បៃលិន៖ វាជារឿងមួយគួរឲ្យភ្ញាក់ផ្អើលបំផុតដែលមានមន្ត្រីគយតូចតាច ចិត្តសឿងហ៊ាននាំគ្នាប្តឹងមេកើយរបស់ខ្លួនទៅកាន់ថ្នាក់លើដោយសារតែ ការទ្រំអត់ធ្មត់លែងបានអំពើគាបសង្កត់ ក៏ដូចជាអំពើពុករលួយ ដែលមិនចេះចែករំលែកឲ្យកូនចៅបានរស់ ដែលបញ្ហានេះគេ
អាចចាត់ទុកថា គឺជាគំរួដ៏ល្អប្រពៃមួយក្នុងការចូលរួមចំនែកលប់បំបាត់អំពើពុករលួយ នៅក្នុងសង្គមឬជាការប្រមានសំរាប់មេគយឯទៀតៗដើម្បីទុកជាមេរៀន។ គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះបញ្តាញសារព័ត៌មាននិងគេហទំព័រក្នុងស្រុកមួយចំនួនបានធ្វើការចុះផ្សាយព្រោងព្រាតដោយមានខ្លឹមសារថាប្រធានសាខាគយនិងរដ្ឋករខេត្តប៉ៃលិន លោកអ៊ុក វណ្ណច័ន្ឋហើយនិងប្រធានការីយាល័យគយនិងរដ្ឋករច្រកព្រំលោកលឹម សម្បត្តិ ត្រូវបានមន្ត្រីក្រោមឪវាទ ឬមន្ត្រីពាក់ស័គ្គសចំនួន៣៣នាក់បានធ្វើការដាក់ពាក្យប្តឹងទៅកាន់អគ្គនាយកដ្ឋានគយនិងរដ្ឋករក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ។
ហើយនិងអង្គភាពប្រឆាំងអំពើពុករលួយដោយចោទថា ពួកគាត់បានឃុបឃិតគ្នាលួចបន្លំចំណូលពន្ឋរដ្ឋយកទៅច្រកហោប៉ៅធ្វើមានបានផ្លាល់ខ្លួននិងឃុបឃិតឲ្យមានការដឹកជញ្ជួនឈើក្រញ៉ូងពីប្រទេសថៃឆ្លងកាត់តាមច្រកព្រំយ៉ាងអនាធិបតេយ្យមិនធ្វើការបង្ក្រា។ បណ្តាញព័ត៌មានដែលបានធ្វើការដកស្រងសំដីពីមន្ត្រីគយដែលបាននាំគ្នាផ្តិតមេដៃប្តឹងលោក អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ បានសេសរថា មានមន្ត្រីគយនៅច្រកព្រំចំនួន២៧នាក់ ហើយនៅក្នុងសាខាខេត្តប៉ៃលិន មានចំនួន ៦នាក់ផ្សេងទៀត ដោយមន្ត្រីគយទាំង៣៣នាក់នេះ បានត្រៀមឯកសារ ភស្តុតាងជាច្រើន ដើម្បីសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយឬអង្គភាពសវនកម្ម ផ្ទៃក្នុង ដែលអាចនឹងចុះទៅធ្វើការស៊ើបអង្កេតជុំវិញពាក្យបណ្តឹងរបស់ពួកគេ ពាក់ព័ន្ធនឹងការកេងបន្លំបំបាត់ចំណូលពន្ធតាមជំនាញបច្ចេកទេសដែល ឃុបឃិតប្រព្រឹត្តដោយលោកអ៊ុក វណ្ណច័ន្ទនិងលោក លឹម សម្បត្តិ។
មន្ត្រីគយតូចតាចក៏មានការពន្យល់ត្រួសៗអំពីរបៀបបំបាត់ចំណូលពន្ធដែលប្រព្រឹត្តដោយ លោក អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ ដូចជាករណីបើកភ្លើងខៀវឲ្យក្រុមឈ្មួញមានលុយមានអំណាចដឹកឈើគ្រញូង មកពីស្រុកសៀម ចូលប្រទេសកម្ពុជាតាមច្រកព្រំនិងច្រករបៀង២កន្លែងទៀត ដែលនៅអមសងខាងច្រកព្រំ ហើយបើទោះបីជាឈើគ្រញូងមិនស្ថិតក្នុងប្រភេទទំនិញបង់ពន្ធក៏ដោយ ប៉ុន្តែក្រុមឈ្មួញត្រូវតែបង់លុយចូលហោប៉ៅរបស់លោក អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ បើមិនដូច្នេះទេការចរចារឈើគ្រញូងចូលតាមច្រកព្រំមិនអាចធ្វើការដឹកជញ្ជួញបានជាដាចច់ខាត។
