ភ្នំពេញ ៖ នារីម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយនិងបុរសម្នាក់រងរបួសស្រាល ខណៈដែលពួកគេជិះម៉ូតូ មួយគ្រឿងម៉ាកឌ្រីមសង់C125 ក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្នក៏វ៉ាក់អឺជាមួយរថយន្តបាឡែនមួយគ្រឿង កំពុងបត់ឆ្លងផ្លូវធ្វើអោយម៉ូតូទៅបុកចំក្បាលរថយន្តផ្នែកខាងឆ្វេងបែកចង្កៀងរថយន្តនិងម៉ូតូអូសជាង១០ម៉ែត្រកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៤ស្ថិតត្រង់ចំណុចច្រកចូលផ្សារទំនើប រតនាប្លាហ្សា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងគេឃើញរថយន្តបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-0945 ដែលបើកបរដោយនារីម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចស្រាប់តែមកដល់ចំណុចកើតហេតុខាងលើរថយន្តនេះបានបត់ឆ្វេងឆ្លងផ្លូវចូលច្រកផ្សារទំនើបរតនាប្លាហ្សា បានពាក់កណ្ដាលផ្លូវស្រាប់មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់C125
គ្មានស្លាកលេខ ជិះគ្នា២នាក់បុរសម្នាក់និងនារីម្នាក់ ក៏ជិះយ៉ាងលឿនធ្វើដំណើរតាមបណ្ដោផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក៏បណ្ដាលអោយម៉ូតូមកបុកចំក្បាលរថយន្តផ្នែកខាងឆ្វេងបែកចង្កៀងហើយម៉ូតូ និងមនុស្សអូសជាង១០ម៉ែត្រធ្វើនារីដែលជិះម៉ូតូរងរបួសធ្ងន់និងបុរសដែលអ្នកបើកបរគ្រាន់តែរងរបួសស្រាល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចចរាចរនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានចុះវាស់វែងយករថយន្តនិងម៉ូតូខាងលើទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