អាជ្ញាធរខេត្តសៀមរាបរៀបចំពីធីទិវាជាតិនៃការចងចាំ២០ឧសភាក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

0

សៀមរាប: នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ នៅវត្តទេពពោធិ៍វង្ស (ហៅវត្តថ្មីឬវត្តក្បាលខ្មោច) បានរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភា ២០២៥ និងមានពិធីរាបបាត្រព្រះសង្ឃ ក្រោមវត្តមាន និមន្ត និងអញ្ជើញចូលរួមជាព្រះគណៈអធិបតី និងអធិបតីពីសំណាក់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម (សិរីសុវណ្ណោ) គណៈមហានិកាយ ឧត្តមទីប្រឹក្សា គណៈ សង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា ឯកឧត្តម អ៊ាន ឃុន ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលពីសំណាក់ព្រះមេគណទាំងពីរគណៈ មន្រ្តីសង្ឃខេត្ត ឯកឧត្ត លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ សិស្សានុសិស្ស គរុសិស្ស យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម យាយជី តាជី បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ក្នុងទិវាជាតិនៃការចងចាំនាឱកាសនោះបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ អាជ្ញាធរខេត្តតែងតែប្រារព្ធទិវាជាតិនៃការចងចាំ ដើម្បីបង្ហាញការសោកស្តាយ នឹករលឹកនិងឧទ្ទិសដល់វិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ដែលបានសម្លាប់យ៉ាងឃោឃៅ ដោយរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ជាការចងចាំមិន អាចបំភ្លេចបាន។ ឯកឧត្តមបានបន្តថា កានិមន្ត អញ្ជើញចូលរួមរបស់ព្រះសង្ឃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនាឱកាសនេះ ជាការបង្ហាញឲ្យឃើញអំពីសមានចិត្តសោកស្តាយ នឹករលឹក ចំពោះប្រជាជនកម្ពុជាគ្រប់រូប ដែលបានសម្លាប់ដោយរបបខ្មៅងងឹតនេះ ។ យើងទាំងអស់គ្នាបានដឹងហើយថា រយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ ក្នុងរបប ប៉ុល ពត បានធ្វើឲ្យមាតុភូមិកម្ពុជា ទទួលរងគ្រោះយ៉ាងអាណោចអធ័មយ៉ាងខ្លាំងក្លាបំផុត ប្រជាជនគ្មានកំហុសត្រូវធ្វើទារុណកម្ម និងសម្លាប់រង្គាល ។ ជាវត្ថុតាងស្រាប់ដែលយើងបានឃើញអធិធាតុតម្កល់ទុកនៅទីវត្តទេពពោធិ៍វង្សស្រាប់ ដោយទង្វើទាំងនេះបានដក់ជាប់ក្នុងចិត្តប្រជាជនកម្ពុជាគ្រប់គ្នាមិនអាចបំភ្លេចបាន។ ឯកឧត្តមបន្តទៀតថា ដោយមើលឃើញការដឹកនាំបែបផ្តាច់ការនៃរបប ប៉ុល ពត នេះ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្រ្គោះជាតិត្រូវបានបង្កើតឡើង រណសិរ្យសាមគ្គីកសាងការពារមាតុភូមិកម្ពុជា នាបច្ចុប្បន្នជាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចទាំង៣ បានប្រមូលផ្តុំកម្លាំងអ្នកស្នេហាជាតិ ក្រោកឈរតស៊ូរំដោះជាតិមាតុ ភូមិ រហូតទទួលបានជ័យជន្នះត្រចះត្រចង់នាថ្ងៃទី៧ មករា ១៩៧៩ និងមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ ធ្វើឲ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងពេញលេញ និង ធ្វើឲ្យស្មារតីនៃទិវាជាតិនៃការចងចាំ ២០ឧសភានេះ ក្លាយជាការអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ឲ្យទទួលបានជោគជ័យ ៕