ជាធម្មតាការដឹកជញ្ជួញ ឈើគ្រញូងចូលពីប្រទេសថៃតាមច្រកព្រំនៃខេត្តប៉ៃលិននេះត្រូវបានក្រុមឈ្មួញដឹកជញ្ជូន ឡើងតាមផ្លូវជាតិលេខ៥ មកកាន់រាជធាំនីភ្នំពេញ ឬឆ្លងស្ពានព្រែកក្តាមទៅស្រុកយួនតាមខេត្តកំពង់ចាមយ៉ាងរលូនល្អ ដែលក្នុងមួយថ្ងៃៗអាចមានចំនួនមិនតិចតោនឡើយ ជាប្រភពចំណូលធំបំផុតរបស់មន្ត្រីគយពុករលួយ អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ។ មានការបង្ហើបឲ្យដឹងផងដែរថា សម្រាប់ទំនិញជាប្រភេទកសិផល រួមមានសណ្តែកជាដើម ដែលក្នុងមួយរថយន្តផ្ទុកទម្ងន់មិនតិចជាង ៦០តោន ទៅ៧០តោន ដែលត្រូវបានដឹកជញ្ជូនតាមច្រកព្រំ លោក លឹម សម្បត្តិ បានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនក្នុងការវាយតម្លៃឲ្យបង់ពន្ធដោយ ចេញវិក្កយបត្រតែប្រមាណ២០ទៅ៣០តោនប៉ុណ្ណោះ គឺលោក លឹម សម្បត្តិ បានឃុបឃិតក្នុងការរៀបចំឯកសារបំបាត់ចំណូលពន្ធតាមបច្ចេកទេស តាមរយៈការក្លែងភេទទំនិញ ការបន្លំច្រកនាំចូល ក៏ដូចជាការបំបាត់បរិមាណទំនិញជាដើម។
ពាក់ព័ន្ឋទីនិងប្រភពដែលថា មានមន្ត្រីគយតូចតាច ឬមន្ត្រីគយពាក់ស័គ្គស៣៣នាក់បានប្តឹងទៅកាន់ថ្នាក់លើនោះប្រធានការិយាល័យគយនិងរដ្ឋករច្រកព្រំលោកលឹម សម្បត្តិកាលពីថ្ងៃសុក្រទី១២ធ្នូកន្លងទៅនេះ ភ្នំពេញដេលី មិនអាចសុំការបភ្លឺបានទេដោយលោកប្រាប់ថា កំពុងជាប់រវល់ប្រជុំ។ ដោយឡែកប្រធានសាខាគយនិងរដ្ឋករខេត្តប៉ៃលិន លោកអ៊ុក វណ្ណច័ន្ទ កាលពីថ្ងៃសៅរ៏ទី១៤ធ្នូនេះបានប្រាប់ តាមទូរស័ទ្ទដោយបញ្ជាក់ថា បញ្ហានេះលោកបានសាកសួរទៅមន្ត្រីរបស់លោកនៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃសុក្ររួចហើយ ប៉ុន្តែមន្ត្រីទាំងនោះសុទ្ឋតែបានអះអាងដូចៗគ្នាថាគ្មានការប្តឹងផ្តល់ស្អីនោះទេ។
លោកអ៊ុក វណ្ណច័ន្ទក៏បានបញ្ជាក់ផងដែរថា ចំពោះសកម្មភាពដឹកជញ្ជួញឈើក្រញ៉ូងឆ្លងកាត់ច្រកព្រំនោះក៏គ្មានដែរ មិនដឹងថា តើប្រភពព័ត៌មាននេះចេញពីខាងណានោះឡើយ។ បើទោះបីជាមានការលើកឡើងពីសំណាក់លោកប្រធានសាខាគយនិងរដ្ឋករខេត្ត ប៉ៃលិនខាងលើនេះក៏ពិតមែន ប៉ុន្តែសំរាប់ប្រជាពលរដ្ឋក៏ដូចជា មន្ត្រីរាជការនៅខេត្តប៉ៃលិនបាននាំគ្នារិះគន់ថា រឿងហេតុដែលកើតឡើងខាងលើនេះអាចបណ្តាលមកពីមេៗ ស៊ីដាច់អត់ចេះចែករំលែកឲ្យកូនចៅបានរស់បើមិនដូច្នេះប្រហែលជាស្ងាត់ដូចចោរលួចសេះបាត់ទៅហើយ។
ករណីនេះបានធ្វើឲ្យមជ្ឃដ្ឋានជាច្រើនបាននាំគ្នារងចាំអ៊ុតមើលថា តើចំណាត់ការរបស់ថ្នាក់លើ ជាពិសេសអង្គភាពប្រឆាំអំពើពុករលួយ ដែលមានតួនាទីក្នុងការប្រយុទ្ឋប្រឆាំងទៅនិងអំពើពុករលួយក្នុងសង្គម និងមានចំណាត់ការបែបណា ចំពោះលោក អ៊ុក វណ្ណច័ន្ទ និងលោកលឹម សម្បត្តិ ដែលហ៊ានប្រព្រឹត្តអំពើពុករលួយកេញប្រវាញ់ចំនូលពន្ឋរដ្ឋ សំរាប់យកទៅចែកគ្នាធ្វើមានបានមិនគិតពីផលប្រយោជន៏ជាតិ រហូតធ្វើឲ្យមន្ត្រីខ្លួននាំគ្នាប្តឹងទៅកាន់ថ្នាក់លើយ៉ាងអម៉ាស បែបនេះ៕