ឃិន គន្ធា
បន្ទាយមានជ័យ ៖ឈ្មួញនាំត្រីចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានត្អូញត្អែរពីការបង់លុយឲ្យសមត្ថកិច្ចទាំងជំនាញ និងមិនជំនាញ ដែលបណ្តាក់គ្នាចាំយកលុយដូចខ្យង បានលើកឡើងថា បើអាចសុខចិត្តបង់ពន្ធចូលរដ្ឋជាជាងបង់លុយ
ឲ្យសមត្ថកិច្ចក្រៅផ្លូវការ ។ឈ្មួញនាំត្រី បានឲ្យដឹងទៀតថា ត្រីដែលនាំចូលនេះ គឺជាប្រភេទ ត្រីឡាបយ៉ា ត្រីត្រសក់ និងត្រីលិញហ៊ឺ សម្រាប់ឲ្យក្រពើស៊ី និងឲ្យត្រីឆ្តោ ស៊ីជាអាហារ ដោយក្នុងមួយថ្ងៃៗ នាំចូលពីប្រទេសថៃ ប្រមាណជាជិត១០តោន ក្នុង១តោនទិញពីប្រទេសថៃតម្លៃ១ម៉ឺនបាត និយាយរួមបើគិតជាប្រាក់រៀលទិញចូលក្នុង១គីឡូតម្លៃប្រមាណ១២០០រៀល ឯលក់ចេញវិញគឺក្នុង១គីឡូតម្លៃ១៤០០រៀល ។
ក្រៅពីនោះគឺមានការចូលត្រីប្រា ដែលជាត្រីប្រភេទល្អ សម្រាប់ធ្វើផ្អក ។ ចំពោះការនាំចូល និងដឹកជញ្ជូនដល់គោលដៅ ត្រូវចំណាយថវិការសរុប ក្នុង១រថយន្ត បង់ឲ្យសមត្ថកិច្ចអស់ប្រមាណជា១០ម៉ឺនរៀល ក្នុងនោះមានសមត្ថកិច្ច នគរបាល និងមន្ត្រីជលផលដែលយកក្នុងលក្ខណៈសមរម្យ និងយោគយល់ដល់ពួកគាត់ដែរ ។ ការរកមុខរបរនេះ គឺចំណេញតិច ដោយកាត់ថ្លៃកម្មករ ទឹកកក និងសាហុយនៃការដឹកជញ្ជូន សឹងតែមិនបាន១គីឡូ ១០០រៀល ។ ដូច្នេះ បើតម្រូវទៅតាមច្បាប់ ឲ្យរត់ច្បាប់ និងបង់ពន្ធតាមច្បាប់ មិនចំណេញឡើយ តែបើរដ្ឋកំណត់ឲ្យបង់ពន្ធចូលរដ្ឋក្នុង១ខែ ៣០ទៅ៤០ម៉ឺនរៀល ដើម្បីជួយប្រជាពលរដ្ឋ ដោយពុំចាំបាច់បង់ឲ្យសមត្ថកិច្ចណានោះ គឺអាចទៅរួច ហើយសុខចិត្តបង់ចូលរដ្ឋវិញ ព្រោះថាការនាំត្រីនេះ មិនមែននាំចូលបានរាល់តែថ្ងៃនោះទេ គឺអាស្រ័យទៅលើការការម៉ង់របស់ម៉ូយតែប៉ុណ្ណោះ ។ ម្យ៉ាងទៀត ការនាំត្រីចូលនេះ ដូចជាមិនខុសច្បាប់អ្វីទេ ផ្ទុយទៅវិញវាថែមទាំងបានកាត់បន្ថយ យ៉ាងច្រើនទៅលើការយកត្រីក្នុងស្រុក ធ្វើជាអាហារសត្វ ។
លោក នូវ លាង ប្រធានរដ្ឋបាលជលផលក្រុងប៉ោយប៉ែត បានឲ្យអ្នកសារព័ត៍មានដឹងថា ពិតជាមានការនាំចូលត្រីប្រភេទខាងលើ ពីប្រទេសថៃមកកម្ពុជា សម្រាប់ឲ្យក្រពើ និងត្រីឆ្តោស៊ី ពិតមែន តែចំពោះបញ្ហាដែលថា មានសមត្ថកិច្ចដទៃនៅចាំយកលុយពីឈ្មួញដូចការរៀបរាប់ខាងលើ គឺលោកមិនដឹងឡើយ ។ ដោយឡែករឿងដែលថា មន្ត្រីជលផលទទួលប្រយោជន៍ពី ការនាំត្រីខាងលើដែរ គឺ មិនបានទាមទានោះទេ តែមនោសញ្ចេតនា ឈ្មួញតែងឲ្យជាសាហុយសូដា សម្រាប់រត់ឯកសារ ឬថ្លៃសាំងតែប៉ុណ្ណោះ ។
សូមបញ្ចាក់ថា ការដឹកជញ្ជូនត្រីរបស់ឈ្មួញ តែងតែត្រូវបាន ចំណាយថវិការបង់ឲ្យសមត្ថកិច្ចតាមផ្លូវជាពិសេសមន្ត្រីជលផលដែលមានស្នាក់ការ សង្កាត់ ឬផ្នែក នៃតំបន់នីមួយ ៗ ដោយមិនអាចរំលងបានឡើង ៕ដោយ:ឃិន គន្ធា