សៀមរាប៖ កំណាត់ផ្លូវវង់តូចចាប់ពីខាងកើតកសិន្ធុអង្គរវត្ត ដល់ខាងកើតស្រះស្រង់ប្រវែង៣៧៥៨ម៉ែត្រ ដែលរងនូវការខូចខាតដោយអន្លើ នឹងត្រូវចំណាយពេលប្រហែល៤ខែដើម្បីដំណើរការជួសជុលកែលម្អឡើងវិញ។ គម្រោងនេះបានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០១៧ ដែលទទួលបន្ទុកជួសជុលដោយនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា។
តាមការបញ្ជាក់របស់លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យ បានឱ្យដឹងថា៖ គម្រោងកែលម្អផ្លូវវង់តូចពីខាងកើតកសិន្ធុអង្គរទៅដល់ខាងកើតស្រះស្រង់ គឺត្រូវបញ្ចប់ត្រឹមចំណុចខាងត្បូងស្រះស្រង់សិន ដើម្បីទុកលទ្ធភាពរកផ្លូវវាងប្រាសាទបន្ទាយក្តីនិងស្រះស្រង់នាពេលខាងមុខ។ បច្ចុប្បន្នផ្លូវនេះមានទទឹងពី៥ម៉ែត្រទៅ៦ម៉ែត្រ តែអាជ្ញាធរជាតិអប្សរានឹងត្រូវកែលម្អឱ្យបានទទឹងសរុប៩ម៉ែត្រ ដូចផ្លូវពីមុខអង្គរវត្តទៅក្លោងទ្វារទន្លេអុំដែរ។ លោកបន្តទៀតថា៖ ក្នុងការកែលម្អផ្លូវនេះ គឺត្រូវពង្រីកគ្រឹះរងជាប្រភេទគ្រួសក្រហមកម្រាស់២០សង់ទីម៉ែត្រសងខាងឱ្យបានទទឹង៩ម៉ែត្រ បន្ទាប់មកក្រាលគ្រឹះចម្បងពីល្បាយថ្មកម្រាស់១៥សង់ទីម៉ែត្រលើផ្ទៃផ្លូវទាំងមូលដែលមានទទឹង៩ម៉ែត្រនោះ។ ជំហានបន្ត គឺក្រាលកម្រាលប្រភេទDBST៦ម៉ែត្រនៅកណ្តាល និង១.៥ម៉ែត្រអមសងខាងជាប្រភេទSBST។ បន្ថែមពីនោះ ក៏មានផ្លូវវាងដើមឈើមួយចំនួនដើម្បីរក្សាការពារដើមឈើទាំងនោះទៀតផង។
ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ផងដែរពីការរៀបចំផ្លូវចរាចរណ៍ គឺជាផ្នែកមួយដ៏សំខាន់នៃផែនការគ្រប់គ្រងទេសចរណ៍អង្គរ។ ផ្លូវមិនត្រឹមតែបម្រើឲ្យវិស័យទេសចរណ៍ទេ តែវាបានជួយសម្រួលដល់ការធ្វើចរាចរនិងការដឹកជញ្ជូនប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទៀតផង។ កំណាត់ផ្លូវដែលគ្រោងនឹងជួសជុលកែលម្អនេះ គឺធ្វើលើផ្លូវចាស់ដែលមានស្រាប់ មិនមែនពង្រីកឬធ្វើថ្មីនោះទេ គ្រាន់តែរៀបចំឱ្យមានផ្លូវជិះម៉ូតូ-រថយន្តដោយឡែក ជិះកង់-ថ្មើរជើងដោយឡែក ដើម្បីសម្រួលដល់វិស័យទេសចរណ៍ឬការធ្វើដំណើរឆ្លងកាត់ជាប្រចាំ ព្រមទាំងដាក់ពណ៌ផ្ទៃផ្លូវឲ្យស៊ីគ្នានឹងទេសភាពវប្បធម៌នៃបេតិកភណ្ឌអង្គរ។ ការជួសជុលផ្លូវនេះដែរ ក៏មិនចេះតែធ្វើៗនោះទេ គឺបានឆ្លងយោបល់និងវាយតម្លៃពីអាយស៊ីស៊ីអង្គរ ដែលធានាបាននូវការមិនធ្វើឱ្យប៉ះពាល់ដល់តម្លៃបុរាណវិទ្យា និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
ឯកឧត្តមបន្ថែមថា តាមការកត់សម្គាល់ ការជួសជុលផ្លូវពីមុខអង្គរវត្តទៅបាយ័ន្តកន្លងមក ឃើញថាទទួលបានការពេញចិត្តនិងគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវដែលចូលចិត្តជិះកង់កម្សាន្ត។ ដូច្នេះ ការកែលម្អផ្លូវវង់តូចខាងកើតកសិន្ធុអង្គរដល់ខាងកើតស្រះស្រង់ ក៏សង្ឃឹមថានឹងទទួលបានការពេញចិត្ត សប្បាយរីករាយពីសំណាក់ទេសចរនិងប្រជាពលរដ្ឋក្នុងតំបន់ដូចគ្នានឹងការកែលម្អផ្លូវពីមុខអង្គរវត្តទៅបាយ័ន្តដូច្នោះដែរ។ ឯកឧត្តមបញ្ជាក់ទៀតថា អាជ្ញាធរជាតិអប្សរានឹងរៀបចំគម្រោងធ្វើផ្លូវរបៀបនេះឱ្យបានគ្រប់ទីកន្លែងក្នុងរមណីយដ្ឋានអង្គរនាពេលអនាគត ដើម្បីសម្រួលការធ្វើដំណើរនិងលើកកម្ពស់គុណភាពទស្សនាចរជូនភ្ញៀវទេសចរ ព្រមទាំងចូលរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរ ឱ្យស្របតាមគោលការណ៍ «អភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិរក្ស»៕