ខេត្តរតនគិរី: សមត្ថកិច្ចជាច្រើនស្ថាប័ន ដែលមានវត្តមានឈរជើងនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវក្នុងអនុក្រឹត្យបាននឹងកំពុងអនុវត្តខុសពីភារកិច្ចតួនាទីខណៈ បទល្មើសដឹក
ជញ្ជូនឈើប្រណិតឈ្មួញមានឱកាសដឹកឆ្លងតាមច្រកទ្វារ អន្តរជាតិអូរយ៉ាដាវមួយនេះយ៉ាងកគ្រឹកកគ្រេង ក្នុងនោះពួកគាត់ជាសមត្ថកិច្ចប្រឹងហែកប្រយោជន៍ពីអំពើសូកប៉ាន់ បទល្មើសព្រៃឈើទាំង នេះចែកគ្នាយ៉ាងគឃ្លើន និងបែប ចំហរទៀតផង ។
យ៉ាងតិចក្នុងមួយថ្ងៃមានរថយន្តដឹកឈើប្រណិត ដោយប្រើរថយន្តសាំយ៉ុងធ្វើ ជាមធ្យោបាយដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាមតាមច្រក មួយនេះមានពី៣០-៤០គ្រឿង។ ការចេញ ឈើប្រណិតធ្វើឡើងទាំងយប់ទាំងថ្ងៃ បន្ទាប់ពីខាងគយនិងរដ្ឋាករ នគរបាលអន្តោប្រវេសន៍ កាំកុងត្រូល និងខាងស្នាក់ការច្រកដែល ឋិតក្រោមការគ្រប់គ្រងរបស់សាលាខេត្តបើក ភ្លើងខៀវ។ ក្រៅពីសមត្ថកិច្ចជាច្រើន ស្ថាប័នខាងលើ ក្នុងនោះមានសមត្ថកិច្ច មូលដ្ឋាន ជំនាញរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងក្រសួង បានពាក់ព័ន្ធក្នុងការទទួលយកសំណូក ទៅតាមការឯកភាពតម្លៃរវាងសមត្ថកិច្ចទាំងនេះ និងឈ្មួញចំពោះការចរចាលើ បបូរមាត់ទៀតផង។
ជាទូទៅចាប់ពីក្រុងបានលុង ខេត្តរតនគិរីទៅកាន់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គឺមាន សមត្ថកិច្ចជាច្រើនស្ថាប័ន បានដាក់ទីតាំងកុងត្រូលជជុះតាមដងផ្លូវជាតិ៧៨ សម្រាប់ឃ្លាំមើលរថយន្តដឹកឈើប្រណិត ដើម្បីរាប់ ក្បាលឡានយកលុយបណ្តាក់គ្នាដូចខ្យង។ ប៉ុន្តែលទ្ធផល បង្ក្រាប អាចនិយាយបានថា មានតម្លៃស្ទើរ ស្មើសូន្យទន្ទឹមនឹងពួកគាត់កំពុងឆ្ងាញ់ ក្នុងការទទួលលាភសក្ការៈពីក្រុមឈ្មួញ។
ជាធម្មតា ច្រកទ្វារអន្តរជាតិអូរយ៉ាដាវត្រូវ បានគេរាយការណ៍ពីទឹកដីប្រទេសវៀតណាមមកវិញថា ក្នុងមួយថ្ងៃឈើប្រណីតបានឆ្លងកាត់ ច្រកមួយនេះយ៉ាងតិចពី៤០០-៥០០ម៉ែត្រ គូប ដែលឈ្មួញខាងវៀតណាមមានសិទ្ធិ ទទួលទិញពីច្បាប់គយរបស់ប្រទេសគេ ។
គេបានរាយការណ៍មកថា សូម្បីតែ ទីតាំងស្តុកឈើដ៏ធំនៅកៀកបង្កើយ និង ច្រកទ្វារអន្តរជាតិអូរយ៉ាដាវនៅហាងលក់បាយ យីហោ “ធីតា” មានទាំងការស្តុកឈើ ទាំងការ ដឹកជញ្ជូនឈើប្រណិតចេញ នៅចំពោះមុខអាជ្ញាធរ សមត្ថកិច្ច ក៏គេពុំបានឃើញអស់លោក ដែលមានភារកិច្ចបង្ក្រាប បើកភ្នែកមើលដែរ ព្រោះរាល់សកម្មភាពទាំងនេះ សុទ្ធតែ ប្រភពសេដ្ឋកិច្ចឆ្នាំងបាយរបស់ពួកគាត់ ។ ទីតាំងស្តុកឈើខាងលើ ពេលដឹកឈើចេញគឺប្រើរថយន្តសាំយ៉ុងជាមធ្យោបាយដឹកជញ្ជូន ក្នុងមួយលើកៗដូចហែកឋិន ក្នុង នោះមានទាំងរថយន្ត អ្នកហែហមការពារ (បិទគូទ) ទាំងឈ្មួញ និងសមត្ថកិច្ច។
