ខេត្តស្ទឹងត្រែង៖ គណៈគ្រប់គ្រងវិទ្យាល័យព្រះរាជបូជនីយកិច្ច និងវិទ្យាល័យហ៊ុន សែន ស្ទឹងត្រែង រួមទាំងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)ខេត្តស្ទឹងត្រែង បានសហការជាមួយ រដ្ឋបាលក្រុង និងរដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងការរៀបចំបង្កើតព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ដែលមហាសង្ក្រាន្ត នឹងឈានចូលមកដល់ នៅក្នុងថ្ងៃសុក្រ ៩រោច រនោចខែចេត្រ ត្រូវនឹងថ្ងៃ ១៤មេសា២០២៣ វេលាម៉ោង ១៦ រសៀល ទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម។
មនុស្សជាច្រើនរយនាក់ ត្រូវគេឃើញ បានសម្រុកចូលមកកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី នៅក្នុងវិទ្យាល័យព្រះរាជបូជនីយកិច្ច និងវិទ្យាល័យហ៊ុន សែន ស្ទឹងត្រែង ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលសង្ក្រាន្តឆ្នាំថ្មីនេះ នឹងបើកកម្សាន្តសប្បាយនៅថ្ងៃដំបូងបង្អស់ ចាប់ពីថ្ងៃទី៦មេសា រហូតដល់ថ្ងៃ១៦មេសា២០២៣ ដែលជាថ្ងៃបិទបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
គណៈគ្រប់គ្រងសាលាបាននិយាយថា ភ្ញៀវដែលបានចូលមកកម្សាន្តសង្ក្រាន្តឆ្នាំថ្មីនេះ គឺតម្រូវឱ្យទិញសំបុត្រ ដែលដាក់លក់នៅច្រកចូលខាងមុខវិទ្យាល័យ ដោយក្រុមយុវសិស្សរង់ចាំលក់នៅទីនោះ ចំពោះសំបុត្រ ១សន្លឹក លក់ក្នុងតម្លៃ ៣ពាន់រៀល។ ចំណែក ប្រាក់ដែលបានមកពីការលក់សំបុត្រនោះ នឹងយកទៅចំណាយលើថ្លៃសម្ភារ: និងចំណាយផ្សេងៗ សម្រាប់ញ៉ាំងកម្មវិធីសង្រ្កាន្តឆ្នាំថ្មីនេះ ដំណើរការទៅបានដោយរលូន និងសប្បាយរីករាយ។
អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ ដែលជាប្រធាន ស.ស.យ.ក ខេត្តស្ទឹងត្រែង បានថ្លែងឱ្យដឹងថា ចាប់ពីថ្ងៃទី៦មេសា២០២៣ នោះមក មានវិទ្យាល័យចំនួន២ គឺវិទ្យាល័យព្រះរាជបូជនីយកិច្ច និងវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង បានបើកសង្ក្រាន្តមុនគេបង្អស់ ដើម្បីឱ្យប្រជាពលរដ្ឋ បានមកលេងកម្សាន្តសប្បាយ តាមលក្ខណៈប្រពៃណីជាតិ។ លោកថា ក្រុមស.ស.យ.កខេត្ត បានទទួលរៀបចំសង្ក្រាន្តចំនួន៣ទីតាំង គឺ១.នៅវិទ្យាល័យព្រះរាជបូនីយកិច្ច ,២.នៅវិទ្យាល័យហ៊ុន សែន ស្ទឹងត្រែង និង ៣.នៅមាត់ទន្លេ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង សង្ក្រាន្តនេះនឹងធ្វើធំជាងគេបង្អស់ ហើយបើកឲ្យលេងកម្សាន្ត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ចំពោះក្រុមស.ស.យ.ក នៅតាមបណ្តាក្រុង-ស្រុក គឺរៀបចំសង្ក្រាន្តនៅតាមវត្តអារាម ទូទាំងខេត្តស្ទឹងត្រែង ផងដែរ។
លោក ម៉ែន គង់ បានបន្តទៀតថា ចំពោះសង្ក្រាន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង មានដាក់តាំងនូវគ្រឿងសិប្បកម្ម កសិកម្ម ជាច្រើនមុខ និងច្រើនប្រភេទ ដែលជាស្នាដៃរបស់អ្នកខេត្តស្ទឹងត្រែង ផលិតបាន ដើម្បីបង្ហាញភ្ញៀវទេសចរ ដែលមកលេងកម្សាន្តបានដឹង និងបានស្គាត់ពីស្នាដៃអ្នកខេត្តស្ទឹងត្រែង។
មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានរំពឹងទុកថា ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំនេះ នឹងមានភ្ញៀវទេសចរជាច្រើន ចូលមកទស្សនាកម្សាន្ត សប្បាយ ក្នុងខេត្តស្ទឹងត្រែង ព្រោះថា អាជ្ញាធរខេត្ត កន្លងទៅនេះ តែងបានធ្វើការណែនាំ ដល់គ្រប់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងតំបន់ទេសចរណ៍នានា សូមកុំឈ្លាតឱកាសតម្លើងថ្លៃសេវា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ព្រោះត្បិតឆ្នាំនេះ រារដ្ឋាភិបាល បានអនុញ្ញាតិឱ្យប្រជាពលរដ្ឋ ដើរកម្សាន្តសប្បាយដោយសេរី។
លោក ម៉ែន គង់ បានបញ្ជាក់ថា ចំពោះកត្តាសន្តិសុខ សណ្តាប់ធ្នាប់នោះវិញ អាជ្ញាធរខេត្តស្ទឹងត្រែង បានត្រៀមរៀបចំការពារយ៉ាងតឹងរឹងបំផុត ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរ ដែលចូលមកទ្សនាខេត្តស្ទឹងត្រែង។ ហើយលោក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមបើកបរប្រកបដោយការប្រុងប្រយ័ត្ន សូមកុំយកឱកាសជួបជុំនេះ ទៅប្រើប្រាស់ ឬជួញដូរគ្រឿងញៀន ដែលជាអំពើខុសច្បាប់ និងសង្គមជាតិស្អប់ខ្ពើមបំផុតនោះ៕ ដោយ៖ឡុង សំបូរ