ត្បូងឃ្មុំ៖ ស្របពេលដែលមានភ្លៀងធ្លាក់ចំនួន៣ថ្ងៃផ្ទួនៗផងនោះ តំបន់វាលទំនាបជាច្រើនកន្លែងត្រូវទឹកលេច ហើយកន្លែងខ្លះ ពិសេសចំណុចតំបន់ត្រពាំងខ្ចង មានពលរដ្ឋមួយចំនួនបានចាក់ដីលុបមាត់ត្រពាំង យកធ្វើជាកម្មសិទ្ធិ ស្ទើរបិទមុខទឹក បណ្តាលឲ្យទឹកហូរមិនទាន់ ចាល់លិចផលដំណាំកសិកម្ម រហូតដល់ប្រជាពលរដ្ឋជាច្រើនមកតវ៉ា សូមឲ្យខាងអាជ្ញាធរស្រុកជួយដោះស្រាយ ហើយលោក អភិបាលស្រុកសម្រេច បញ្ជាគ្រឿងចក្រ កាយបើកមុខទឹកជូនប្រជាពលរដ្ឋ ទាំង២ឃុំ គឺឃុំវាលម្លូរ និងឃុំកោងកាង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤នេះ ។
លោក ឡុង ធាម អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា បន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិត្រពាំងខ្ចង និងភូមិឡ ក្នុងឃុំកោងកាង សូមឲ្យខាងអាជ្ញាធរស្រុកជួយដោះស្រាយ កាយបើកមុខទឹកឲ្យបានធំ ដើម្បីរំដោះទឹកកុំឲ្យលិចដំណាំ និងផ្ទះរបស់ពួកគាត់ ។ លោកដឹកនាំកម្លាំង មានកម្លាំងប៉ូលីសស្រុក កងរាជអាវុធហត្ថស្រុក ការិយាល័យធនធានទឹកស្រុក អាជ្ញាធរឃុំវាលម្លូរ និងឃុំកោងកាង ចុះត្រួតពិនិត្យតំបន់ត្រពាំងខ្ចង រហូតមានការដោះស្រាយ ដោយសម្រេចដាក់គ្រឿងចក្រ កាយដីមាត់ត្រពាំងខ្ចង របស់ម្ចាស់ឈ្មោះ ដឹប កេង ដើម្បីបើកមុខទឹកឲ្យធំ ងាយស្រួលក្នុងការបង្ហូរទឹក ។
លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា តំបន់ត្រពាំងខ្ចង ស្ថិតនៅក្នុងឃុំវាលម្លូរ ហើយគ្រឿងចក្រកាយពង្រីកផ្លូវទឹកទាំងសងខាង ឃុំកោងកាងក៏កាយដែរ គឺកាយស្តារប្រឡាយចាស់កន្លែងដែលរួមតូចឲ្យធំទូលាយ ទើបទឹកហូរស្រួល ធ្វើយ៉ាងនេះគឺជាប្រយោជន៍ប្រជាពលរដ្ឋទាំង២ឃុំ ។ ហើយខាងប្រជាពលរដ្ឋក៏មានការអបអរសាទរ នឹងចំណាត់ការនេះដែរ ពួកគាត់ចង់រក្សាទុកតំបន់ត្រពាំងខ្ចង ជាត្រពាំងសមូហភាព អាចអាស្រ័យផលនៅតំបន់នេះរៀងរហូតដល់ពួកគាត់ ៕




































