រដ្ឋមន្រ្តីក្រសួងកសិកម្ម  ចាត់ទុកខេត្តព្រះវិហារ គឺជាខេត្តដែលមានសក្តានុពល ផ្នែកកសិកម្ម 

ខេត្តព្រះវិហារ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន មានប្រសាសន៍បែបនេះ នៅក្នុងពេលដែល លោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធទិវាពិភពលោក ប្រយុទ្ធប្រឆាំងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត នៅថ្ងៃទី៣០ មិថុនាឆ្នាំ២០២០ ក្រោមប្រធានបទ “ ការផលិត និងការប្រើប្រាស់ស្បៀងអាហារ ចំណីសត្វ និងសសៃអំបោះ ប្រកបដោយនិរន្តរភាព “ ស្ថិតនៅភូមិកំពត ឃុំរហ័ស ស្រុករៀង ខេត្តព្រះវិហារ។
នៅក្នុងការប្រារព្ធទិវានេះទៀត ក៏មានការអញ្ជើញចូលរួមពី គណៈប្រតិភូជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ផងដែរ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានថ្លែងថា ប្រជាពលរដ្ឋនៅក្នុងខេត្ត ប្រមាណជា ៨៥ភាគរយ បានប្រកបរបរកសិកម្ម ដែលក្នុងឆ្នាំ២០១៩កន្លងទៅ ការបង្ករបង្កើនផលរដូវវស្សា លើផ្ទៃដីប្រមាណជាង ៩ម៉ឺនហិកតា ដោយទទួលបានផលជាង ២៦ម៉ឺនតោន ។ លោកបានបន្តថា បើគិតត្រឹមដើមឆ្នាំ២០២០នេះ ការប្រមូលផលស្រូវសរីរាង្គ ដែលក្រុមហ៊ុនប្រមូលទិញ ពីប្រជាសហគមន៍ នៅក្នុងខេត្តព្រះវិហារ គឺមានចំនួនជិត ២ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ការចូលរួមយ៉ាងសកម្ម ក្នុងការផលិតស្បៀង បង្កើនបរិមាណ និងគុណភាព ធានាឲ្យបាន នូវការផ្គត់ផ្គង់ក្នុងមូលដ្ឋានរបស់ខេត្ត តាមរយះការធ្វើពិពិធកម្មកសិកម្ម « ការធ្វើពិព័ណ៌កសិកម្ម » ការបង្កើនផលិតភាពផលិតកម្ម លើផ្ទៃដីដែលមានស្រាប់ ដោយគិតគូយកចិត្តទុកដាក់ការពារ ថែរក្សា និងបង្កើនគុណភាពដី ឲ្យបានសមស្របតាមប្រភេទដំណាំ និងរដូវដាំដុះ ធ្វើយ៉ាងណាសម្របទៅនឹងការប្រែប្រួលអាកាសធាតុ និងចំនួនប្រជាពលរដ្ឋ ដែលមានការកើនឡើងជាលំដាប់។ លោកអភិបាលខេត្ត បានប្តេជ្ញា ចាត់វិធានការ បន្តរយកចិត្តទុកដាក់ និងណែនាំ ដល់ប្រជាកសិករទាំងអស់ ក្នុងការប្រកបរបរកសិកម្ម ឲ្យទទួលបានបច្ចេកទេសត្រឹមត្រូវ និងព្រមានចាត់វិធានការ ចំពោះជនណា ដែលកាប់ទន្រ្ទានរុករានដីព្រៃរដ្ឋ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលខេត្តព្រះវិហារ និងភាគីពាក់ព័ន្ធ ដែលបានរួមសហការគ្នាជាមួយ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណង ចូលរួមប្រយុទ្ធប្រឆាំង នឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត នៅក្នុងឆ្នាំ២០២០នេះ។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ខេត្តព្រះវិហារ គឺជាខេត្តមួយ ដែលមានសក្តានុពលធំធេង ផ្នែកកសិកម្ម និងក៏ជាខេត្តគោលដៅ ក្នុងការផលិតដំណាំសរីរាង្គ ដូចជា ដំឡូងមី និងស្រូវសរីរាង្គ ដែលបានបញ្ជាទិញ នាំចេញទៅកាន់ទីផ្សារប្រទេសជិតខាង និងទីផ្សារប្រទេសអ៊ឺរ៉ុបបានយ៉ាងច្រើន នៅក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លោករដ្ឋមន្ត្រី វេង សាខុន បានជម្រុញមន្ទីរកសិកកម្ម ក៏ដូចមន្ទីរជំនាញពាក់ព័ន្ធ និងប្រជាកសិករក្នុងខេត្ត ត្រូវបន្តរយកចិត្តទុកដាក់ ក្នុងការប្រើប្រាស់ដី ប្រើប្រាស់ជី និងថ្នាំកសិកម្ម ឲ្យបានត្រឹមត្រូវទៅតាមលក្ខណះបច្ចេកទេស។ លោករដ្ឋមន្ត្រី បានអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តរួមគ្នាទប់ស្កាត់ ការកាប់រុករានទន្រ្ទានដីព្រៃខុសច្បាប់ ធ្វើជាកម្មសិទ្ធិ និងចូលរួមស្តារឡើងវិញ នូវធនធានព្រៃឈើ ហើយត្រូវថែរក្សាព្រៃឈើ ដែលនៅសេសសល់ឲ្យបានគង់វង្ស ប្រកបដោយនិរន្តរភាព ។
ស្របពេលជាមួយគ្នានោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ រួមជាមួយអាជ្ញាធរខេត្ត បានអញ្ជើញដាំកូនឈើ ប្រភេទធ្នង់ ២ដើម ទុកជានិមិត្តរូប ព្រមទាំងបានចែកជូនប្រជាពលរដ្ឋ ៣០០គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន គ្រាប់ស្រូវពូជ ១បេ មានទម្ងន់ ២៥គីឡូក្រាម , កូនឈើធ្នង់ ១ដើម និងថវិកា ២ម៉ឺនរៀល ថែមទៀត។
សូមជម្រាបថា ទិវាពិភពលោក ប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម « ការធ្លាក់ចុះគុណភាពដី » តែងបានធ្វើជាសាកល ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥ ជារៀងរហូតមក ក្នុងគោលបំណង បង្កើនចំណាប់អារម្មណ៍របស់មនុស្សជាតិ ពីមូលហេតុចំបង ដែលបង្កឲ្យមានបញ្ហាធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត ព្រមទាំងផលវិបាកផ្សេងៗ ដែលជះឥទ្ធិពលមកលើជីវិតសត្វលោក នៅលើភពផែនដី និងជីវភាពរបស់កសិករនៅតំបន់ជនបទ ដែលពឹងអាស្រ័យលើការងារកសិកម្ម៕