ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូអាយខនមួយគ្រឿង ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1BI-7854 ដែលបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកនិងម៉ូតូវេវមួយគ្រឿង ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលជិះដោយនារីម្នាក់បណ្ដាលអោយម៉ូតូរងការខូចខាតនិងមនុស្សរងរបួសស្រាល២នាក់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់ឈានចូលថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៤ត្រង់ចំណុចមុខធនាគារកាណាឌីយ៉ា ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់
ខណ្ឌ៧មករា។ យោងតាមសម្ដីរបស់អ្នកឃើញហេតុការណ៍នេះបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូអាយខនមួយគ្រឿងក្នុងល្បឿនលឿនពីទិសដៅកើតទៅលិច ខណៈមកដល់ចំណុចមុខធនាគារកាណាឌីយ៉ាខាងលើ
ក៏បានជ្រុលចង្កូតទៅបុកនិងម៉ូតូវេវមួយគ្រឿងដែលជិះដោយនារីម្នាក់កំពុងធ្វើដំណើរនៅខាងមុខបណ្ដាលអោយម៉ូតូទាំង២ដួលគលើគ្នារងការខូចខាត ហើយម្ចាស់ម៉ូតូទាំង២ក៏រងរបួសស្រាលផងដែរ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់
កន្លែងកើតហេតុ ប៉ុន្តែដោយភាគីម្ចាស់ទាំង២ព្រមធ្វើការដោះស្រាយគ្នានៅកន្លែងកើតហេតុបញ្ចប់រឿងព្រោះមិនចង់វែងឆ្ងាយតទៅទៀត៕