គេបានបញ្ជាក់ថា សកម្មភាពចេញឈើ ប្រណីតទៅប្រទេសវៀតណាម ច្រកទ្វារអន្តរជាតិអូរយ៉ាដាវនេះ ពីមុនធ្វើឡើងទាំងយប់ ទាំងថ្ងៃ ប៉ុន្តែក្រោយបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់រួច សមត្ថកិច្ចនៅច្រកមួយនេះ បានប្តូរពេលវេលា គឺកំណត់ឲ្យឈ្មួញដឹក ឈើទាំងអស់ ទាំងទ្រង់ទ្រាយតូច និងធំ ធ្វើយ៉ាងណា ដឹកឈើឆ្លងកាត់ ច្រកអន្តរ ជាតិអូរយ៉ាដាវឲ្យបានរួចរាល់មុនម៉ោង៧ ព្រឹកជាកំហិត ។
ឈ្មួញបានបង្ហើបថា ក្នុងរថយន្តមួយ គ្រឿងពួកគេត្រូវបានចំណាយយ៉ាងតិច ចាប់ពី១០០ដុល្លារ ៦០ម៉ឺនរៀល ឬ១លាន រៀល សម្រាប់សមត្ថកិច្ច ច្រកអន្តរជាតិអូរយ៉ាដាវនីមួយៗ ក្នុងនោះខាងមេគយតែ ម្តងបានកំណត់តម្លៃ ទី១-បើឈ្មួញធ្លាប់ ស្គាល់ បង់មួយរថយន្ត៦០ម៉ឺនរៀល ទី២-បើឈ្មួញមិនធ្លាប់ស្គាល់ ឬរថយន្តសាំយ៉ុងតិច តួច ត្រូវបង់១រថយន្ត១លានរៀល បើមិន ព្រមក៏មិនអនុញ្ញាតឲ្យឆ្លងកាត់។ ឈ្មួញបន្តថា មេគយច្រក និងលោក អីុ ចំរើន មេ នគរបាលអន្តោប្រវេសន៍គឺជាអ្នកតម្រូវឲ្យ ឈ្មួញបង់ប្រាក់ច្រើនជាងគេ ។ ម្យ៉ាងវិញទៀត បើច្រកអន្តរជាតិអូរយ៉ាដាវ ត្រូវបានបែក ធ្លាយដល់ថ្នាក់លើ ពួកគេបានបង្វែទិសដៅ ឲ្យឆ្លងកាត់ច្រករបៀប ដែលនៅជិតនោះ ហើយមេច្រករបៀង ក៏ត្រូវជាសាច់ញាតិ របស់លោក អីុ ចំរើនផងដែរ ។
ដោយឡែក ចែ រ៉ាន ហៅយាយទឹកនោមផ្អែម និងចែនាង ក៏ ជាមេឈ្មួញដ៏ធំ ក្នុងការដឹកជញ្ជូនឈើ ប្រណីតចេញពីក្រុងបានលុង ទៅកាន់ ច្រកអន្តរជាតិអូរយ៉ាដាវ ក្នុងម្នាក់ៗមានរថ យន្តសាំយ៉ុងពីរទៅបីគ្រឿងសម្រាប់ជា មធ្យោបាយដឹកជញ្ជូន និងមិនមានការ បង្ក្រាបណាមួយពីឈ្មួញនោះឡើយ ។
សមត្ថកិច្ចផ្សេងទៀត មិនត្រឹមតែរិះគន់ ថា បទល្មើសឈើប្រណិតកើតឡើង ដោយសារ មន្រ្តីពាក់ព័ន្ធបើកភ្លើងខៀវ និងការទទួល សំណូមប៉ុណ្ណោះទេ ។ ពួកគាត់ដែលមាន ឆន្ទះ គិតអំពីផលប្រយោជន៍រួមរបស់ជាតិ បានលើកឡើងថា សមត្ថកិច្ចជាច្រើន ស្ថាប័នឈរជើងនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវមានកំហុសក្នុងបទល្មើសឈើឆ្លង ដែននេះធ្ងន់ធ្ងរបំផុត។ យោងតាមមាត្រលេខ ៩៨នៃច្បាប់ព្រៃឈើ ប្រឈមនឹងការជាប់ពន្ធនាគារ ។ ក្នុងនោះកំហុសរបស់គាត់ បានលេចចេញជាក់ស្តែង ត្រង់ថាមន្រ្តីនគរ បាលអន្តោប្រវេសន៍មានភារកិច្ចត្រួតពិនិត្យ ការឆ្លងដែនរបស់ពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ ប៉ុន្តែយកតួនាទីភារកិច្ចនេះឲ្យ ឈើចរាចរទៅប្រទេសវៀតណាម ។
ដោយឡែកខាងកាំកុងត្រូលមានភារកិច្ច ពិនិត្យរាល់ការហូរចូលទំនិញ ចំណីអាហារ សាច់បន្លែហាមឃាត់ការនាំចូលចំណីអាហារ គ្រឿងកំប៉ុងមានជាតិពុលឬហួសកាលកំណត់ ការប្រើប្រាស់ក៏មកចាំរាប់ក្បាលរថយន្តដឹកឈើប្រណិតយកលុយផងដែរ ។ ចំពោះគយនិង រដ្ឋាករមានភារកិច្ចទប់ស្កាត់ទំនិញគេចពន្ធ និងត្រួតពិនិត្យរាល់ឯកសារប្រតិវេទន៍គយ នាំចេញ-ចូល ក៏ចាំរាប់ក្បាលរថយក្នុងមួយថ្ងៃរថយន្តដឹកឈើមានពី៣០-៤០ គ្រឿងឆ្លងទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ៕