ខេត្តកំពង់ធំៈ ពីធីប្រជុំបូកសរុបលទ្ធផលការងារ ដែលត្រូវបានអនុវត្តន៍ ឆមាសទី១កន្លងមក និងត្រូវបាន លើកទិសដៅការងារ ដើម្បីអនុវត្តន៍បន្តនៅឆមាសទី២ ក្នុងឆ្នាំ២០១៤ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុន គឹមថៃ មេបញ្ជាការងយោធភូមិភាគទី៤ និង
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងមេបញ្ជាការង នាយ និងពលទាហាន ចូលរួម ១២០នាក់ នៅព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៤ ។
លោក វរៈសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ បានអានរបាយការស្តីពី តំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានចាត់តាំងអនុវត្តន៍ការងារយោធា ដែលបានអនុវត្តន៍ សាងសង់អាគារ សកម្មភាពហ្វឹកហ្វឺន និងការចូល រួមជាមួយអាជ្ញាធរខេត្តកំពង់ធំ និងសមត្ថកិច្ចជំនាញ ក្នុងការទប់ស្កាត់រាល់បទល្មើសផ្សេៗ និងបានលើកទិស ដៅអនុវត្តន៍ការងារបន្តនៅឆ្នាំ ២០១៤ ។
បន្ទាប់ពីមេបញ្ជាការតាមអង្គភាព ចំនួន៣ស្រុក បានឡើងអានពីរបាយការអនុវត្តន៍ការងារ និងកិច្ចការ កសាងអង្គភាព ដាំដំណាំ ចិញ្ចឹមសត្វ និងចូលរួមសហការបង្ក្រាបបទល្មើសជាមួយសមត្ថកិច្ចជំនាញរួចមក ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឯកភាពទៅលើ សកម្មភាពអនុវត្តន៍ ភាពរីកចំរើនក្នុងអង្គភាពប្រចាំស្រុកនិងបានកោតសរសើរដែលអង្គភាពនីមួយៗ យកចិត្តទុកដាក់អនុវត្តន៍តាមផែនការ ក្នុងនោះដែរឯកឧត្តម បានសំណូមពរ ឲ្យតាមមូលដ្ឋាន ទាំងអស់ ពង្រឹងឡើងវិញ នូវការអនុវត្តន៍ គោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ទាំង៩ចំនុច និងចូលរួម យ៉ាងសកម្មសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងកំលាំងសមត្ថកិច្ចជំនាញ ដើម្បីចូលរួមបង្ក្រាបបទល្មើស ផ្សេងៗ ដូចជាការចូលរួមបង្ក្រាបបទល្មើសព្រៃឈើ និងការចូលរួមបង្ក្រាបបទល្មើសជលផល ព្រមទាំងទប់ ស្កាត់រាលបទល្មើសការជួញដូរគ្រឿងញៀន ចោរលួចចោរប្លន់ សហការក្នុងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឯកឧត្តម បានសង្កត់ធ្ងន់ទៅលើ ការគោរពនូវវិន័យ និងសេចក្តីថ្លៃថ្នូរ ជាកងកម្លាំង ប្រដាប់អាវុធ ហាមមិនឲ្យមានការឃុបឃិតចូលរួម ប្រព្រឹត្តបទល្មើស សម្រាប់ផែនការបន្តតំបន់សឹករងកំពង់ធំ ខិតខំប្រឹងប្រែងជម្រុញឲ្យតាមអង្គភាពបណ្តាស្រុក ឲ្យមានការសាងសង់អាគារ សាលប្រជុំ ឃ្លាំងសម្រាប់ទុកសម្ភារៈ និងការងារបង្ករបង្កើនផល ចិញ្ចឹមសត្វ ដាំដំណាំសម្រាប់ដោះស្រាយនៅក្នុង អង្គភាព ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុន គឹមថៃ មេបញ្ជាការងយោធភូមិភាគទី៤ បានកោតសរសើរនិងវាយតំលៃខ្ពស់ ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន និងនាយរង ព្រមទាំងពលទាហានទាំងអស់ បានខិតខំប្រឹងប្រែងអនុវត្តន៍ការងារយោធា ក្នុងឆមាសទី១ ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលគួរឲ្យពេញចិត្ត ជាពិសេសគឺបានអនុវត្តន៍ការងារយោធាតាមផែនការរបស់ យោធភូមិភាគទី៤ក៏ដូចជាប្រសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឳកាសនោះឯកឧត្តម ស៊ុន គឹមថៃ បានជួយឧបត្ថម្ភថវិកាសម្រាប់ទិញ ស៊ីម៉ងត៍ចំនួន៥តោន ទុកសាងសង់អាគារសាលប្រជុំវរៈសេនាតូចលេខ១ ។







































