ខណៈពេលដែលអាជ្ញាធរប្រទេសថៃ បិទការនាំចេញស្វាយពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ជាហេតុធ្វើឲ្យពួកគាត់ ឡើងមកតវ៉ានៅក្នុងបរិវេណមន្ទីរកសិកម្មខេត្ត ដើម្បីឲ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញ រកដំណោះស្រាយឲ្យពួកគាត់។ ការតវ៉ានេះប្រព្រិត្តទៅកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងបរិវេណមន្ទីរកសិកម្មខេត្តប៉ៃលិន ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានប្រជាពលរដ្ឋ និងអាជីវករប្រមាណជាង៤០នាក់ ។
តំណាងអាជីវករឈ្មោះ អោម ពេជ្រ ភេទប្រុស អាយុ៣៨ឆ្នាំ មកពីខេត្តកណ្តាល និងឈ្មោះ ហុក ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅខេត្តប៉ៃលិន បានឱ្យដឹងដូចៗគ្នាថា គោលបំណងដែលពួកគាត់មកមន្ទីរកសិកម្មខេត្តប៉ៃលិននេះ គឺដើម្បីទាមទារឱ្យខាងអាជ្ញាធរខេត្ត និងក្រសួងកសិកម្ម ជួយរកដំណោះស្រាយក្នុងការនាំចេញផ្លែស្វាយកែវល្មៀត ដែលប្រជាពលរដ្ឋបានដាំនៅតាមចម្ការនានាទូទាំងប្រទេស ដើម្បីយកទៅលក់នៅប្រទេសថៃតាមច្រកអន្តរជាតិព្រំ នៃខេត្តប៉ៃលិន ។ ដោយកាលពីថ្ងៃទី៨ ខែកញ្ញាកន្លងទៅ ខាងភាគីថៃបានប្រជុំគ្នាសម្រេចផ្អាកលែងឲ្យនាំផ្លែស្វាយរបស់ខ្មែរ ទៅលក់នៅក្នុងទឹកដីប្រទេសគេតទៅទៀត ព្រោះគេពិនិត្យឃើញថាស្វាយខ្មែរ មានមេរោគច្រើន ហើយក៏សម្រេចផ្អាកយ៉ាងនេះតែម្តង ។ ប្រភពព័ត៌មានបន្តថា៖ បើសិនជាពុំមានដំណោះស្រាយណាមួយទេ ប្រជាពលរដ្ឋនឹងជួបការលំបាកក្នុងជីវភាពគ្រួសារ ម្យ៉ាងវិញទៀត ខាងអាជីវករ និងប្រជាពលរដ្ឋនឹងនាំគ្នាតវ៉ាម្តងទៀតជាទ្រង់ទ្រាយធំ បើគ្មានដំណោះស្រាយជូនពួកគាត់នោះទេ ។
ពាក់ព័ន្ធបញ្ហានេះលោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានឱ្យដឹងថា៖ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ខាងមន្ទីរបានធ្វើរបាយការណ៍ទៅក្រសួងកសិកម្មរួចហើយ ដោយខាងអាជ្ញាធរខេត្តក៏បានបង្កើតគណៈកម្មការ គឺក្រុមការងារជម្រុញការនាំចេញកសិផលទៅប្រទេសថៃ ដែលមានសមាសសភាពទាំងអស់ចំនួន១៣រូប ដើម្បីដោះស្រាយជាមួយភាគីថៃនៅថ្ងៃទី១៤ ខែកញ្ញាស្អែកនេះ ។ លោកបន្តទៀតថា ខាងភាគីថៃ គេពិនិត្យឃើញថា ផ្លែស្វាយរបស់ខ្មែរយើងមានបញ្ហា៣យ៉ាង ទី១-ព្រួយបារម្ភក្រែងមានបាក់តេរីនៅក្នុងផ្លែស្វាយ ទី២-មានសត្វល្អិតមួយចំនួននៅក្នុងគ្រាប់ និងទី៣-ផ្លែស្វាយមានមេរោគផ្សិតនៅក្នុងផ្លែផងដែរ ទើបភាគីថៃគេផ្អាកការនាំចូល និងឱ្យខាងភាគីខ្មែរធ្វើកន្លែងពិនិត្យគុណភាពទាំងនោះជាមុន ។ លោកប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា៖ភាគីខ្មែរយើង ក៏កំពុងរៀបចំកន្លែងពិនិត្យគុណភាពផ្លែឈើមួយកន្លែងនៅស្រុកបវេល ខេត្តបាត់ដំបង ដើម្បីឱ្យភាគីថៃទទួលស្គាល់ពីគុណភាពកសិផលរបស់ខ្មែរយើងផងដែរ ៕