ខេត្តកំពង់ធំ ៖ ថ្មីៗនេះសាលាខេត្តកំពង់ធំបានធ្វើសំណើរសុំគោលការណ៍ធ្វើការវិនិយោគលើចំណតរថយន្តស្រុកស្ទោងរយៈពេល២០ឆ្នាំ ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសំណើររបស់លោកឈុន ងួនហេង ដែលជាអាជីវក ប្រមូលភាស៊ីចំណតរថយន្តស្រុកស្ទោងបន្តពីឈ្មោះអ៊ាង អាន នាពេលកន្លងមកនោះ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងសំណើរសុំវិនិយោគរបស់លោកឈុន ងួនហេង នៅទីតាំងចំណតរថយន្តស្ទោងនេះគឺមានការឃុបឃិត និងមានការជួយរៀបចំឯកសាររត់ការពីសំណាក់លោកសុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ រួមនិងអនុប្រធានមន្ទីរម្នាក់ឈ្មោះលោកយុ ឆយ ផងដែរ។
បើតាមគោលការណ៍ចំណតរថយន្តស្រុកស្ទោងនេះ និងត្រូវគ្រប់កំណត់រយៈពេល១៥ឆ្នាំនៃការវិនិយោគរបស់លោកអ៊ាង អាន ដែលផ្ទេរសិទ្ធិបន្តឲ្យលោកឈុន ងួនហេង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ខាងមុខដខ្លីនេះ។ ដោយឃើញការវិនិយោគនេះជិតដល់ពេលបញ្ចប់លោកឈុន ងួនហេង បានធ្វើសំណើរសុំការវិនិយោគរយៈពេល២០ឆ្នាំបន្តដែលខុសពីខ្លឹមសារកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ៤៤០០ ស ហ វ.ទរ ចុះថ្ងៃទី០៣ ខែឆ្នូ ឆ្នាំ១៩៩៩ ដែលចុះហត្ថលេខាដោយលោកទេសរដ្ឋមន្ត្រី គាត ឈន់ ដែលបានកំណត់ថា ក្រោយពីការវិនិយោគនេះត្រូវបានបញ្ចប់គឺត្រូវតែដាក់ឲ្យដេញថ្លៃជាសាធារណៈឡើងវិញ។
ហើយដោយការស្នើរសុំការវិនិយោគបន្តពីសំណាក់លោកឈុន ងួនហេង នេះគឺគេអង្កេតឃើញថាមានការចូលរួមឃុបឃិតគ្នាមានលក្ខណៈជាប្រព័ន្ធ ហើយឯកសារស្នើរសុំវិនិយោគនេះត្រូវបានគេរត់ការមកដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយ ទទ្ទឹមគ្នានោះមានព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា ឈ្មោះឈុន ងួនហេង បានត្រៀមចំណាយប្រាក់ចំនួន៦ម៉ឺនដុល្លា ដើម្បីរត់ការយកច្បាប់វិនិយោគនេះឲ្យបានលើដៃរបស់គាត់ក្នុងបំណងស្វែងរកផលចំណេញ និងដើម្បីលាក់បាំងរឿងអាស្រូវដែល
ពួកគាត់បានឃុបឃិតគ្នាលក់ទីតាំងចំណតរថយន្តនៅមុខផ្សារស្ទោង ដែលមានផ្ទៃដីជិត១ហិចតាក្នុងតម្លៃសរុបរាប់សែនដុល្លា ហើយរើចំណតរថយន្តទៅនៅតាមដងផ្លូវសាធារណៈ និងបានធ្វើឲ្យបាត់ចំណតរថយន្តរបស់រដ្ឋគួឲ្យសោកស្តាយ។ សូមបញ្ជាក់ថា សំណើរសុំវិនិយោគរបស់លោកឈុន ងួនហេង រយៈពេល២០ឆ្នាំនោះគឺគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣៤ និងដោយបង់ថវិកាជូនរដ្ឋក្នុងមួយឆ្នាំមិនលើសពី ១៥,៨ លានរៀល នេះបើតាមព័ត៌មានដែលអាចទុកចិត្តបាន ហើយការវិនិយោគនោះលោកឈុន ងួនហេង បានត្រៀមចំណយដើមទន់ ១០០ លានរៀល ដើម្បីជីកអាងដើម្បីចាក់សំរាម និងដាំដើមរំចេកលើខ្នងទំនប់ជុំវិញអាងចំនួន ៤០០ ដើម ដោយអះអាងថា ដើម្បីទាក់យកថង់ប្លាស្ទីចកុំឲ្យខ្យល់កួច។
តាមប្រភពបានឲ្យដឹងថា ចំណតរថយន្តស្រុកស្ទោងនេះគឺបច្ចុបន្បន្ន មានរថយន្តជាច្រើនរត់ពីស្ទោង ទៅសៀមរាប ពីស្ទោងមកភ្នំពេញ និងពីស្ទោងមកទីរួមខេត្តកំពង់ធំ ហើយក្នុងមួយថ្ងៃៗគេបានឃើញរថយន្តបានចូលចត និងចេញចូលខ្ទង់រយរថយន្ត ហើយចំណូលក្នុងមួយថ្ងៃៗអ្នកម៉ៅការភាស៊ីអាចរកចំណូលបានខ្ទង់១ លានរៀល។ ហើយកន្លងមកចំណតនេះគឺពុំមានសៀវភៅបន្ទុកត្រឹមត្រូវដូចបណ្តាចំណតផ្សេងទៀតទេ។
ទទ្ទឹមគ្នានេះការពុំមានសៀវភៅបន្ទុកចែងច្បាស់លាស់ពីតម្លៃភាស៊ីនោះ ជាហេតុធ្វើឲ្យអ្នកប្រមូលភាស៊ីរថយន្តឈ្នួលទាថ្លៃស្រេចតែអំពើចិត្ត និងបង្កើតការក្តៅក្រហាយយ៉ាងខ្លាំងពីក្រុមអ្នកបើករថយន្តឈ្នួល។ ចំណែកផលប្រយោជន៍ដែលបានមករដ្ឋគឺក្នុងមួយឆ្នាំបានប្រាក់ត្រឹមតែ៤,៨ លានរៀល តែប៉ុណ្ណោះ។ ចំពោះការវិនិយោគ១៥ឆ្នាំ កន្លងមកចំណាយដើមទន់ ៩៥,៧ លានរៀល ប៉ុន្តែជាក់ស្តែងគឺគេពុំបានចំណាយថវិកានេះធ្វើអ្វីនោះទេ ផ្ទុយទៅវិញក្រោយពីបានសិទ្ធិវិនិយោគរយៈពេល១៥ឆ្នាំនោះ លោកអ៊ាង អាន និងលោកឈុន ងួនហេង បាននាំគ្នាពុះអង្កន់ដីចំណតរថយន្តទំហំជិត១ហិចតាលក់ឲ្យអាជីវកសាងសង់ផ្ទះល្វែងពេញផ្ទៃចំណត ធ្វើឲ្យបាត់ចំណតនិងយកផ្លូវសាធារណៈធ្វើជាទីតាំងចំណត។