ខេត្តកំពង់ចាម ៖ ឡានដឹកប្រេងក្រុមហ៊ុនឈន ថារី បានបើកបុករះបណ្តាលឲ្យស្លាប់កុមារីម្នាក់អាយុ២ឆ្នាំនៅនឹងន្លែងកើតហេតុ និងបុរសម្នាក់ទៀតបានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ ព្រមទាំងរងរបួសធ្ងន់ស្រាល៥នាក់ទៀត ឆេះខូចខាតម៉ូតូ៩គ្រឿង រួមនឹងម៉ូតូរ៉ឺម៉កកង៣មួយគ្រឿង កង់២គ្រឿង រថយន្ត២គ្រឿង និងសំយាបផ្ទះប្រជាពលរដ្ឋដែលនៅជាប់ផ្លូវត្រូវឆាបឆេះសំណាងល្អបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តមកជួយពន្លត់ទាន់ ដោយសារតែការធ្វេសប្រហែសនិងគ្មានការប្រុងប្រយ័ត្នរបស់អ្នកបើកបរក្រុមហ៊ុនឈន ថារីខាងលើនេះ។
គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់ និងមិនធ្លាប់មាននេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៧ រង្វង់មូលគល់ស្ពាន់គីសូណាក្នុងភូមិទី៤ សង្កាត់វាល់វង់ ក្រុង-ខេត្តកំពង់ចាម ។ កុមារាដែលស្លាប់មានឈ្មោះ ឈឿន វិបុល អាយុ២ឆ្នាំ រស់នៅភូមិទន្លេបិទ សង្កាត់វាលវង់ ក្រុងកំពង់ចាម និងអ្នករងរបួសធ្ងន់ស្រាលទាំង៧នាក់មានឈ្មោះ ទី១. ដានី ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិដូនម៉ៅក្រោម សង្កាត់វាលវង់, ទី២.គឿង តឹក ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃគរ ឃុំដំរីធំ ខេត្តក្រចេះទី៣.ឈឿន សុផាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្នាយ សង្កាត់វាលវង់ទី៤.ឌឹម វឌ្ឍនា ភេទប្រុស អាយុ៣ឆ្នាំ រស់ភូមិទី២ សង្កាត់វាលវង់ ទី៥.ហឿន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅឃុំទូលសុភី ស្រុកអូររាំងឳទី៦.ស្រីកា ភេទស្រី រស់នៅភូមិទន្លេបិទ។
ចំណែកម៉ូតូខូចខាតនិងឆេះដោយសារគ្រោះថ្នាក់ខាងលើមាន ម៉ូតូម៉ាកវ៉េវ៤គ្រឿង ។ សមត្ថកិច្ចនគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរខាងលើនេះកើតឡើងដោយសាររថយន្តដឹកប្រេងរបស់ក្រុមហ៊ុនឈន ថារី បានបើកបោះពួយយ៉ាងលឿនចុះពីស្ពានគីហ្សូណា លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តជ្រុលចង្កូតទៅបុករះបណ្តាលឲ្យកុមារម្នាក់ស្លាប់ និងមនុស្ស៦នាក់ទៀតបានរងរបួសធ្ងន់ស្រាល តាមការ ស៊ើបអង្កេតនិងធ្វើកំណត់ហេតុរបស់មន្ត្រីបច្ចេកទេស នគរបាលខេត្តកំពង់ចាម និងមានការចុះពិនិត្យផ្ទាល់ពីលោកស្នងការខេត្តបានឲ្យដឹង ថា រថយន្តបង្កហេតុខាងលើពុំមានដាច់ហ្វ្រាំង ឬបច្ចេកទេសខាងរថយន្តនោះទេ គឺដោយសារអ្នកបើកបរប្រើល្បឿនលឿនជ្រុល ដែលចុះពីលើស្ពាន ហើយបានបុកម៉ូតូរួចជ្រុលបន្តបុករះទៅលើមនុស្សនិងរថយន្តផ្សេងទៀត ។
អ្នកឃើញហេតុការណ៍បាន រិះគន់ចំៗទៅលើរថយន្តបង្ករបស់ក្រុមហ៊ុនឈន ថារី ថា រថយន្តដឹកប្រេងអ្នកបើកបរហាក់ដូចជាមិនបានចូលរៀនសាលា បើកបរសោះ បែរជាបង្កឲ្យមានគ្រោះថ្នាក់ធំបែបនេះ ហើយរត់គេចយករួចខ្លួនដោយមិនទទួលខុសត្រូវសមត្ថកិច្ចបន្តថា ពេលបុករះហើយរថយន្តបង្កហេតុមិនព្រមឈប់ទេ បានជ្រុលទៅបុកម៉ូតូនិងរថយន្តបណ្តាលឲ្យផ្ទុះឆេះនិងខូចខាតម៉ូតូ៨គ្រឿង និងរថយន្ត២គ្រឿង រួមនឹងរថយន្តបង្កហេតុផងដែរ ពេលឃើញសភាពការណ៍មិនស្រួលអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ទោះបីយ៉ាងណាប្រជាពលរដ្ឋ និងអ្នករងគ្រោះទាំងអស់សំណូមពរឲ្យម្ចាស់ក្រុមហ៊ុនទទួលខុសត្រូវទាំងស្រុងចំពោះគ្រោះថ្នាក់ខាងលើនេះ ៕