ភ្នំពេញ ៖ រថយន្តកុងតឺន័រ ពណ៌ស ១គ្រឿងបើកលឿនមកដល់ចំណុចផ្លូវកែងក៏បានជ្រុលទៅបុករថយន្តកាមរីឆ្លាម ពណ៌ខ្មៅ ១គ្រឿងរបស់មន្ត្រីយោធាម្នាក់បណ្តាលឲ្យខូចខាតក្រពឺតមួយចំហៀងខាងស្តាំរួចតៃកុងរថយន្តកុងតឺន័របានចុះមកទាត់រថយន្តឆ្លាមកើតជាជម្លោះមិនព្រមសងថ្លៃការខូចខាតបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ចចុះមកអន្តរាគមន៍។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង ១០នាទី យប់ថ្ងៃទី២៤ កុម្ភៈ ២០១៤ នៅតាមផ្លូវមុនីរ៉េតកែងផ្លូវវ៉េងស្រេង ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈសូគីម៊ិចស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។បន្ទាប់ពីការចរចាគ្នាមិនត្រូវ រថយន្តទាំង ២គ្រឿងត្រូវសមត្ថកិច្ចធ្វើការវាស់វែងនិងយកទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយបន្ត៕