ព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី ១៥ខែ កុម្ភះ ឆ្នាំ ២០១៤ លោក សំ លាងទ្រី ប្រធានមន្ទីរសារធារណៈការ នឹង ដឹកជញ្ជូនខេត្តព្រះវិហារ និង ជាអនុប្រធានប្រចាំការគណៈកម្មាការត្រួតពិនិត្យការដឹកជញ្ជូនលើសកំរិតទំងន់កំណត់ ខេត្ត បានចុះត្រួតពិនិត្យមើល ការអនុវត្តន៍ច្បាប់របស់ក្រុមជញ្ជីងចល័ត តើការអនុវត្តស្តីអំពីការត្រួតពិនិត្យមើលការផ្ទុកលើសកំរិតទំងន់កំណត់ មានភាពត្រឹមត្រូវដែររឺទេ? ពីព្រោះថាការអនុវត្តលើការដឹកជញ្ជូនមានរយៈពេល៥ខែកន្លងមក ធ្លាប់លេចលឺនូវពាក្យចរចាមរ៉ាមថា ក្រុមជញ្ជីងចល័តបានប្រព្រឹត្តនូវអំពើរពុករលួយ ស៊ីសំណូកសូកប៉ាន់ពីសំណាក់ក្រុមឈ្មួញដឹកជញ្ជូន
ធ្វើឱ្យជះឥទ្ធិពលអាក្រក់ដល់គណៈកម្មាការត្រួតពិនិត្យ ការដឹកជញ្ជូនលើលកំរិតទំងន់កំណត់ លោក សំ លាងទ្រី បានព្រមានធ្ងន់ៗ ដល់មន្ត្រីរបស់ខ្លួនថា បើសិននៅតែ មិនព្រមរៀងចាល ហើយនៅតែប្រព្រឹត្តផ្តេសផ្តាសទៀត ក្រុមមន្ត្រីនេះនឹងត្រូវដកចេញ មិនឱ្យអនុវត្តបន្តរទៀតទេ នឹង ដាក់ក្រុមថ្មីមកជំនួសវិញ ។
លោក ប្រធានមន្ទីរសារធារណការ នឹង ដឹកជញ្ជួនបានឱ្យដឹងទៀតថា រយៈពេល៥ខែដែលក្រុមរបស់លោក បានចុះធ្វើការអប់រំកែលំអរដល់បងប្អូនប្រជាពលរដ្ឋរកស៊ីដឹកជញ្ជូន សុំឱ្យការដឹកជញ្ជូនកុំឱ្យលើសទំងន់ នឹងបានឱ្យធ្វើកិច្ចសន្យា ម្តងជាពីរដង ចាប់ពីពេលនេះតទៅ ក្រុមការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យ លើការដឹកជញ្ជូន លើសកំរិតទំងន់កំណត់ នឹងចាប់ផ្តើមផាកពិន័យ ដោយមិនលើកលែងឱ្យឈ្មួញណាម្នាក់ឡើយ លោកសំ លាងទ្រី បានអះអាងបន្តរថា ការផ្ទុកលើសទំងន់ មិនត្រឹមតែបំផ្លិចបំផ្លាញផ្លូវប៉ុណ្ណោះទេ ថែមទាំងបង្ករឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជា ញឹកញាប់ទៀតផង។
លោក សំ លាងទ្រី បានបន្តថា គ្រប់ផ្លូវជាតិនៅទូទាំងខេត្តព្រះវិហារ លោកបានបែងចែកកម្លាំងជាច្រើនក្រុមក្នុងការថែទាំនឹង ជួសជុលជាប្រចាំ មិនឱ្យមានសំបុកមាន់ បែកប្រេះស្រាំឡើយ កិច្ចការទាំងអស់នេះ គឺជាការនែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសារធារណការ និង ឯកឧត្តមអភិបាលខេត្តព្រះវិហារ ឱ្យមន្ទីរសារធារណៈការ ខេត្ត យកចិត្តទុកដាក់ ក្នុងការថែទាំ នឹង ជួសជុល ទាំងផ្លូវជាតិ ទាំងផ្លូវលំ កុំឱ្យមានជង្ហុក សំបុកមាន់ឱ្យសោះ ។
ហើយលោកប្រធានមន្ទីរសារធារណៈការ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ រកស៊ីដឹកជញ្ជូនសូមមេត្តាគោរពច្បាប់ចរាចរណ៍ ស្តីពីការដឹកជញ្ជូន កុំអោយផ្ទុកលើសទំងន់កំណត់ចាប់ពីពេលនេះតទៅ ក្រុមអនុវត្តច្បាប់ នឹងចាប់ផ្តើមផាកពិន័យហើយ ដោយពុំមានការយោគយល់ឡើយ ។ ដោយ ឈឿង ចាន់