ក្លិបកាំភ្លើងធំ Arsenal បានទទួលនូវដំណឹងល្អមួយដោយសារតែ ខ្សែបម្រើស្លាបរបស់ក្លិប Bayern Munich គឺកីឡាករ Xherdan Shaqiri អាចនឹងត្រូវអវត្តមានសម្រាប់ការប្រកួត Champions League ជើងទី ១ នៅទឹកដី Emirates Stadium នៅយប់ថ្ងៃពុធ ។ តួរឯកដ៏សំខាន់សញ្ជាតិស្វីសវ័យ ២២ ឆ្នាំរូបនេះបានទទួលរងរបួសខណៈដែល Bayern យកឈ្នះលើ Freiburg ៤-០ កាលពីយប់ថ្ងៃសៅរ៍ហើយរូបគេត្រូវបានគេជឿថាបានរងរបួសភ្លៅធ្ងន់ធ្ងរ ។ ក្រោយពេលធ្វើការពិនិត្យរួចមក ក្លិប Bayern
បានប្រកាសថា ខ្សែបម្រើស្លាបរូបនេះនឹងត្រូវអវត្តមាន រហូតដល់ពីរសប្តាហ៍ឯណោះ ។ ក្លិប Bayern បានបង្ហោះសេចក្តីប្រកាសថា “Shaqiri នឹងត្រូវអវត្តមានក្នុងការប្រកួតជើងទី១ វគ្គ ១៦ ក្រុមចុងក្រោយជាមួយ Arsenal នៅថ្ងៃពុធព្រមទាំង
ការប្រកួតក្រៅដីជាមួយ Hannover នៅថ្ងៃអាទិត្យក្រោយផងដែរ” ។ គួរបញ្ជាក់ថា ព័ត៌មាននេះបានដាក់សម្ពាធបន្ថែមទៀតដល់គ្រូបង្វឹក Pep Guardiola ដោយសារតែ ក្លិបបានបាត់បង់កីឡាករម្នាក់រួចមកហើយគឺ Franck Ribery ដោយសារតែរបួស ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កីឡាករទាំងពីរនេះត្រូវបានគេរំពឹងថា នឹងអាចចូលលេងបានវិញ សម្រាប់ការប្រកួតជើងទី ២ ក្នុងទឹកដី Allianz Arena នៅថ្ងៃទី ១១ ខែមិនា ៕