ជនអន្តោប្រវេសន៍៖ សុខចិត្តស្លាប់ មិនព្រមទៅប្រទេសកម្ពូជា នៅថ្ងៃនេះ ជនភៀសខ្លួនដែលរស់នៅលើប្រទេសដែនកោះ Nauru បន្តធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអូស្ត្រាលីជុំវិញការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលីលើការទទួលជនភៀសខ្លួន ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃសុក្រ ទី២៦ ខែកញ្ញា នៅក្នុងរាជធានីភ្នំពេញ។
ក្រុមជនអន្តោប្រវេសន៍ បានសរសេរនៅលើបដាថា «Only our corpse [sic] might go to Cambodia» ដែលមានន័យថា «មានតែសាកសពយើងប៉ុណ្ណោះ ដែលអាចទៅកម្ពុជាបាន»។ ពួកគេបានបរិហារ MOU រវាងរដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជា គឺជាទង្វើអយុត្តិធម៌ និងព្រៃផ្សៃបំផុត។
សារព័ត៌មាន ABC របស់អូស្ត្រាលី បានលើកឡើងពីករណីកុមារីមាន ដែលបាននិយាយថា នាងសុខចិត្តធ្វើអត្តឃាត ជាជាងគេគោរពតាមគោលនយោបាយដ៏កខ្វក់របស់អូស្ត្រាលី។
កាលពីថ្ងៃចន្ទ ក្រុមអ្នកស្វែងរកសិទ្ធិសុំជ្រកកោន និងអតីតអ្នកជាប់ឃុំឃាំង បានសរសេរលិខិតមួយច្បាប់ទៅក្រុមប្រឹក្សាជាន់ខ្ពស់របស់អូស្ត្រាលីប្រចាំប្រទេសដែនកោះ Nauru ដើម្បីទាមទារឲ្យពិចារណាលើការ MOU ដែលចុះហត្ថលេខាដោយលោក Scott Morrison រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែនអូស្ត្រាលី និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។
អ្នកទាំងនោះបានសរសេរថា រដ្ឋាភិបាលអូស្ត្រាលីកំពុងនាំពួកគេទៅដល់ចំណុចមួយដែលពួកគេគិតថា ឈានទៅដល់ចំណុចចុងក្រោយ។ ពួកគេបានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីអាចបញ្ជូនតែសាកសពរបស់ពួកគេប៉ុណ្ណោះមកកាន់ប្រទេសកម្ពុជា។
ជនភៀសខ្លួនជនជាតិអ៊ីរ៉ង់ម្នាក់ឈ្មោះ Rahman បានលើកឡើងប្រាប់ ABC ថា៖ «អ្នកទាំងអស់គ្នានៅទីនេះ ខឹងសម្បារ និងសោកស្តាយខ្លាំងណាស់…យើងមិនចង់ទៅកម្ពុជាឡើយ។ ខ្ញុំគិតថា កម្ពុជាមិនមែនជាកន្លែងសុវត្ថិភាពនោះឡើយ ជាប្រទេសដ៏ក្របំផុតមួយ។ ខ្ញុំមិនយល់ពីភាសាពួកគេ ហើយមានបញ្ហាឧក្រិដ្ឋកម្មច្រើននៅកម្ពុជា»។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ ការមកកាន់កម្ពុជារបស់ជនអន្តោប្រវេសន៍ គឺឈរលើគោលការណ៍ស្ម័គ្រចិត្តតែប៉ុណ្ណោះ ដោយមិនមានការបង្ខិតបង្ខំនោះឡើយ។
សូមបញ្ជាក់ថា Nauru គឺជាប្រទេសដែនកោះដ៏តូចមួយនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៨ និងបន្តចាប់ពីឆ្នាំ២០១២ ប្រទេសនេះបានយល់ព្រមទទួលជំនួយអភិវឌ្ឍន៍ពីរដ្ឋាភិបាលអូស្ត្រាលីប្រមាណ២០លានដុល្លារអូស្ត្រាលី ជាថ្នូរនឹងការសាងសង់មជ្ឈមណ្ឌលឃុំឃាំង «Nauru Detention Centre»។
Nauru Detention Centre ត្រូវបានរដ្ឋាភិបាលអូស្ត្រាលី ដាក់ជាកន្លែងផ្តល់ជម្រកដល់ជនដែលស្វែងរកសិទ្ធិសុំជ្រោកកោននៅក្នុងប្រទេសអូស្ត្រាលី ដែលធ្វើច្រើនធ្វើដំណើរតាមទូក។ កាលពីខែកក្កដា ឆ្នាំ២០១៣ មានការតវ៉ាទ្រង់ទ្រាយធំមួយ ដោយអាគារជាច្រើនត្រូវបានបំផ្លាញ ហើយការខូចខាតត្រូវបានវាយតម្លៃថាអស់ប្រមាណជា៦០លានដុល្លារអូស្ត្រាលី។
យោងតាមតួលេខដែលផ្សាយដោយរដ្ឋាភិបាលអូស្ត្រាលី ជនសុំសិទ្ធិជ្រកកោនដែលត្រូវបានបញ្ជូនទៅ «Nauru Detention Centre» មានចំនួន១១៦២នាក់ ហើយក្នុងចំណោមអ្នកទាំងនោះ នឹងត្រូវបញ្ជូនបន្តមកកាន់កម្ពុជា ប៉ុន្តែដោយឈរតាមគោលការណ៍ស្ម័គ្រចិត្ត៕





































