កម្លាំង​សមត្ថកិច្ច​រាជ​អាវុធ​ខេត្ត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​

0

​ដើម្បី​អនុវត្តឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព នូវ​បទបញ្ជា​លេខ​០១​បប របស់​រាជរដ្ឋាភិបាល​កម្ពុជា និង ដោយ​ការយកចិត្តទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​របស់ ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង លោក​ឧត្តមសេនីយ៌ត្រី ម៉ន សាម៉ុន

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀម​ផង​នោះ   នៅ​ពេល​រាត្រី​ថ្ងៃទី​១៦​និង​១៧ ខែ​សីហា ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ក្រោម​ការសម្របសម្រួល​ដឹកនាំ​ដោយ​លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​សៀមរាប​លោក​វរ​សេ​នីយ៌ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌ បាន​បញ្ជា​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ធ្វើ​ប្រតិបត្តិការ  បង្ក្រាប​បទល្មើស​នេសាទ នៅ​រដូវ​បិទ​នេសាទ នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ តំបន់​មាត់​ខ្លា ក្នុង ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង ខេត្តសៀមរាប ក្នុង​នោះ​ដោយ​បាន​ប្រើប្រាស់​នូវ​មធ្យោបាយ ជា​កាណូត​ចំនួន  ០៣​គ្រឿង កម្លាំង​១៥​នាក់ ។​
​ក្នុង​សកម្មភាព​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​យើង បាន​ធ្វើ​ការបង្ក្រាប នូវ​ឧបករណ៍​ឆ្នុក ដែល​ប្រជា​នេសាទ​បាន​ប្រើប្រាស់​នូវ​អំពូល​ភ្លើង​ព័ណ៌​ដើម្បី​ទាក់ទាញ​ត្រី​គ្រប់​ប្រភេទ ទាំង​តូច​ទាំង​ធំ ហើយ​ដែល​ជា​ឧបករណ៍​ត្រូវ​រដ្ឋ​បាន​ហាមឃាត់ ដែល​ធ្វើឲ្យ​ភ្លឺ​ពេញ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ប្រៀប​បានជា​ទីក្រុង​ទៅហើយ នៅ​តំបន់​មាត់​ខ្លា ។ នៅក្នុង​រាត្រី​ថ្ងៃទី​១៦ ខែ​សីហា នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើ​ការបំផ្លាញ​នូវ​ឧបករណ៍ ឆ្នុក ចំនួន​១៦​ឆ្នុក នឹង ដកហូត​បាន​នូវ អាគុយ ចំនួន ០៨​គ្រឿង​អំពូល​ភ្លើង​ម៉ែត្រ​ព័ណ៌ ចំនួន​១៦​ដើម កាណូត​សម្រាប់ធ្វើ​សកម្មភាព​បទល្មើស ចំនួន ០៥​គ្រឿង ព្រមទាំង​បាន​ឃាត់ខ្លួន​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​បាន​ចំនួន​០៧​នាក់​ភេទ​ប្រុស ក្នុងនោះ​មាន​ជនជាតិ​វៀតណាម ០៣​នាក់ និង ជនជាតិខ្មែរ ០៤​នាក់​ដែល​ជា​កម្មករ​នេសាទ​។​
​លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឆ្នាំ​ដដែល​កម្លាំង​សមត្ថកិច្ច​យើង បាន​បន្ត​បេសកកម្ម​របស់​ខ្លួន ក្នុង​ការបង្ក្រាប​បទល្មើស ជលផល នៅក្នុង​តំបន់​មាត់​ខ្លាដ​ដែល​ដោយ​បាន​ធ្វើការ​ចុះ​រុះរើ​បំផ្លាញ​នូវ​ឧបករណ៍ បរ នឹង​បាន​ដកហូត​យក​នូវ​ក្បាល បរ បាន​ចំនួន ០៨​មាត់​និង​បាន​ប្រលែង​កូន​ត្រី​គ្រប់​ប្រភេទ​ចូលទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ ប្រមាណ ៥០០​គីឡូក្រាម ព្រមទាំង​បាន​ធ្វើ​ការឃាត់ខ្លួន​ម្ចាស់​បរ បាន​០១​នាក់ ភេទ​ប្រុស ជា​ជនជាតិ​ខ្មែរ និង កាណូត​ដែល​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​បាន​០១​គ្រឿង​ផង​ដែរ ។​
​ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ក៏​បាន​នាំ​យក​ជនល្មើស​ទាំង​៨​នាក់ និង ឧបករណ៍ សម្ភារៈ​ដែល​ជា​វត្ថុតាង​មាន​កាណូត មាត់​បរ និង​សា​ច់មង ទៅ​ប្រគល់ជូន​ដល់​កម្លាំង​សមត្ថកិច្ច​រដ្ឋបាល​ជល​ផល សង្កាត់ កំពង់​ឃ្លាំង មាន​នីតិវិធី​បន្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​បន្ត​ទៅ​តាម នីតិវិធី​ច្បាប់​បន្ត​។​
​សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១២​ខែ​សីហា នេះដែរ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ក៏បាន ចុះ​ធ្វើ​ការបង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​មេ​ជ្រៃ ក្នុង​ភូមិសាស្ត្រ​ឃុំ​កែវ​ព័ណ៌ ស្រុក​ពួក ខេត្តសៀមរាប ដោយបាន ដក ហូត​នូវ ក្បាល​បរ​ចំនួន ០៥​មាត់​សា​ច់មង ប្រវែង ៥០០​ម៉ែត្រ​ផង​ដែរ​។​ដូច្នេះ​រាល់​សកម្មភាព​ការបង្ក្រាប់​បទល្មើស​នេសាទ​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​អនុវត្ត​ដូច​ភ្លៀងរលឹម ក្នុង​ការថែរក្សា អភិរក្ស​នូវ​ធនធាន​ពូជ​មច្ឆា​ជាតិ​នៅ បឹង​ទន្លេសាប ឲ្យមាន​ការកើនឡើង ដើម្បី​បំពេញ​នូវ​តម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​។​
​ម្យ៉ាងទៀត​នៅ​ពេល​កន្លងមក រដ្ឋបាល​ជលផល​ក៏​បាន​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ នៅតាម បណ្តា​ខេត្ត​ជាប់​បឹង​ទន្លេសាប ហាក់បីដូច​គ្មាន​ប្រសិទ្ធភាព​។​ដូច្នេះ​សូមឲ្យ​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក នាយកដ្ឋាន​រដ្ឋបាល​ជ​ល​ផល សូម​ជួយ​ពិនិត្យមើល​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ដែល​មាន​ការឃុបឃិត​ជាមួយ​ជនល្មើស ដើម្បី​បម្រើ​នូវ​ផលប្រយោជន៍​របស់​ខ្លួន​ទៀតផង ៕ 

1