ខេត្តក្វាងស៊ីសន្យាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារកសិកម្មជាមួយអាជ្ញាធរជាតិអប្សរានៅភូមិធម្មជាតិរុនតាឯក

0

សៀមរាប៖ ប្រធានមន្ទីរកសិកម្មខេត្តក្វាងស៊ីប្រទេសចិន បានមកបំពេញទស្សនកិច្ចសិក្សានៅភូមិធម្មជាតិរុនតាឯក នៅរសៀលថ្ងៃទី៣ ធ្នូ ឆ្នាំ២០១៦។ ក្នុងដំណើរនោះ លោក បៃ ស៊ី (Bai Xi) ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិphoto_2016-12-04_11-57-40ធម្មជាតិរុនតាឯក ដោយក្នុងនោះលោកប្រធានមន្ទីរកសិកម្មខេត្តក្វាងស៊ី បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារកសិកម្មរវាងភាគីទាំងពីរ ឲ្យកាន់តែប្រសើរឡើងទៅមុខទៀត។

ថ្លែងទៅកាន់ប្រតិភូខេត្តក្វាងស៊ី ឯកឧត្ដម ម៉ី ម៉ារ៉ាឌី បានរំឭកពីប្រវត្តិ និងដំណើរដើមទងដែលធ្វើឲ្យមានការបង្កើតភូមិនេះឡើង។ ឯកឧត្ដមបានបន្ថែមថា ភូមិធម្មជាតិរុនតាឯក ចាប់ពីបង្កើតឡើងនៅឆ្នាំ២០០៤មក មានការរីកលូតលាស់ជាលំដាប់ ហើយការរីកចម្រើននេះក៏មានការចូលរួមពីដៃគូអភិវឌ្ឍន៍នានា ក្នុងនោះក៏មានមិត្តចិនផងដែរ។

ក្នុងចំណោមដៃគូអភិវឌ្ឍន៍ទាំងអស់ ក្រុមហ៊ុន Forword របស់មិត្តចិន បានកំពុងជួយលើការងារកសិកម្ម ព្រោះសព្វថ្ងៃនេះ ក្រុមហ៊ុនមួយនេះកំពុងរៀបចំផ្ទះកញ្ចក់ សម្រាប់ដាំដំណាំកសិកម្មចម្រុះក្នុងភូមិធម្មជាតិមួយនេះ។ គម្រោងនេះនឹងអាចជួយប្រជាពលរដ្ឋក្នុងភូមិជាង១០០គ្រួសារ មានជីវភាពល្អប្រសើរនាពេលដ៏ខ្លីខាងមុខ។

ថ្លែងទៅកាន់ប្រធានមន្ទីរកសិកម្មខេត្តក្វាងស៊ីទៀតដែរ ឯកឧត្ដម ម៉ី ម៉ារ៉ាឌី ក៏បានលើកពីចំណុចខ្វះខាតមួយចំនួនក្នុងភូមិរុនតាឯក ដែលជាទីតាំងធ្វើកសិកម្មថ្មី។ បញ្ហាទាំងនោះ រួមមានកង្វះខាតឧបករណ៍បច្ចេកទេសធ្វើកសិកម្ម ដូចជាគ្រឿងចក្រដើម្បីរានដី បញ្ហាប្រព័ន្ធធារាសាស្រ្ត និងកង្វះអ្នកជំនាញជាដើម ទាំងនេះហើយធ្វើឲ្យភូមិរុនតាឯក នៅពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតផលដំណាំនានាទៅតាមការបញ្ជាទិញរបស់ក្រុមហ៊ុនក្នុងស្រុក ។ ដូច្នេះស្នើសុំការជួយពីភាគីចិនជាមិត្ត។

ឆ្លើយតបនឹងសំណើខាងដើម ប្រធានមន្ទីរកសិកម្មខេត្តក្វាងស៊ី បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងពេញចិត្ត នៅពេលមានឱកាសចូលរួមការងារជាមួយរមណីយដ្ឋានអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក។ លោក បៃ ស៊ី បានសន្យាឲ្យអ្នកជំនាញរបស់លោកមកសិក្សា ដើម្បីឆ្លើយតបតាមការស្នើសុំរបស់អាជ្ញាធរជាតិអប្សរា។

លោកប្រធានមន្ទីរកសិកម្មខេត្តក្វាងស៊ី ក៏បានសន្យាផ្តល់ពូជដំណាំល្អៗ ដើម្បីមកដាំដុះនៅលើដីភូមិរុនតាឯក និងជ្រើសរើសពូជណាដែលមានភាពអំណោយផលនៅទីនេះផងដែរ។ លោកក៏បានសន្យាថានឹងផ្តល់អ្នកជំនាញការមកផ្ទាល់ ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងជំងឺផ្សេងៗ។

លោក បៃ ស៊ី បានសង្កត់ធ្ងន់ថា លោកមានជំនឿទុកចិត្តខ្លាំង ហើយនិងត្រួតពិនិត្យលើចំណុចផ្សេងៗ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត។

គួររំឭកថា ភូមិធម្មជាតិរុនតាឯក ត្រូវបានបង្កើតឡើងដោយមានការជ្រើសរើសប្រជាជនក្នុងតំបន់អង្គរឲ្យមករស់នៅ ដោយសារកំណើនយ៉ាងឆាប់រហ័សក្នុងតំបន់បេតិកភណ្ឌមួយនេះ។ បច្ចុប្បន្នមានគ្រួសារចំនួន ១០៣ហើយ ដែលត្រូវបានជ្រើសរើសឲ្យមកស្នាក់នៅ ដោយមានការផ្តល់ផ្ទះមួយខ្នង និងដីសម្រាប់ធ្វើកសិកម្ម។ ផ្ទៃដីសរុបនៃភូមិនេះមានចំនួន ១០១២ហិកតា ហើយគ្រោងនឹងពង្រីកបន្ថែមទៀតនាពេលអនាគត។ ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិនេះរួមមាន សាលារៀន មណ្ឌលសុខភាព វត្តអារាម ហើយភូមិនេះមានបឹងធម្មជាតិដ៏ធំមួយ គឺបឹងជាលា ដែលអាចស្តុកទឹកបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់លើវិស័យកសិកម្មជាដើម៕

photo_2016-12-04_11-57-31 photo_2016-12-04_11-57-36